មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី បាន​ណែនាំ​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​អស់​ពី​រដ្ឋាភិបាល ត្រូវ​ធ្វើ​ផ្លូវ ឬ​ព្រំព័ទ្ធ​ជុំវិញ​ដី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​មាន​ការ​កាប់ទន្រ្ទាន​​ ឬ​វាទ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ពី​អ្នក​ផ្សេង​ទៀត​។

ការ​ណែនាំ​នេះ បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​របស់​ក្រុមហ៊ុន ផេស៊ីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត ស្ថិតនៅ​ក្នុង​ភូមិ​រវាក់ ឃុំ​រយ៉ ស្រុក​កោះញែក​ ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១។

ក្នុង​ការ​ចុះ​ពិនិត្យ​លោក ស្វាយ សំអ៊ាង បាន​ណែនាំ​យ៉ាង​ដូច្នេះ​ថា៖ «ក្រុមហ៊ុន​ត្រូវ​ធ្វើ​របង ឬ​ធ្វើ​ផ្លូវ​ព័ទ្ធ​ជុំវិញ​ដីសម្បទាន​សេដ្ឋកិច្ច ដែល​បាន​វិនិយោគ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​មាន​ការ​ចូល​កាប់​ទន្រ្ទាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ពី​បុគ្គល​មួយ​ចំនួន។ ជា​ពិសេស​ក៏​សូម​ឲ្យ​ក្រុមហ៊ុន​មួយៗ ត្រូវ​គោរព​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល»។

ក្រៅ​ពី​នេះ លោក ស្វាយ សំអ៊ាង ក៏​បាន​ណែនាំ​ទៅ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​ទាំង​អស់ ត្រូវ​សហការ​គ្នា​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ។

លោក ជាក់ ម៉េងហ៊ាង អភិបាល​រង និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែម​នៅ​ថ្ងៃ​នេះ​ថា​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី​ទាំង​មូល គឺ​មាន​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាង ២០ ក្រុមហ៊ុន ដោយ​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ ២០ ម៉ឺន​ហិកតា។

លោក​បន្ត​ថា ក្រុមហ៊ុន​ទាំង​នោះ​ក៏​បាន​ធ្វើ​អាជីវកម្ម​តាមរយៈ​ការ​ដាំ​ដំណាំ និង​កៅស៊ូ ស្រប​ពេល​ដី​មួយ​ចំនួន​ក៏​ត្រូវ​បាន​ទុក​ចោល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​កាប់​ទន្រ្ទាន​វាទ​យក​ដោយ​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ចំពោះ​ការ​ណែនាំ​ទៅ​កាន់​ក្រុមហ៊ុន​ទាំង​អស់ យើង​មិន​ទាន់​មាន​របាយការណ៍​ថា មាន​ក្រុមហ៊ុន​ណា​បាន​ធ្វើ​ព្រំ ឬ​ផ្លូវ​ហើយ​នោះ​ទេ​ ព្រោះ​នេះ​ជា​ការ​ណែនាំ​ភ្លាមៗ។ ប៉ុន្តែ​គ្រាន់​តែ​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន គឺ​គាត់​បាន​ធ្វើ​ជា​ស្លាក​សញ្ញា និង​សញ្ញា​សម្គាល់​លើ​ទីតាំង​ដី​របស់​ពួក​គាត់​ជា​បណ្តើរៗ​ហើយ»។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​សហគមន៍​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ថា ការ​កំណត់​ព្រំប្រទល់​ដី​របស់​ក្រុមហ៊ុន គឺ​គួរ​តែ​ធ្វើ​ឡើង​ជា​យូរ​ណាស់​មក​ហើយ។

ប៉ុន្តែ​លោក​មើល​ឃើញ​ថា បញ្ហា​ដែល​នៅ​តែ​មិន​អាច​កំណត់​ព្រំ​ប្រទល់​បាន​ច្បាស់លាស់ ក៏​ព្រោះ​តែ​ក្រុមហ៊ុន និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​យក​ភាព​ស្រពេច​ស្រពិល ឬ​ភាព​មិន​ច្បាស់លាស់​នេះ ដើម្បី​ធ្វើ​ជា​ផល​ប្រយោជន៍​របស់​ពួក​គេ។

លោក​បញ្ជាក់​ថា៖ «បើ​គិត​ទៅ​រឿង​នេះ យើង​ធ្វើ​ក្នុង​ពេល​នេះ​ គឺ​យឺត​មហា​យឺត​ហើយ ដែល​កន្លែង​សម្បទាន​ខ្លះ ​គឺ​ក្រុមហ៊ុន​បាន​វាទ​ដី​កាប់​យក​ឈើ​នៅ​ខាង​ក្រៅ​ដីសម្បទាន​របស់​ខ្លួន។ បើ​សិន​ជា​ការ​បញ្ជា​​ឲ្យ​មាន​ការ​កំណត់​ព្រំប្រទល់​បាន​ត្រឹមត្រូវ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន ព្រោះ​រឿង​ល្មើស​ដែល​បាន​កើត​ពី​មុន​មក​នឹង​ត្រូវ​បាន​បង្ហាញ»។

យ៉ាង​ណា​ក្តី​ លោក ប៊ុណ្ណារ៍ សង្ឃឹម​ថា នៅ​ពេល​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ ត្រូវ​បាន​កំណត់​ព្រំ​បាន​ច្បាស់​លាស់ នោះ​បញ្ហា​ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី ក៏​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ ឬ​ទប់ស្កាត់​បាន​ដែរ​។ បន្ថែម​ពី​នេះ លោក​យល់​ថា ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ និង​បទល្មើស​ធនធាន​ធម្មជាតិ​ដទៃ​ទៀត ក៏​អាច​នឹង​ត្រូវ​បាន​ទប់ស្កាត់​បាន​ច្រើន​ជាង​មុន​ផង​ដែរ៕