The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាលខេត្ត​ប្រាប់​ពលរដ្ឋ​រាយការណ៍​ទៅ​លោក បើ​ឃើញ​បទល្មើស​នេសាទ




អភិបាលខេត្ត​ប្រាប់​ពលរដ្ឋ​រាយការណ៍​ទៅ​លោក បើ​ឃើញ​បទល្មើស​នេសាទ

Content image - Phnom Penh Post
អភិបាលខេត្ត​កំពង់ចាម​ លោក​ អ៊ុន ចាន់ដា ថ្លែងនាពេលកន្លងមក។​ ហុង មិនា

អភិបាលខេត្ត​ប្រាប់​ពលរដ្ឋ​រាយការណ៍​ទៅ​លោក បើ​ឃើញ​បទល្មើស​នេសាទ

កំពង់ចាមៈ អភិបាលខេត្ត​កំពង់ចាម​លោក​ អ៊ុន ចាន់ដា អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ឬ​ទៅ​លោក​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ បើ​បាន​ទទួល​ព័ត៌មាន​ ឬ​ឃើញ​បទល្មើស​នេសាទ​កើតឡើង​ក្នុង​ខេត្ដ​កំពង់ចាម ខណៈ​បច្ចុប្បន្ន​ជា​រដូវ​បិទ​ឡូត៍​នេសាទ​នោះ​។

លោក​អភិបាលខេត្ត​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​សមិទ្ធផល​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​ ២០២០ ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​» ​ពី​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក​ ចាន់ដា ថ្លែងថា ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ដោយសារ​ពេលនេះ​ជា​ពេល​បិទ​រដូវ​នេសាទ ព្រោះ​ជា​រដូវ​ត្រី​ពង​។ ដូច្នេះ​អាជ្ញាធរ​ក៏បាន​ខិតខំ​ដាក់ចេញ​ជា​វិធានការ ដោយ​ប្រើ​កម្លាំង​របស់​រដ្ឋបាល​ជលផល សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ល្បាត​ជាប្រចាំ​។ នេះ​គឺជា​វិធានការ​នៃ​ការបង្ក្រាប​បទល្មើស​នេសាទ​។

លោក​ថា​៖ «​ប៉ុន្ដែ​អ្វី​ដែល​យើង​ចង់​បាន​នោះ​គឺ​ការផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​របស់​យើង​មកវិញ​។ នៅពេល​ទទួល​បាន​ព័ត៌មាន ថា​មាន​បទល្មើស​នេសាទ​នៅ គោលដៅ​ណាមួយ​សូម​រាយការណ៍​ជាបន្ទាន់ មក​ស្នងការ​នគរបាល​ក៏បាន អភិបាលស្រុក​ក៏បាន មក​ខ្ញុំ​ផ្ទាល់​ក៏បាន​។ ព្រោះ​លេខ​ទូរស័ព្ទ​របស់ខ្ញុំ​បាន​បើកទូលាយ​រួច​ហើយ​នេះ​គឺជា​ការចូលរួម​»​។

បើ​តាម​លោក​អភិបាល វិស័យ​កសិកម្ម​នៅតែ​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​កម្រិត​ជីវភាព​ប្រជាជន​ផងដែរ​។ ក្នុង​ខេត្ត​កំពង់ចាម​មាន​ផ្ទៃដី​បម្រើឱ្យ​វិស័យ​កសិកម្ម​ទំហំ​ ២៥៦ ៨៦២ ​ហិកតា​មាន​ប្រជាជន​ប្រមាណ ៦៦% ប្រកបរបរ​កសិកម្ម និង​នាំមក​ចំណូល​ប្រមាណ​ ៣៨% ​ក្នុង​សេដ្ឋកិច្ច​ខេត្ត​។

លោក​បញ្ជាក់ថា​៖ «​គោលជំហរ​របស់​យើង​ក្នុង​ការរក្សា​នូវ​ធនធាន​ធម្មជាតិ​នេះ គឺ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា មិនអាច​សមត្ថកិច្ច​មួយផ្នែក​ធ្វើ​ទៅ​បាន​ជោគជ័យ​ទេ​។ គឺ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការផ្ដល់ព័ត៌មាន​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​អាច​ឱ្យ​អាជ្ញាធរ​ប្រើប្រាស់​នូវ​កម្លាំង​ក្នុង​ការទប់ស្កាត់ និង​ការពារ​ធនធាន​ធម្មជាតិ​»​។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ដ​កំពង់ចាម​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ​បាន​ឱ្យ​ដឹងថា​ក្នុង​ឆ្នាំ​ ២០១៩ ការប្រមូលផល​បរិមាណ​ត្រី​សរុប​បាន​ចំនួន​ ៣៦ ៨៦៨ ​តោន​។ ក្នុងនោះ​ការប្រមូលផល​ដោយ​ធម្មជាតិ​បាន​ចំនួន​ ១៤ ៥១៨ តោន និង​ដោយ​វារីវប្បកម្ម​បាន​ ២២ ៣៥០ ​តោន​៕

អត្ថបទគួរចាប់អារម្មណ៍