ព្រះសីហនុៈ រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ ជា សុផារ៉ា បានសម្រេច​តែងតាំង​លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ជា​ប្រធាន​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ដ​នេះ​ដោយ​មាន​តួនាទី​និង​ភារកិច្ច​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​ និង​លើកសំណើ​ធ្វើ​ចំណាត់ថ្នាក់​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ប្រសិនបើ​ចាំបាច់​ជាដើម​។

សេចក្ដី​សម្រេច​ស្ដីពី​ការតែងតាំង​សមាសភាព​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ដ​ព្រះសីហនុ​ចុះហត្ថលេខា​ដោយ​លោក​ ជា សុផារ៉ា បាន​សម្រេច​តែងតាំង​សមាសភាព​គណៈកម្មាធិការ ប្រើប្រាស់ និង​បែងចែក​ដី​ខេត្ដ​ព្រះសីហនុ​ក្នុង​នោះ​មាន​លោក​ គួច ចំរើន អភិបាលខេត្ត​ជា​ប្រធាន​លោក​ លៀម សុជា អភិបាលរង​ជា​អនុប្រធាន​។ រីឯ​លោក​ ជួន ណារិន្ទ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ​ព្រមទាំង​មន្ដ្រី​នៅតាម​មន្ទីរ និង​អភិបាល​ស្រុក​ជាង​ ២០ ​រូប​ទៀត​ជា​សមាជិក​។

លោក​ ជា សុផារ៉ា បញ្ជាក់ថា​៖ «​គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ខេត្ដ​ព្រះសីហនុ​មាន​តួនាទី​ និង​ភារកិច្ច​រៀបចំ​ផែនការ​ប្រើប្រាស់​ដី និង​លើកសំណើ​ធ្វើ​ចំណាត់ថ្នាក់​ទីតាំង​ដីសម្បទាន​សង្គមកិច្ច ប្រសិន​បើ​ចាំបាច់ និង​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំឆ្នាំ​នូវ​ទិន្នន័យ​ដី​ទំនេរ​របស់​រដ្ឋ​ក្នុង​ខេត្ដ និង​កំណត់​មុខសញ្ញា​អ្នកទទួល​ដី​។ ធ្វើ​បច្ចុប្បន្នភាព​ប្រចាំឆ្នាំ​រាល់​មុខសញ្ញា​អ្នកទទួល​ដី និង​សិក្សា​កំណត់​ទីតាំង​ដី​ដើម្បី​អនុវត្ដ​ផែនការ​សម្បទាន​ដី​សង្គមកិច្ច​ប្រចាំឆ្នាំ​»​។

សេចក្ដីសម្រេច​នេះ​បញ្ជាក់ទៀតថា​គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ខេត្ដ​ព្រះសីហនុ​មាន​តួនាទី និង​ភារកិច្ច​ធ្វើ​សនិទានកម្ម​ដី​ទំនេរ​ឱ្យស្រប​ទៅនឹង​សេចក្ដីត្រូវការ​របស់​មុខ​សញ្ញា​អ្នកទទួល​ដី​នៅ​គ្រប់​ក្រុង ស្រុក ខេត្ដ​។ ពិនិត្យ និង​វាយតម្លៃ​ផែនការ​ប្រើប្រាស់​ដី​ និង​ផែនការ​សម្បទាន​ដី​សង្គមកិច្ច​ដែល​ស្នើឡើង​ដោយ​ក្រុមប្រឹក្សាឃុំ-សង្កាត់​។ សម្រេច​យល់ព្រម​លើ​ផែនការ​ប្រើប្រាស់​ដី និង​ការបែងចែក​ដី​រដ្ឋ​នៅ​ថ្នាក់​ខេត្ដ​។ ជួយ​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បី​រៀបចំ​ផែនការ​ប្រើប្រាស់​ដី​ និង​ធ្វើ​ចំណាត់ថ្នាក់​ដី​។ សម្រេច​យល់ព្រម​ ឬ​បដិសេធ​ ឬ​កែសម្រួល ផែនការ​សម្បទាន​ដី​សង្គមកិច្ច​ដែល​ក្រុមប្រឹក្សាឃុំ-សង្កាត់​បាន​ស្នើ​ឡើង​ជាដើម​។

យោងតាម​សេចក្ដីសម្រេច​ដដែល​គណៈកម្មាធិការ​នេះ​មាន​តួនាទី និង​ភារកិច្ច​បញ្ជូន​ផែនការ​សម្បទាន​ដី​សង្គមកិច្ច និង​សេចក្ដីសម្រេច​យល់ព្រម​លើ​ផែនការ​សម្បទាន​ដី​សង្គមកិច្ច​ទៅ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​ និង​សម្រេច​។ សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចាំបាច់​មួយចំនួន​ដូចជា​បណ្ដាញ​គមនាគមន៍ អណ្ដូងទឹក ស្រះសហគមន៍ មណ្ឌល ឬ​ប៉ុស្ដិ៍​សុខភាព និង​សាលារៀន​ជាដើម​។ ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ដ​សម្បទាន​ដី​សង្គមកិច្ច​នៅតាម​ខេត្ដ​។ សហការ​ជាមួយ​អាជ្ញាធរ​មីន​ចំពោះ​ទីតាំង​ដែល​អាចមាន​សំណល់​ជាតិ​ផ្ទុះ​។ បំពេញភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​ឱ្យ​របស់​ប្រធាន​គណៈកម្មាធិការ​។

លោក​ ជា សុផារ៉ា បញ្ជាក់​តាមរយៈ​សេចក្ដីសម្រេច​នេះ​ថា​៖ «​សមាជិក​គណៈកម្មាធិការ​ប្រើប្រាស់ និង​បែងចែក​ដី​ខេត្ដ​ព្រះសីហនុ​ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​។ ក្រុមការងារ​មាន​សិទ្ធិ​ប្រើប្រាស់​មន្ដ្រី​ក្រោម​ឱវាទ​ឱ្យជួយ​ការងារ​តាម​ការចាំបាច់​»​។

លោក​ សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែង​ពី​ម្សិលមិញ​ថា ការសម្រេច​តែងតាំង​សមាសភាព​គណៈកម្មាធិការ​នេះ គឺជា​ការផ្លាស់ប្ដូរ​តួនាទី​។ ព្រោះ​កាលពីមុន​លោក​ យន្ត មីន អតីត​អភិបាលខេត្ដ​ព្រះសីហនុ​ជា​ប្រធាន​។ ដូច្នេះ​នៅពេល​លោក​ គួច ចំរើន ឡើងកាន់​តំណែង​ថ្មី​គឺ​ត្រូវ​តែងតាំង​ជា​ប្រធាន​ថ្មី​វិញ​ដែរ​។

លោក​ថ្លែងថា​៖ «​នេះ​ជាការ​ផ្លាស់ប្ដូរ​តួនាទី​ថ្មី​ទៅតាម​ស្ថានភាព​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ គេ​ហៅថា​ធ្វើ​បច្ចុប្បន្នភាព​គណៈកម្មាធិការ​នេះ​។ ​គណៈកម្មាធិការ​នេះ​គឺ​រដ្ឋបាល​ខេត្ដ​ និង​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​ការងារ​រួមគ្នា​។ គោលដៅ​ធំ​ចំពោះ​គណៈកម្មាធិការ​នេះ គឺ​លើ​ការងារ​បែងចែក​គ្រប់គ្រង​ដីសម្បទាន​សង្គមកិច្ច​ក្នុង​ខេត្ដ​ព្រះសីហនុ​។ ក្នុង​កិច្ចការងារ​នេះ​គឺ​មាន​នីតិវិធី​ច្បាស់លាស់​ណាស់​ក្នុងការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​ទៅដល់​ប្រជាពលរដ្ឋ​មិនមែន​ចេះតែ​យក​ដី​ទៅ​ចែក​ទេ​»​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា​សេចក្ដី​សម្រេច​បង្កើត​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​នេះ​គឺជា​ការគ្រប់គ្រង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​មិនមែន​ជា​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះទេ ហើយ​ការតែងតាំង​គណៈកម្មាធិការ​ថ្មី​នេះ​គឺជា​ការផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​គណៈកម្មាធិការ​នេះ​ក្នុង​ថ្នាក់​ខេត្ដ​គឺមាន​យូរហើយ​គ្រាន់តែ​ថា​ជា​ការផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់ដឹកនាំ ព្រោះ​កាលពីមុន​កាល​នៅ​ឯកឧត្ដម​យន្ត មីន ជា​អភិបាលខេត្ដ គាត់​ជា​ប្រធាន​។ ដូច្នេះ​នៅពេល​មានការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​ខេត្ដ សេចក្ដីសម្រេច​ត្រូវធ្វើ​ឡើងវិញ​។ ដោយឡែក​សម្រាប់​ផែនការ សកម្មភាព​របស់​គណៈកម្មាធិការ​គឺ​រដ្ឋបាលខេត្ត​មាន អស់ហើយ​ទីតាំង​ដី​នោះ​ក៏មាន​គឺ​ធ្វើទៅ​តាម​យន្តការ​របស់​រដ្ឋបាល​ខេត្ដ​ដូច​បាន​កំណត់​នៅក្នុង​សេចក្ដីសម្រេច​នេះ​»​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តាមរយៈ​គណៈកម្មាធិការ​នេះ​នឹង​អាច​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​​ព្រះសីហនុ​។ បើ​ក្រុមការងារ​នេះ​មាន​ឆន្ទៈ​ធ្វើ​ការងារ​រួមគ្នា​មាន​ប្រសិទ្ធភាព​គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​នឹងមាន​លំនៅឋាន​រស់នៅ​សមរម្យ​។ ក្រុមការងារ​នេះ​ក៏​អាចធ្វើ​ជំរឿន​ដី​របស់​រដ្ឋ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​បាន​លឿន​ និង​ឆាប់រហ័ស​។

លោក​បាន​ថ្លែងថា​៖ «​ប៉ុន្ដែ​ដើម្បី​ការពារ​ការរំលោភ​យក​ដីសម្បទាន​សង្គមកិច្ច​នេះ គួរ​មាន​ការចុះបញ្ជី​ដីសម្បទាន​សង្គមកិច្ច​ទាំងអស់​ក្នុង​ខេត្ដ​ព្រះសីហនុ​។ ប៉ុន្ដែ ដើម្បី​ឱ្យ​ការងារ​របស់​គណៈកម្មការ​នេះ​ដំណើរការ​ទៅកាន់​តែ​រលូន​គួរតែមាន​ [​ការ​] ​ដាក់បញ្ចូល​ក្រុម​ការងារ​មួយទៀត ឬ​ហៅថា​អនុគណៈកម្មការ​មកពី​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ជួយ​លើ​ការងារ​នេះ​នៅពេល​ចុះ​អនុវត្ដ​ការងារ​ជាក់ស្ដែង​ក្នុង​ទីតាំង​ណាមួយ​ដើម្បី​ចូលរួម​តាមដាន​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​»៕