ភ្នំពេញៈ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​អះអាង​ថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ធំៗ​ដែល​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដី​នៅក្នុង​ខេត្ត​នេះ​មិនមាន​ទៀត​ឡើយ ខណៈ​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​តូចៗ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជា​រៀងរាល់​សប្តាហ៍​។

ការអះអាង​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ប្រធាន​មន្ទីរជំនាញ​នៃ​រដ្ឋបាល​ខេត្ដ និង​អ្នកសារព័ត៌មាន​ជាង ៣០ ​នាក់​។

លោក ម៉ៅ ធនិន បាន​ឆ្លើយតប​ជាមួយ​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖ «​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​កន្លង​មក​នេះ​ដែល​យើង​បាន​ដោះស្រាយ​បន្តបន្ទាប់​មកនេះ​ខ្ញុំ​គិតថា​វិវាទ​ដីធ្លី​ដែល​ស្មុគស្មាញ​បំផុត​គឺ​មាន​តែ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​។ ប៉ុន្តែ​ទំនាស់​ទាំងនេះ​នៅក្នុង​ខេត្ត​របស់​ខ្ញុំ​គឺ​បាន​ដោះស្រាយ​ចប់​ហើយ ព្រោះ​បញ្ហា​ទាំង​នោះ​យើង​បាន​ដោះស្រាយ​ដោយ​ពិនិត្យ​ទៅលើ​ហេតុផល និង​ឯកសារ​។ ពេលខ្លះ​បើ​ពលរដ្ឋ​អះអាង​ថា ដី​នោះ​ជា​ដី​របស់គាត់​ទាល់តែ​មាន​ឯកសារ ព្រោះ​យើង​មាន​និយាម​កាម និង​ផែនទី​ជាក់លាក់​ណាស់​»​។

អភិបាលខេត្ត​រូបនេះ​បន្ត​ថា ការដោះស្រាយ​បញ្ចប់​នូវ​វិវាទ​ដីធ្លី​ដ៏រុំារ៉ៃ និង​មិនចេះចប់​ដែល​កើតមាន​នាពេល​កន្លងមក គឺ​ធ្វើ​ឡើង​តាមរយៈ​គោលនយោបាយ​ដោះស្រាយ​ជូន​ពលរដ្ឋ​រៀងរាល់​សប្តាហ៍​។ ក្នុងនោះ​ក៏​មាន​ការបង្កើត​គណៈកម្មការ​ឲ្យ​ចំ​គោលដៅ​ដូចជា​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ខេត្ត ទំនាស់​ដីធ្លី​ថ្នាក់​ស្រុក​រហូត​ដល់​ថ្នាក់ឃុំ ដើម្បី​អាច​ចុះ​តាមដាន និង​ដោះស្រាយ​ប្រកប​ដោយ​ភាពត្រឹមត្រូវ​ផងដែរ​។

លោក​ ធនិន ​បន្ត​ថា​៖ «​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ធំៗ​គឺ​យើង​បាន​ដោះ​ចប់​ហើយ​ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នៅពេល​បច្ចុប្បន្ន​នេះ ខ្ញុំ​គិតថា​មាន​ត្រឹម​កម្រិត​គ្រួសារ​។ ដូច​ខ្ញុំ​បាន​ជម្រាបជូន​អ៊ីចឹង​ពី​មុន​ដី​មិនសូវ​មានតម្លៃ​ទេ មិន​គិត​ទេពី​បញ្ហា​ព្រំដី​ប៉ុន្តែ​ដល់ពេល​ឥឡូវនេះ​ដី​វា​មាន​តម្លៃ​ហើយ​បងប្អូន​ប្រជាពលរដ្ឋ​យើង គ្រួសារ​ក៏មាន​កំណើន​សមាជិក​ក៏​ត្រូវការ​កំណើន​ដី​។ ពីមុន​មិន​បាន​បោះបង្គោល​ព្រំ​ទេ គឺ​ដាំ​ដើមឈើ (​ជំនួស​ព្រំ​) ​ដល់​ដើមឈើ កាប់ ដកចេញ​ទៅ​ក៏​បាត់​កន្លែង​សម្គាល់​ដែល​ជា​កន្លែង​កំណត់​ព្រំ​»​។

លោក​ ឱន សទ្ធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា យន្តការ​ដែល​ខេត្តពោធិ៍សាត់​បាន​ធ្វើ​កន្លង​មក​គឺ​បាន​ចូលរួម​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​បាន​ច្រើនណាស់​។ លោក​បាន​បន្តថា ក្នុង​នោះ​ក៏បាន​ធ្វើឲ្យ​ការគ្រប់គ្រង​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការ​បែងចែក និង​គ្រប់គ្រង​ដី​នៅ​ទូទាំង​ខេត្ត​។

លោក​បញ្ជាក់​ថា​៖ «​តាម​ដែល​ខ្ញុំ​ធ្លាប់បាន​ចូលរួម​ក្នុង​យន្តការ​ដោះស្រាយ​ប្រចាំ​សប្តាហ៍​គឺ​ឃើញថា ក្នុង​ ១ ​សប្តាហ៍​អី មាន​ករណី​ចម្រុះ​គ្នា​ដែល​បាន​ដោះស្រាយ​ជាង​ ៣០ ករណី​ក្នុងនោះ​បញ្ហា​ជម្លោះ​ដីធ្លី​គឺ​មាន​ប្រមាណ​ជាង​ ១០ ​ករណី​អី​។ តែ​ដូច​គាត់​បាន​លើក​ឡើង​ចឹង គឺ​មាន​តែ​ករណី​វិវាទ​ធម្មតាៗ​នោះទេ គឺ​គ្មាន​វិវាទ​ធំៗ ដូច​មុន​នោះទេ​»​។

លោក​ កែម ​គីមស្រ៊ន់ មន្ត្រី​ស៊ើបអង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ​ប្រចាំខេត្ត​ពោធិ៍សាត់​បាន​លើកឡើង​ថា តាម​ការឃ្លាំមើល​របស់​លោក​នាពេល​កន្លងមក​វិវាទ​ដីធ្លី​ធំៗ នៅក្នុង​ខេត្ត​នេះ​ពិតជា​ត្រូវបាន​ដោះស្រាយ​បញ្ចប់ និង​មិនមាន​ការប្រមូលផ្តុំ​គ្នាត​វ៉ា​ដូច​បណ្តាខេត្ត​ដទៃៗ​នោះទេ​។

លោក​ថ្លែង​បន្ត​ថា កត្តា​នេះ​ក៏​ព្រោះតែ​ថ្នាក់​ខេត្ត​ពិតជា​មាន​យន្តការ​ដោះស្រាយ​ជម្លោះដីធ្លី​ដល់​ពលរដ្ឋ​បាន​ឆាប់​រហ័ស​ពិតមែន បើ​ទោះបី​ជា​លទ្ធផល​ខ្លះ មិន​ទាន់​ទទួលបាន​ដំណោះស្រាយ​ល្អ​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក​ធ្លាប់​មាន​ករណី​វិវាទ​ដីធ្លី​ធំៗ តែ​បច្ចុប្បន្ននេះ​បញ្ហាដីធ្លី​នេះ​មិនសូវ​ឃើញ​មាន​នោះទេ​។ បញ្ហាដីធ្លី​ (​ក្នុង​ខេត្ត​នេះ​) មិនមែន​អត់​ទេ គឺ​នៅ​តែ​មាន​តិចតួច គ្រាន់តែ​ថា​យន្តការ​ដោះស្រាយ​របស់​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្យាយាម​ដោះស្រាយ​ភ្លាមៗ​ដែល​ធ្វើឲ្យ​បញ្ហា​ដែល​កើតមាន​ក៏​បញ្ចប់ទៅ​លឿន​ដែរ​»​។

ទោះជា​យ៉ាងណា​ក្តី​លោក កែម គីមស្រ៊ន់ នៅតែ​ចង់ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ និង​ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ខេត្ត​នានា​បន្ត​ដាក់ចេញ​នូវ​យន្តការ និង​​គោលនយោបាយ​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​កើតមាន​លើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​តម្លាភាព​៕