ព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន សម្រេច​លុប​ចោល​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​ពីភ្នំពេញ​និង​ខេត្ត​សៀមរាប​ទៅ​ខេត្ត​ព្រះសីហនុ ដែល​ជើង​ហោះហើរ​ទាំង ២ តំបន់​នេះ ត្រូវ​ចុះចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​កងកេង​ក្នុងស្រុក​ព្រៃនប់។

លោក គួច ចំរើន បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា​នេះ ថា៖ «ត្រូវ​បាន​លុបចោល​សេចក្តី​សម្រេច​លេខ ១២៧/២១ សសរ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្តីពី​ការ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះសីហនុ តាម​រយៈជើងហោះហើរ​ពី​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ១៩»។

សេចក្តីសម្រេច កាល​ពី​ថ្ងៃទី២៩ ខែមេសា​នោះ បាន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ ចំពោះ​អ្នក​ដំណើរ​ទាំងអស់​ដែល​បាន​ធ្វើដំណើរ​ចូល​មក​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ តាម​ជើងហោះហើរ​ពី​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប។ ការ​សម្រេច​នា​ពេល​នោះ​គឺ​ដើម្បីធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លងរាលដាល​នៃ​ជំងឺកូវីដ​១៩​ ក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល​ថា មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ប៉ុន្តែ​សេចក្តី​សម្រេច​មុន​នោះ​បាន​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ដំណើរ​ឆ្លង​កាត់​ដែល​មាន​គោលដៅ​ទៅ​ប្រទេស​ផ្សេង, អ្នកដំណើរ​ទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ឬ​ទី​កន្លែង​ព្យាបាល​ដោយ​មូលហេតុ​សុខភាព​បន្ទាន់, អ្នក​ដំណើរ​ដែល​ជា​បុគ្គលិក​ក្រុម​គ្រូ​ពេទ្យ​ទាំង​ផ្នែករដ្ឋ​និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​បេសកកម្ម​ជូន​ស្ថាប័ន​ឬ​អង្គភាព,និង​អ្នកដំណើរ​ដែល​មាន​មូលហេតុ​ចាំបាច់​និង​បន្ទាន់​ផ្សេង​ទៀត ដែល​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៥ ខែឧសភា នេះថា ការ​លុបចោល​ការ​ធ្វើ​ចត្តាឡីស័ក​នេះ​ដោយសារ​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​លុប​ចោល​តំបន់​ក្រហម​មួយ​ចំនួន​ដូចគ្នា ដោយ​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​បង្កើត​ជា​វិធានការ​សុខាភិបាល។

លោកថ្លែងថា៖ «អ៊ីចឹង ការ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​ជើង​ហោះហើរ​មក​កាន់​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​ពី​សៀមរាប​មក​កាន់​ព្រលានយន្តហោះ​អន្តរជាតិ ខេត្ត​ព្រះសីហនុ​គឺ​យើង​ក៏​បាន​លុប​នូវ​សេចក្តី​សម្រេច​របស់​យើង [ដែល] កន្លងមក​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ។ ឥឡូវនេះ គឺ​យើង​លុប​ចេញ មិនមាន​ការ​ធ្វើ​ចត្តាឡីស័ក​ទេ»។

ក៏​ប៉ុន្តែ​លោក ភារម្យ បាន​បញ្ជាក់​ថា ក្រុង​ព្រះសីហនុ​នៅ​តែ​កំណត់​ជា​តំបន់​បិទ​ខ្ទប់​ដដែល ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​សេចក្តីសម្រេច​លុបចោល​ឬ​លើក​លែង​ក្រុង​ព្រះសីហនុ​ពី​តំបន់​បិទខ្ទប់​នៅ​ឡើយ​ទេ។

លោកថា៖ «ការ​ដែល​ហោះពី​ភ្នំពេញ ឬ​ក៏​សៀមរាប​ចូល​មក​ខេត្ត​ព្រះសីហនុ​នៅ​ព្រលានយន្ត​ហោះអន្តរជាតិ​កងកេង​ហ្នឹង គឺ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុកព្រៃនប់​ទេ»។

បើតាម​លោក ភារម្យ រដ្ឋបាលខេត្តព្រះសីហនុ​បាន​និង​កំពុង​ពិចារណា​ទៅ​លើ​លក្ខខណ្ឌ​មួយ​ចំនួន «ដែល​អាច​នឹង​កំពុង​ពិភាក្សា​ឆ្លង» ដើម្បីធានាថា​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​ទាំង​នេះ​មិន​មាន​ផ្ទុក​នូវវីរុស​កូវីដ១៩។

លោកថា៖ «ប៉ុន្តែ ដោយសារ​លិខិត​ផ្លូវការ​យើង​កំពុង​តែ​ជជែក​ពិភាក្សា​គ្នា​អត់​ទាន់​សម្រេច អ៊ីចឹងហើយ​បាន​ខ្ញុំ​អត់​ទាន់​អាច​ផ្តល់​ព័ត៌មាន​យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​បាន»៕