ប៉ៃលិនៈ អភិបាលខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការរក្សា​សេចក្តី​សម្រេច​ចំពោះ​ការបណ្ដេញ​គ្រូពេទ្យ​ម្នាក់​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ ដោយសារ​ការបង្ហោះ​សារ​ពី​ភាពអសកម្ម ដែល​ខ្លួន​បាន​ជួបប្រទះ​ក្នុង​ពេល​បំពេញការងារ បើទោះបី​ទំនាស់​រវាង​ភាគី​ទាំង​ ២ ​ត្រូវ​បាន​គណៈកម្មាធិការ​សម្រុះសម្រួល​ និង​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្តី​។

កាលពី​ថ្ងៃទី ​២១ ឧសភា គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មុខងារ សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ប្រមូល​ភ័ស្តុតាង និង​សម្របសម្រួល​ករណីនេះ បាន​កោះហៅ​ភាគី​ទាំងសងខាង គឺ​លោកគ្រូ​ពេទ្យ ខឹម មុនីកុសល និង​តំណាង​ខេត្ត​ឲ្យ​បាន​ជួប​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

ការជួបគ្នា​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោក ខឹម មុនីកុសល ដែលជា​គ្រូពេទ្យ​ម្នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ​នោះ ក៏​ត្រូវបាន​គណៈកម្មាធិការ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ភារកិច្ច​មុខងារ​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ កាលពី​ថ្ងៃទី​ ១៨ ឧសភា ម្តង​រួចមកហើយ​ដែរ​។

លោកស្រី​ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ នឹង​កិច្ចការ​មុខងារ​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២៣ ឧសភា ថា​អ្វី​ដែល​រដ្ឋបាលខេត្ត​សម្រេច​រួចហើយ គឺ​មិនអាច​កែប្រែ​បាន​នោះទេ​។ ការអះអាង​ដូច្នេះ គឺ​លោកស្រី​សំដៅ​ទៅលើ​ការសម្រេច​បណ្តេញ​លោក​ ខឹម មុនីកុសល ​ចេញពី​ក្របខ័ណ្ឌ កាលពី​ខែមីនា គឺ​នៅតែ​ទុក​ជា​បានការ ដោយ​មិនមាន​ការផ្លាស់ប្តូរ​។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ចន្ទ​នេះ គណៈកម្មាធិការ​នឹង​ចេញ​សេចក្តី​សម្រេច​មួយ ស្តីពី​លទ្ធផល​នៃ​ការសម្រុះសម្រួល​របស់​គណៈកម្មាធិការ​នេះ​នាពេល​កន្លងមក​។ លោកស្រី​ថែមទាំង​បញ្ជាក់ថា បើ​ក្នុង​ករណី​ដែល​លោក​ ខឹម មុនីកុសល មិន​ពេញ​ចិត្តនឹង​សេចក្តី​សម្រេច គឺ​អាច​ប្តឹងទៅ​ថ្នាក់លើ​បន្តទៀត​បាន​។

លោកស្រី​បញ្ជាក់ថា​៖ «​ធម្មតា​យើង​ទាំងអស់​គ្នា គឺ​សុទ្ធតែ​មាន​វិជ្ជាជីវៈ​ទាំងអស់គ្នា ប៉ុន្តែ​មិនមែន​បាន​ន័យថា យើង​មាន​វិជ្ជាជីវៈ​ហើយ យើង​យកទៅ​អនុវត្ត​ខុស​នឹង​តួនាទី និង​អ្វីដែល​យើង​ជា​មន្ត្រីរាជការ​នោះទេ​។ អ្វីដែល​ខាង​រដ្ឋបាលខេត្ត ឬ​ខាង​គណៈកម្មាធិការ​សម្រេច​ហើយ គឺ​យើង​នឹង​រក្សា​ការសម្រេច​របស់​យើង មិន​មាន​អ្វី​ប្រែប្រួល​ទេ​។ យ៉ាងណា​គាត់​នៅតែមាន​សិទ្ធិ​ប្តឹង​បន្ត​ទៅ​ទៀត ដែល​ការងារ​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​»​។

កាលពី​ថ្ងៃទី​ ២ មេសា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន បាន​បង្កើត​គណៈកម្មាធិការ សម្រុះសម្រួល​ទំនាស់​ពាក់ព័ន្ធ​នឹង​កិច្ចការ​មុខងារសាធារណៈ​ថ្នាក់ក្រោម​ជាតិ តាម​បញ្ជា​របស់​ក្រសួង​មុខងារ​សាធារណៈ ដោយ​មាន​សមាជិក​ ៧ ​រូប​ ដោយ​ក្នុងនោះ​មាន​លោកស្រី បាន ស្រីមុំ ជា​ប្រធាន​។

លោក​ ខឹម មុនីកុសល បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៣ ឧសភាថា បើទោះជា​យ៉ាងណា​លោក​នៅតែមាន​សង្ឃឹម ដោយ​រំពឹង​ថា គណៈកម្មាធិការ​នឹង​សម្រេច​ផ្តល់​តួនាទី ដែល​លោក​បាន​ប្រកបការងារ​អស់​ពេល​ជាច្រើន​ឆ្នាំ​ត្រឡប់​មក​ឱ្យ​លោក​វិញ​។ ការរំពឹង​នេះ​ដោយសារ​លោក​យល់ថា កំហុស​របស់លោក​គឺ​មិន​សមាមាត្រ​ដែល​ឈានដល់​ការបណ្តេញ​លោក​ពី​ក្របខ័ណ្ឌ​រដ្ឋ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​សំណូមពរ​ចង់​ឲ្យ​មាន​ការដោះស្រាយ​តាម​សម្រួល និង​ចប់​ឲ្យ​បាន​ឆាប់ ព្រោះ​ខ្ញុំ​មិន​ចង់​វែងឆ្ងាយ​តទៅ​មុខទៀត​ទេ នាំ​ឲ្យ​មាន​ការរំខាន​ដល់​ថ្នាក់ដឹកនាំ​ដែល​គាត់​កំពុង​មមាញឹក​នឹង​ជំងឺ​កូវីដ​ ១៩​។ លទ្ធផល​ដែល​ខ្ញុំ មិនអាច​ទទួល​បាន ព្រោះ​កំហុស​នេះ​មិន​ដល់​ថ្នាក់​ដេញ​ខ្ញុំ​ចេញពី​ក្របខ័ណ្ឌ​អ៊ីចឹង​ទេ ដោយ​គណៈកម្មាធិការ​គួរតែ​រក​វិធី​ដោះស្រាយ​ផ្សេង​បាន ក្រៅតែ​ពី​ការដេញ​ខ្ញុំ​ចោល​ហ្នឹង​»​។

ទោះយ៉ាងណា​លោក ខឹម មុនីកុសល នៅតែ​ប្រកាន់​ជំហរ​របស់លោក​ក្នុង​ការតវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​ខ្លួន​លោក​ឡើងវិញ​បន្តទៀត បើ​ក្នុងករណី​ដែល​សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​សម្រុះសម្រួល​ទំនាស់​នេះ ធ្វើឱ្យ​លោក​មិនអាច​ទទួល​យក​បាន​នោះ​៕

វីដេអូ៖