ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានព្រមានចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងទៅលើជនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃកោងកាងដើម្បីទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។ ការព្រមាននេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈលោកទៅចូលរួមដាំកូនកោងកាងឡើងវិញលើផ្ទៃដី ២ ហិកតានៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ជាទីដែលរងការកាប់បំផ្លាញនាពេលកន្លងមក។
លោកនិយាយថា ព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ក្នុងការរួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ និងបានជួយទប់ស្កាត់ការច្រោះបាក់ដី គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងជួយទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីជីវចម្រុះបរិស្ថាន។ ប៉ុន្តែកន្លងមកសកម្មភាពលួចកាប់បំផ្លាញ និងចាក់ដីលុបព្រៃកោងកាងដើម្បីទន្ទ្រានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់បានកើតឡើងគួរឲ្យកត់សម្គាល់បើទោះជាសមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះផ្សព្វផ្សាយអប់រំ និងបង្ក្រាបចាប់ជនប្រព្រឹត្តបទល្មើសដាក់ពន្ធនាគារជាបន្តបន្ទាប់ក្ដី។
លោក គួច ចំរើន ថ្លែងថា៖ «ការបំផ្លាញព្រៃកោងកាង គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯង ដូច្នេះយើងត្រូវរួមគ្នាការពារ និងអភិរក្សព្រៃកោងកាងសម្រាប់ជាប្រយោជន៍រួមដល់កូនចៅជំនាន់ក្រោយរបស់យើង។ ក្នុងនោះកន្លែងដែលរងការកាប់បំផ្លាញយើងត្រូវដាំឡើងវិញ និងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃកោងកាងយកដីកាន់កាប់ជាលក្ខណៈឯកជនខុសច្បាប់»។
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃចន្ទថា ព្រៃកោងកាងគឺជាជម្រកពងកូនដ៏សំខាន់នៃមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ។ ការដាំកូនកោងកាង ២០០០ ដើមនៅតំបន់ព្រៃលិចទឹកក្នុងភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់កាលពីថ្ងៃអាទិត្យគឺដើម្បីស្ដារព្រៃកោងកាងក្នុងតំបន់នោះឡើងវិញ ដោយសារកន្លងមកវាត្រូវបានគេលួចកាប់បំផ្លាញយកធ្វើជាអុសធ្យូង និងដើម្បីទន្ទ្រានយកដីធ្វើកសិកម្ម។
បើតាមលោក ភា ក្រោយការចុះផ្សព្វផ្សាយអប់រំរបស់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានប្រជាពលរដ្ឋក្នុងតំបន់នេះមានការភ្ញាក់រឭក និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ និងអភិរក្សព្រៃកោងកាង និងបានចូលរួមដាំកូនកោងកាងឡើងវិញ ដើម្បីស្ដារ និងលើកកម្ពស់ធនធានធម្មជាតិ និងធនធានជលផលក្នុងតំបន់ឆ្នេរសមុទ្រឲ្យកាន់តែសម្បូរបែបសម្រាប់ជាប្រយោជន៍ក្នុងកាលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ក្នុងតំបន់នោះដែលភាគច្រើនជាអ្នកប្រកបរបរនេសាទ។
លោក ឯម ភា ថ្លែងថា៖ «ក្រៅពីជារបាំងធម្មជាតិការពារឆ្នេរសមុទ្រពីគ្រោះធម្មជាតិនានា ព្រៃកោងកាងគឺជាកន្លែងស្តុកកាបោន និងជាប្រភពផ្ដល់ប្រាក់ចំណូលដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទក្នុងតំបន់តាមរយៈការផ្ដល់សេវាកម្សាន្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះព្រៃកោងកាងក៏ជាប្រភពអាហារ និងទីជម្រកដ៏សំខាន់សម្រាប់សត្វសមុទ្រ និងសត្វស្លាបគ្រប់ប្រភេទរស់នៅ និងបង្កាត់ពូជផងដែរ»។
លោកបានបន្ថែមថា យោងតាមច្បាប់ជលផល ការកាប់ ការឈូសឆាយ ការរុករាន ការគ្រប់គ្រង ហ៊ុមព័ទ្ធរបងយកដីព្រៃកោងកាងគឺជាបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ៥ ឆ្នាំ និងផាកពិន័យជាប្រាក់ថែមទៀត។ ទន្ទឹមនឹងនេះលោក ឯម ភា ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាសហគមន៍នេសាទត្រូវចូលរួមទប់ស្កាត់ឲ្យកាន់តែសកម្មថែមទៀតនូវរាល់សកម្មភាពកាប់បំផ្លាញ និងទន្ទ្រានយកដីព្រៃកោងកាងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងសហគមន៍៕