មណ្ឌលគិរី​: អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ការពារ​​ និង​ដែនជម្រក​សត្វព្រៃ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ពី​ការ​ឈូសឆាយ​វាត​យក​ដីព្រៃ​នៅ​ចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុង​សហគមន៍​ភូមិ​រយ៉ ឃុំ​​រយ៉ ស្រុក​កោះញែក និង​ជាប់​ស្រុក​លំផាត់ ខេត្ត​រតនគិរី​។

លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជន​ខិលខូច​បាន​លួច​ឈូសឆាយ​ដីព្រៃ​ការពារ​ប្រមាណ​ជិត ១០០ ហិកតា​តាំងពី​មុន​ពេល​បោះឆ្នោត ដោយសារ​អាជ្ញាធរ​រវល់​កិច្ចការ​នេះ​ទើប​ក្រុម​ជន​ខិលខូច​នាំគ្នា​ឆ្លៀត​ឱកាស​ឈូសឆាយ​ដី​ព្រៃ​។ ប៉ុន្ដែ​ខណៈ​នេះ​លោក​បាន​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់ស្កាត់​ករណី​នេះ​ជា​បន្ទាន់​។

លោក​បាន​បន្ត​ថា​ដីធ្លី​នៅ​ក្នុង​តំបន់​នោះ​មិន​មាន​អាជ្ញាធរ​ជា​អ្នក​ឈូសឆាយ​ទេ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​ចម្ការ​នៅ​ជិត​តំបន់​នោះ​នាំ​គ្នា​ឈូសឆាយ ដើម្បី​ពង្រីក​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ពួកគាត់​បាន​លក់​ឲ្យ​អ្នក​ផ្សេង​ហើយ​ពួកគាត់​មិន​បាន​ដឹង​ថា ជា​ដីព្រៃ​ការពារ និង​ដែនជម្រក​សត្វព្រៃ​ក៏​ឈូសឆាយ​បន្ថែម​ទៀត​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ឲ្យ​មន្ត្រី​ខ្ញុំ ចុះ​ទៅ​ហើយ​ឃើញ​គេ​ផ្សាយ​អ៊ីចេះ អ៊ីចុះ ឬ​ខ្លះ​ថា​រាប់ពាន់​ហិកតា​ហើយ​ចេះ​តែ​និយាយ​ថា យើង​ហ្នឹង​មិន​អើពើ​ គ្មាន​វិធានការ​។ ការពិត​យើង​ចុះ​ទៅ​ផ្ទាល់​ហើយ​គឺ​មិន​ដល់​ ១០០ ​ហិកតា​ទេ​ហើយ​ពួកគាត់​មិន​ឈូសឆាយ​យក​ទាំងអស់​ទេ​គ្រាន់​តែ​ឈូស​កន្លែង​នេះ​បន្តិច កន្លែង​នោះ​បន្តិច​គឺ​គាត់​ចោះ​ដុំៗ​ដើម្បី​ពង្រីក​ដីស្រែ​ចម្ការ​របស់​គាត់​ទេ ហើយ​ឥឡូវ​យើង​ទប់ស្កាត់​បាន​ហើយ​»​។

លោក កែវ សុភ័ក្ដ្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​លោក​ ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុក​កោះញែក​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​ ប៉ិល ឌិត ប្រជាសហគមន៍​ឃុំរយ៉ ស្រុក​កោះញែក​បាន​ឲ្យ​ដឹង​ថា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​គេ​ឃើញ​គ្រឿងចក្រ​ធុន​ធំ​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​នៅ​ត្រង់​ចំណុច​អូរ​តាំហច​ស្ថិត​ក្នុង​ភូមិ​រយ៉​លើ និង​តំបន់​ត្រពាំង​តាទូត ត្រពាំង​ទឹកល្អក់ ស្ថិត​ក្នុង​ភូមិ​រវាត់​បាន​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ និង​កន្លែង​ខ្លះ​កំពុង​អារ​ផ្តួល​រំលំ​ដើមឈើ បើ​ទោះបី​ជា​គេ​ដឹង​ថា​ដី​នៅ​តំបន់​នោះ​ជា​ព្រៃឈើ​បម្រុង​ទុក​របស់​រដ្ឋ​ក៏ដោយ​។

លោក​បន្ត​ថា​លោក​មិន​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ឈូសឆាយ​ដីព្រៃ​ការពារ​នេះ​ទេ​។ «​ខ្ញុំ​អត់​ដឹង​ដែរ​បង ប៉ុន្ដែ​ឃើញ​គេ​យក​ត្រាក់ទ័រ​មក​ ៣-៤ ​គ្រឿង​មក​ឈូសឆាយ​គគ្រឹកគគ្រេង​គ្មាន​ខ្វល់​អ្វី​ទេ ហើយ​ខ្ញុំ​អត់​ដឹង​ថា​អាជ្ញាធរ​បាន​ដឹង​រឿង​នេះ​ឬ​អត់​ទេ​? ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​នេះ​ដូ​ចជា​ស្ងាត់​បន្ដិច​»​។

លោក អៀង ម៉េងលី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ ADHOC ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ប៉ុន្ដែ​លោក​មិន​ទាន់​បាន​ទៅដល់​ទីតាំង​ខាងលើ​នេះ​ទេ​។ យ៉ាងណា​ក៏ដោយ​លោក​បាន​និយាយថា ទីតាំង​ខាងលើ​នេះ​ពិតជា​មាន​ករណី​ឈូសឆាយ​ដីព្រៃ​មែន ហើយ​អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ក្នុង​តំបន់​នោះ​ជា​ទីតាំង​ព្រៃ​ការពារ និង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ករណី​ហ្នឹង​វា​កើតឡើង​តាំងពី​មុន​បោះឆ្នោត​មក​ម្ល៉េះ​ហើយ​ឈ្មួញ​ខិលខូច​ខ្លះ​គាត់​ទិញ​ដី​ពី​ពលរដ្ឋ​បាន​តិចតួច​ពេក តែ​គាត់​ចង់​ពង្រីក​ដី​ហ្នឹង​ថែម អ៊ីចឹង​មាន​តែ​ឈូសឆាយ​ថែម​ដែរ​។ ហេតុនេះ​បើ​ទប់ស្កាត់​មិន​ទាន់​ពេល​ទេ​អាច​នឹង​គ្មាន​ដែនជម្រក​សត្វព្រៃ​ទៀត​ទេ​»៕