ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ចង់ឱ្យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ជួយ​ផ្ដល់​ការគាំទ្រ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ក្នុង​ការឈាន​ទៅ​រក​ការរៀបចំ​គោលការណ៍​អភិវឌ្ឍន៍​ទីក្រុង​ព្រះសីហនុ តាមបែប​ទីក្រុង​វៃឆ្លាត​។

ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ គួច ចំរើន និង​មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ​បាន​ជួប​ជជែក​គ្នា​កាលពី​ចុង​សប្ដាហ៍​មុន​អំពី​ភាព​រីកចម្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក គួច ចំរើន បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមការងារ​បច្ចេកទេស​ខេត្ត​ព្រះសីហនុ​នឹង​ជួបគ្នា​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​អង្គការ​សហប្រជាជាតិ​ជាថ្មីទៀត​ដើម្បី​ពិភាក្សា​គ្នា​បន្ថែមថា​តើ​ការអភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ (Smart City) ត្រូវ​រៀបចំ​អ្វីខ្លះ និង​ធ្វើ​អ្វីខ្លះ​?

លោក​បន្តថា ជាដំបូង​នេះ​គឺ​លោក​ចង់ឱ្យ​ខាង UN ជួយ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​ជាមុនសិន ខណៈ​លោក​មិនទាន់​អាច​បញ្ជាក់​អំពី​គម្រោង​ច្បាស់លាស់​ប្រែ​ក្លាយ​ទីក្រុង​ព្រះសីហនុ​ទៅ​ជា​ទីក្រុង​វៃឆ្លាត​នៅឡើយ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​មិនទាន់​យល់​ (​អំពី​ទីក្រុង​វៃឆ្លាត​)​។ បាន​សុំ​ឱ្យគេ​ (UN) មកជួយ​។ យើង​ទើប​ជួប​ជជែក​គ្នា​ (​កាលពី​ថ្ងៃ​ទី​ ២៩ វិច្ឆិកា​) ​ហើយ​ក្រុមការងារ​មិនទាន់​បាន​ជួបគ្នា​បន្ត​ផង​។ ថ្ងៃក្រោយ គាត់​ (UN) ​ក៏​មាន​ក្រុមការងារ​បច្ចេកទេស​គាត់​និង​ក្រុមការងារ​បច្ចេកទេស​ខ្ញុំ ដើម្បី​ជួបពិភាក្សា​គ្នា​បន្តថា​តើ​ទីក្រុង​វៃឆ្លាត​មាន​ស្អី​ខ្លះ ត្រូវធ្វើ​អី​ខ្លះ និង​រៀបចំ​អី​ខ្លះ​។ ឥឡូវ​យើង​ចេះតែ​ហៅ​ទីក្រុង​វៃឆ្លាត ប៉ុន្តែ​ស្អី​ទៅ​ជា​ទីក្រុង​វៃឆ្លាត​»​។

លោក គួច ចំរើន បន្ថែមថា ការជួបពិភាក្សា​គ្នា​អំពី​គម្រោង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ជា​ទីក្រុង​វៃឆ្លាត​រវាង​លោក​ និង​លោកស្រី Pauline Tamesis ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា គឺជា​ជំនួប​ដំបូង​រវាង​ភាគី​ទាំង​ ២​។

លោកស្រី Pauline Tamesis បាន​ទៅ​ជួបពិភាក្សា​ជាមួយ​លោក គួច ចំរើន ដើម្បី​ស្វែងយល់​អំពី​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ចុះផ្សាយ​ថា អង្គការសហប្រជាជាតិ​ចង់​ចូលរួម​ចំណែក​សហការ​ជួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែល​ខេត្ត​នេះ​ចង់​ធ្វើឱ្យ​ក្រុងព្រះសីហនុ​ក្លាយ​ទៅ​ជា​ទីក្រុង​ឆ្លាតវៃ ប្រកប​ដោយ​និរន្តរភាព និង​បរិយាប័ន្ន​។

ទំព័រ​ហ្វេសប៊ុក​នេះ​សរសេរ​ថា​៖ «​សម្រាប់​អង្គការសហប្រជាជាតិ​យល់ឃើញ​វិធី​មួយទៀត​គឺ​ការអភិវឌ្ឍ​ឈាន​ទៅ​ទីក្រុង​ឆ្លាតវៃ​គឺ​ការចូលរួម​ស្ដាប់​មតិយោបល់​របស់​ប្រជាពលរដ្ឋ​ចង់​បាន​ទីក្រុង​ប្រភេទ​ណា​។ ទី​១ ផ្ដោតលើ​អ្នកវិនិយោគទុន​ដែល​មាន​ទស្សនៈ​យល់ឃើញ​ចង់ឱ្យ​ទីក្រុង​ល្អ ទី​២ ​លក្ខណៈ​បរិយាប័ន្ន (​ដែល​) ​ការអភិវឌ្ឍ​ទីក្រុង​មិន​សម្រាប់​បុគ្គល​មួយចំនួន​គឺ​សម្រាប់​ទាំងអស់​គ្នា និង​ទី​៣ ការគាំទ្រ​ដល់​រដ្ឋអំណាច​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​»​។

នៅក្នុង​ជំនួប​នោះ​លោក គួច ចំរើន បាន​គាំទ្រ​អង្គការ​សហប្រជាជាតិ​ដែល​ចង់​សហការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ ជា​ទីក្រុង​វៃឆ្លាត ប៉ុន្តែ​លោក​ចង់ឱ្យ​ខាង UN រៀបចំ​ឯកសារ​ធ្វើ​បទបង្ហាញ​ទីក្រុង​ឆ្លាតវៃ និង​បន្តធ្វើ​ការងារ​ជាមួយ​មន្ត្រី​របស់​ខេត្ត ជាពិសេស​ជួយ​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា ក៏ដូចជា​ការផ្ដល់​ឧបករណ៍ សម្ភារ​ក្នុង​ការចូលរួម​អភិវឌ្ឍ​ក្រុងព្រះសីហនុ​ជា​ទីក្រុង​វៃឆ្លាត​។

កាលពី​ដើម​ខែ​វិច្ឆិកា​លោក គួច ចំរើន នៅពេល​ជួបពិភាក្សា​ជាមួយ​លោក Michael Newbill មន្ត្រី​ស្ថានទូត​អាមេរិក​ក៏បាន​លើកឡើង​អំពី​ផែនការ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ឱ្យ​ក្លាយ​ទៅជា​ទីក្រុង​វៃឆ្លាត​ផងដែរ ហើយ​នៅពេល​នោះ​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា ទីក្រុង​វៃឆ្លាត​គឺ​ផ្តោតលើ​រាល់​ការគ្រប់គ្រង​ទីក្រុង​ទាំងអស់​គឺ​ត្រូវ​ប្រើ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដូចជា​ការគ្រប់គ្រង​សន្ដិសុខ សុវត្ថិភាព និង​ទេសចរណ៍​ជាដើម​៕