ព្រះសីហនុៈ ​លោក​ គួច ចំរើន​ អភិបាលខេត្ដ​ព្រះសីហនុ​បាន​ណែនាំ​ដល់​មន្ដ្រី​ជំនាញ​របស់​ខេត្ដ​ឲ្យ​បង្កើត​ក្រុមការងារ​សិក្សា​គ្រប់​ជ្រុងជ្រោយ​លើ​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​តំបន់​ព្រែក​កំពង់ស្មាច់​ដើម្បី​លើកកម្ពស់​អេកូទេសចរណ៍​ខណៈ​តំបន់​នេះ​ជា​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​អាទិភាព​មាន​ផ្ទៃក្រឡា​សរុប​ ៥ ៨៤៨ ហិកតា​ គ្របដណ្តប់​ឃុំ​ចំនួន​ ៦ ​នៅក្នុង​ស្រុក​ព្រៃនប់​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា នៅ​ថ្ងៃទី ២០ ខែ​ឧសភា លោក​ គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ក្នុង​ការគ្រប់គ្រង​តំបន់​ជលផល​សមុទ្រ​ព្រែក​កំពង់ស្មាច់​។

លោក​ថ្លែងថា​៖ «​ឯកឧត្តម គួច ចំរើន បានធ្វើ​ការណែនាំ​ឲ្យ​បង្កើត​ក្រុម​ការងារ​ដើម្បី​បញ្ចេញមតិ​យោបល់​គ្រប់​ជ្រុងជ្រោយ​សិក្សា​ពី​ទិន្នន័យ​សេដ្ឋកិច្ច​ដើម្បី​រក​ប្រភព​ចំណូល សម្រាប់​ការការពារ ការអភិរក្ស និង​ការគ្រប់គ្រង​តំបន់​ព្រែក​កំពង់​ស្មាច់​លើកកម្ពស់​គម្រោង អេកូទេសចរណ៍​តាមរយៈ​សហគមន៍​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​បង្កើន​​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​ឲ្យ​កាន់តែ​សម្បូរបែប​»​។

លោក​ ប្រាក់ វិសាល ​នាយក​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​សាលា​ខេត្ដ​ព្រះសីហនុ​បាន​ធ្វើ​បទបង្ហាញ​ពី​ព្រែក​នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​អភិបាលខេត្ដ​ថា ព្រែក​កំពង់ស្មាច់ គឺជា​ព្រែក​ធម្មជាតិ​មួយ​ដែល​មិនចេះ​រីងស្ងួត​ទោះ​ក្នុង​រដូវប្រាំង​។ ព្រែក​នេះ គ្របដណ្តប់​ចំនួន​ ៦ ​ឃុំ​នៃ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ ​ព្រែក​ធម្មជាតិ​នេះ​ទទួល​ទឹក​ពី​ដៃ​ស្ទឹង​តូចធំ​ចំនួន ១៦ នៃ​តំបន់​ជុំវិញ ពិសេស​ស្ទឹង​មកពី​ភ្នំ​បូកគោ​។

អ្នក​នេសាទ​ម្នាក់​កំពុង​ចែវទូក​នៅ​ព្រែក​កំពង់ស្មាច់ ខេត្ត​ព្រះសីហនុ​។ រូបថត មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ

លោក​ឲ្យ​ដឹងថា ព្រែក​នេះ​មាន​ប្រវែង​ជាង​ ១០ ​គីឡូម៉ែត្រ​ បាន​ហូរ​ចាក់​ទៅ​ឆក​វាលរេញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៣ (​ខេត្តកំពត ស្រុក​ព្រៃនប់​) ​ត្រង់​ចំណុច​ស្ពានថ្ម​មួយ​ហៅថា​ស្ពាន​កំពង់​ស្មាច់​។ នៅ​អម​សងខាង​ផ្លូវ​មាត់ព្រែក​មាន​ដុះ​ត្រៀបត្រា​ដោយ​ព្រៃកោងកាង​ចំនួន​ ៣៩ ​ប្រភេទ​។ ក្រៅពីនេះ​មាន​ស្មៅ​សមុទ្រ​មាន​វាល​ល្បាប់​ភក់​អាច​ធ្វើ​ស្រែ​បាន និង​សម្បូរ​ទៅដោយ​ប្រភេទ​សត្វ​ស្លាប​ផងដែរ​។

លោក​ថ្លែងថា​៖ «​ព្រែក​កំពង់ស្មាច់​មាន​ផ្ទៃ​ក្រឡា​សរុប​ ៥ ៨៤៨ ហិកតា​ក្នុង​នោះ​ផ្ទៃ​ទឹក​ ២ ៨៧៩ ហិកតា ល្បាប់​ភក់ ៧២ ហិកតា​ត្រូវ​បែងចែក​ជា​ ៣ ​កន្លែង កន្លែង​អភិរក្ស​ជលផល ៤៥៦ ហិកតា​កន្លែង​ការពារ​ជលផល​ ១ ០៨៥ ហិកតា​និង​កន្លែង​ប្រើប្រាស់​ច្រើន​យ៉ាង ១ ៣៥៦ ហិកតា​»​។

លោក​បន្ថែម​ថា ព្រែក​កំពង់ស្មាច់ ត្រូវ​បាន​ចាត់ជា​អាទិភាព ដើម្បី​បង្កើតជា​តំបន់​គ្រប់គ្រង​ជលផល​ទី​ ២ ​បន្ទាប់ពី​ប្រជុំ​កោះរ៉ុង​។ ព្រែក​កំពង់ស្មាច់​នេះ ត្រូវ​បាន​ជ្រើសរើស​ជា​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ក្រោម​ជំនួយ​ថវិកា​ពី​អង្គការ PEMSEA តាំងពី​ឆ្នាំ​ ២០០៩ មកម្ល៉េះ​។

ទោះ​ជា​យ៉ាងណា មន្ទីរ​ព័ត៌មាន​ខេត្ដ​ព្រះសីហនុ​បាន​ចុះផ្សាយ​កាល​ថ្ងៃ​ពុធ​តាមរយៈ​ហ្វេសប៊ុក​របស់ខ្លួន​ថា សព្វថ្ងៃ​នេះ​ព្រៃកោងកាង និង​ជលផល​តំបន់ ព្រែក​កំពង់ស្មាច់​នេះ​បាន​រង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការកាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដើម្បី​អភិវឌ្ឍ​កសិកម្ម ការនេសាទ​ខុសច្បាប់​ការបោះ​សំណល់​រឹង​រាវ​ចូល​ព្រែក និង​ការកាប់​ព្រៃ​តាម​មាត់​ព្រែក​វាត​យក​ដី​ធ្វើ​កន្លែង​លក់ដូរ​ជាដើម​។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុ​ថ្លែង​កាលពី​ម្សិលមិញ​ថា គោលនយោបាយ​អភិវឌ្ឍ​ជាតិ​បាន​កំណត់​ឲ្យ​មាន​ការបង្កើត​តំបន់​អេកូទេសចរណ៍​ឲ្យ​បាន​ច្រើន​។ ការបង្កើត​តំបន់​អេកូទេសចរណ៍​នេះ បាន​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​សហគមន៍ និង​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ការថែរក្សា​ធនធាន​ធម្មជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​នៅ​តំបន់​ព្រែក​កំពង់​ស្មាច់​នៅពេល​ក្លាយ​ជា​តំបន់​អេកូទេសចរណ៍​បែបនេះ​អាច​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​លក់​សេវាកម្ម​ផ្នែក​ទេសចរណ៍​នៅក្នុង​សហគមន៍​។ ពលរដ្ឋ​នាំគ្នា​បញ្ឈប់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​បែរមក​នាំគ្នា​ថែរក្សា​ និង​អភិរក្ស​វិញ​ក្នុង​នោះ​ក៏មាន​ពលរដ្ឋ​ខ្លះ​បែរមក​ចិញ្ចឹម​បង្គា និង​ធ្វើ​សេវា​ផ្គត់ផ្គង់​ដល់​ទេសចរ​ផ្សេង​ទៀត​នៅក្នុង​តំបន់​នេះ​»៕