បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០១ ឧសភានេះ បានកំណត់ភូមិសាស្រ្តមួយចំនួនក្នុងភូមិចំនួន ២ ទៀត ជាតំបន់ក្រហម ដែលមានការឆ្លងរីករាលនៃជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ។ ភូមិទាំងពីរនេះ មានភូមិបាលិលេយ្យ ១ និងភូមិក្បាលស្ពាន ១ ដែលស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក អ៊ុំ រាត្រី បានកំណត់ចំពោះបុគ្គល ឬនីតិបុគ្គលដែលស្ថិតក្នុងភូមិសាស្ត្រតំបន់ក្រហម ត្រូវអនុវត្តន៍វិធានការរឹតបន្ដឹងមួយចំនួន ក្នុងនោះការរឹតបន្តឹងលើការអនុវត្តតាមវិធានការ ៣ ការពារ ៣ កុំ និងវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកថា៖ «បុគ្គលគ្រប់រូបមិនត្រូវធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងការធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋានផងដែរ»។
បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាម នឹងត្រូវអនុវត្តន៍វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា៖ «បុគ្គលល្មើសនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រា ១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញនៅថ្ងៃនេះ មានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣៥៣ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលព្យាបាលខេត្តបន្ទាយមានជ័យ៕