ប៉ៃលិន៖ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ប៉ែលិន​បាន​ចេញ​លិខិត​អញ្ជើញ​លោក​គ្រូពេទ្យ​ម្នាក់ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ ដោយសារ​តែ​ការ​បង្ហោះ​សារ​ពី​ភាព​អសកម្ម​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ក្នុង​ពេល​បំពេញ​ការងារ​ឲ្យ​ចូលរួម​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដើម្បី​សម្រុះសម្រួល​ពាក់ព័ន្ធ​នឹង​ភារកិច្ច​មុខងារ​សាធារណៈ​នៅ​ថ្នាក់​ក្រោម។

ការ​កោះ​អញ្ជើញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ដោះស្រាយ​សំណុំ​រឿង​នេះ តាម​បញ្ជា​ពី​ក្រសួង​មុខងារ​សាធារណៈ ដែល​ទទួល​ពាក្យ​បណ្តឹង​ពី​លោក ខឹម មុនីកុសល កាល​ពី​ខែ​មីនា។

លិខិត​ដែល​ផ្ញើ​ជូន លោក ខឹម មុនីកុសល ចុះ​ហត្ថលេខា​ដោយ​លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន ចុះថ្ងៃទី ១៣ ឧសភា បាន​ឲ្យ​ដឹង​ថា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ប៉ៃលិន សូម​គោរព​អញ្ជើញ លោក ខឹម មុនីកុសល ដើម្បី​ចូលរួម​ការ​សាកសួរ​ព័ត៌មាន​បន្ថែម ស្តីពី​ការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មុខងារ​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ។

លិខិត​នេះ​បាន​បញ្ជាក់​ថា «ការ​សាកសួរ​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ប្រធាន​គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មុខងារ​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​វេលាម៉ោង ៨ នាទី​ព្រឹក នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​សាលា​ខេត្ត​ប៉ៃលិន»។

កាល​ពី​ថ្ងៃទី ១៩ មីនា លោកស្រី បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន​បាន​ចេញ​លិខិត​បណ្ដេញ​លោក ខឹម មុនីកុសល ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ដោយ​សំអាង​ថា លោក​បាន​ប្រព្រឹត្ត​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ ការ​បណ្តេញ​នេះ ក៏​ព្រោះ​តែ​លោក​បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំ​ការ​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះ​ទេ ហើយ​នាំ​គ្នា​អង្គុយ​លេង​តែ Facebook ក្នុង​តង់ និង​ថត​រូប​បង្អួត​គេ​ឯង​ទៅ​វិញ។

លោក ខឹម មុនីកុសល បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា ការ​ដែល​លោក​បង្ហោះសារ​លើ​ហ្វេសប៊ុក គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញមតិ និង​បង្ហាញ​អារម្មណ៍​ដែល​បាន​ជួប​ប្រទះ ដើម្បី​ស្វែងរ​កដំណោះ​ស្រាយ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា នេះ​គឺ​ជា​លើក ១ ហើយ ដែល​គណៈអភិបាល​ខេត្ត ក្នុង​នាម​គណៈកម្មាធិការ​ថ្មី បាន​កោះហៅ​លោក​ឲ្យ​ចូល​ទៅ​បំភ្លឺ​ចាប់​តាំង​ពី​មាន​ការ​ដក​តំណែង​រូប​លោក​មក។ ដូច្នេះ លោក ខឹម មុនីកុសល រំពឹង​ថា ការ​កោះ​ហៅ​នេះ នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចូល​សម្រុះ​សម្រួល​ហើយ។ គ្រាន់​តែ​ខ្ញុំ មិ​នដឹ​ងថា ពេល​នោះ នឹង​មាន​អ្វី​កើត​ឡើង​នោះ​ទេ​។ ក្តី​រំពឹង​ខ្ញុំ គឺ​ចង់​បាន​ការ​សម្រុះសម្រួល​មួយ ដែល​អាច​ទទួល​បាន​ទាំង​អស់​គ្នា មាន​សុខ​សន្តិភាព​ទាំង​អស់​គ្នា​ទៅ​ថ្ងៃ​មុខ»។

លោក យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​បាន​ថ្លែង​ថា ការ​ដែល​រដ្ឋ​បាលខេត្ត​បាន​សម្រេច​ដក​តំណែង​ លោក ខឹម មុនីកុសល ដោយ​មិន​មាន​ឆ្លង​នីតិវិធី​រដ្ឋបាល​អ្វី​នោះ គឺ​ជា​រឿង​ដែល​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់​រួច​ទៅ​ហើយ ព្រោះ​ការ​សម្រេច​នេះ​បាន​បង្ហាញ​ថា ថ្នាក់​ដឹកនាំ គឺ​ធ្វើ​អ្វី​តាម​តែ​អារម្មណ៍។

លោក​យល់​ថា ការ​កោះ​អញ្ជើញ​លោក ខឹម មុនីកុសល នៅ​ពេល​នេះ ក៏​ដោយសារ​តែ​មាន​ការ​បង្កើត​គណៈកម្មាធិការ​សម្រុះសម្រួល​តាមរយៈ​ការ​បញ្ជា​ពី​ក្រសួង​មុខងារ​សាធារណៈ ដែល​ទាំង​នេះ គឺ​ជា​នីតិវិធី​មួយ​ត្រឹមត្រូវ។

លោក​បញ្ជាក់​ថា៖ «យើង​ស្វាគមន៍! យើង​មិន​ដឹង​ថា ខាង​ភាគី​ណាខុ​ស ភាគី​ណា​ត្រូវ​នោះ​ទេ។ ប៉ុន្តែ​យើង​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត កុំ​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត និង​តាម​អារម្មណ៍​របស់​ខ្លួន។ យើង​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​អ្វី​អនុលោម​ទៅ​តាម​ផ្លូវ​ច្បាប់​កុំ​យក​ការ​យល់​ឃើញ ការ​មិន​សប្បាយ​ចិត្ត ក្នុង​ការ​សម្រេច​បញ្ឈប់​មន្ត្រី​សាធារណៈ​ណា​មួយ​តាម​តែ​អំពើ​ចិត្ត»។

បន្ថែម​ពី​នេះ លោក យិន ម៉េងលី សំណូម​ពរ​ឲ្យ​គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មុខងារ​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ ផ្តល់​យុត្តិធម៌​ដល់​គូភាគី​ និង​ធ្វើ​ការ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​ និង​ច្បាប់​ដែល​មាន​នៅ​កម្ពុជា​ ចំពោះ​ករណី​នេះ​ផង​ដែរ៕

វីដេអូ៖