មណ្ឌលគីរីៈ ​ថ្វី​បើ​លោក​ ​ស្វាយ​ សំ​អ៊ាង​ អភិ​បាល​ខេត្ត​មណ្ឌល​គិរីបាន​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​មន្ត្រី​ដែល​រំ​លោភ​ដី​ធ្លី​ក៏ដោយ ​ប៉ុន្តែ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ថ្លែ​ង​ថា ពួក​គេគ្មាន​ជំ​នឿ​ទៅ​លើ​អភិបាល​ខេត្ត​នោះ​ទេ។​

​លោក​ ​គ្រើ​ង​ តុលា​ តំណាង​សហគមន៍​ប៊ូ​ស្រា​នៅ​ស្រុក​ពេ​ជ្រា​ដា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​​ថា កន្លង​មក​លោក​ ​ស្វាយ​ ​សំ​អ៊ាង​ ​ធ្លាប់​ព្រមាន​ច្រើន​ដង​មក​ហើយ​ដើម្បី​ការពារ​ធនធាន​ធម្ម​ជា​តិ​ព្រៃ​ឈើ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ឱ្យ​បាន​គង់​វង្ស ​ប៉ុន្តែ​ការ​ព្រមាន​ទាំងនោះ​បាន​ត្រឹម​តែ​ជា​ការ​និយាយ​ ហើយ​ការ​អនុ​វត្ត​ជាក់​ស្ដែង​គឺ​ពុំ​មាន​នោះ​ទេ ​ដោយ​សារ​ក្រុម​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ គឺ​សុទ្ធ​សឹង​តែ​បង​ប្អូន​កូន​ក្មួយ​របស់​អ្នក​មាន​អំណាច។​

​លោក​ ​តុលា ​ថ្លែង​​ថា​៖​ «​នៅ​ខាង​កោះ​ញែក​អី ​គាត់​ធ្លាប់​និយាយ​​ដែរ​ ប្រសិន​អ្នក​ណា​ដឹក​ឈើ​ដោយ​​គ្មាន​ការ​អនុ​ញ្ញាត​ឬ​ខុស​ច្បាប់​ ​គាត់​នឹង​ចាត់​វិ​ធាន​ការ​ ប៉ុន្តែ​​វិធាន​ការ​គាត់​នោះ​បាន​ត្រឹ​ម​តែ​និយាយ​ ហើយ​​គ្មាន​ឃើញ​ការ​អនុ​វត្ត​ទេ។​ ​ការ​អនុវត្ត​គាត់​មាន​ដែរ​កន្លងមក​មិន​មែន​ថា​អត់​ទេ ​ប៉ុន្តែ​ការ​អនុវ​ត្ត​របស់​គាត់​នោះ ​វា​ប៉ះចំ​ពួកម៉ាក​បន​ភឿន​ ​ឬ​ប៉ះ​ចំ​កូន​ក្មួយ​ ​គាត់​ធ្វើ​អត់​បាន​ទេ​ អ៊ី​ចឹង​!​ ​ការ​ទន្ទ្រាន ​និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តែមាន»។​

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋ​បាល​ខេត្ត​មណ្ឌល​គិរី​បាន​ផ្សាយ​ថា ​លោក ​ស្វាយ​ សំ​អ៊ាង​ នៅ​ក្នុង​ពិធី​ប្រកាស​ឲ្យ​អភិបាល​ស្រុក​​អូរ​រាំង​ចូល​កាន់​តំ​ណែង​​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី ៤ ​កក្កដា​ បា​ន​ព្រមាន​មន្ត្រី​ និង​សមត្ថ​កិច្ច​ក្នុង​ខេត្ត​ ​ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ ​ប្រសិន​ពួក​គេ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​សហ​គម​ន៍​។​

​លោក ថ្លែង​​​ថា៖​ «​ដី​សហ​គមន៍​ ​មិន​មែន​ជា​​កម្ម​សិទ្ធិរ​បស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ​ហើយ​បើ​បុគ្គល​ណា​ម្នាក់​យក​ដី​សហ​គមន៍​នេះ ​ធ្វើ​ជា​កម្ម​សិទ្ធិ​ ​ឬ​លក់​ឲ្យ​​ឈ្មួញ​ ​គឺ​ផ្ទុយ​នឹង​លក្ខន្ដិកៈ​នៃ​ច្បាប់​សហ​គមន៍​ហើយ​​​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។​

​អភិ​បាល​ខេត្ត​មណ្ឌល​គិរី​បាន​បន្ថែម​ថា​ ​ការ​ចុះ​បញ្ជី​ដី​សហ​គមន៍​ ​គឺ​មា​ន​ការ​ចូល​រួម​ពី​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ពាក់​ព័ន្ធ​ទាំង​អស់​ ​ដើម្បី​កំណត់​អំពី​ទំ​តាំង​ទំហំ​ឲ្យបាន​ច្បាស់​លាស់​ និង​មាន​ការទទួល​ស្គាល់ពី​ក្រសួង​មហា​ផ្ទៃ ​ហើយ​ដី​សហ​គមន៍​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ ​គឺ​ត្រូវ​ខិត​ខំ​គ្រប់​គ្រង​ដើម្បី​រក្សា​ទុក​ជា​ប្រយោ​ជន៍​សមូ​ហភា​ព​ ​ក្នុង​ការធានា​ឱ្យ​បា​ន​និ​រន្ត​រភា​ព​ នៃ​ការ​អាស្រ័យ​ផល អនុ​ផល​ព្រៃ​ឈើ និង​រក្សា​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ។​

​ខេត្ត​មណ្ឌល​គិរី​មាន​ដែន​ជម្រក​សត្វ​ព្រៃ​ចំនួន​​ ៥​ កន្លែង​ ​គឺ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ដែន​ជម្រក​សត្វ​ព្រៃ​ណា​ម​លៀត​ ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច​ និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ និង​មាន​ដី​សហ​គមន៍​ដែល​មាន​ចុះ​បញ្ជី​ចំនួន​ជាង​ ២០​ ​និង​ជាង ​៣០​ ទៀត​កំពុង​​រៀប​ចំ​ចុះ​បញ្ជី ​នេះ​​បើ​តា​ម​ការ​អះ​អាង​របស់​លោក​ ​គ្រើង​ ​តុលា​។​

លោកបន្ត​ថា ធន​ធាន​ព្រៃ​ឈើ​ទាំង​នេះ​ កំពុង​ត្រូវ​បាន​គេ​ទន្ទ្រាន​ជា​បន្ត​បន្ទាប់​មក​ដល់​ពេល​បច្ចុ​ប្បន្ន​ ​ហើយ​ដែន​ជម្រក​សត្វ​ព្រៃ​ខ្លះ​ទៀត​ ​ស្ទើរ​តែ​រលាយ​អស់ពី​ព្រៃ ​និង​នៅ​សល់​ព្រៃ​តែ​លើ​ក្រដាស​ប៉ុ​ណ្ណោះ​។​

​លោក ថ្លែង​​ថា៖ ​«​អ៊ី​ចឹង​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ហ្នឹង​ ​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​រលាយ​មុន​គេ ​គឺ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណា​ម​លៀរ ​ហើយ​ឥឡូវ​កំពុង​ឈាន​ទៅ​រក​ហិន​ហោច​ គឺ​​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច​តែ​ម្ដង។​ ភ្នំ​ព្រិច​ហ្នឹង​ ​មាន​ក្រុម​ហ៊ុន​រាប់​រយ​ក្រុម​ហ៊ុន​ ​ប៉ុន្តែ​អត់​មាន​អភិ​វឌ្ឍន៍​ទេ បាន​ត្រឹម​បំផ្លាញ​យក​ឈើ​​ទៅ​លក់​នៅ​ប្រទេស​​វៀតណាម​តែ​ប៉ុណ្ណឹង​»​។​

​លោក​ ព្យា​ន​ ច្រេ​ន​ រស់​នៅ​ភូមិ​ពូ​ត្រែង​ ក្នុង​ឃុំ​ដាក់​ដាំ​ ស្រុក​អូរ​រាំង​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ក៏​មិន​ជឿ​ចំពោះ​ការ​ព្រមាន​របស់​អភិបាល​ខេត្ត​មណ្ឌល​គិ​រី​នេះ​ដែរ​ ​ព្រោះ​លោក​ថា ​ដោយ​សារ​ប្រហែល ​២ ​ខែ​មុន លោក​រួម​ទាំង​ពល​រដ្ឋ​ក្នុង​ភូមិ​ប្រហែល​ ២០ ​គ្រួសារ​ទៀត​បាន​ប្ដឹង​មេភូមិ​ និង​ឃុំ​ក្នុង​ឃុំ​ដាក់​ដាំ ​អំពី​ការ​យក​ដី​ចំនួន​ ៥០​៣ ​ហិក​តា ​ដែល​ភាគ​ច្រើន​ជា​ដី​សហ​គមន៍​ទៅ​លក់​ឲ្យ​​ឈ្មួញ​កាល​ពី​ថ្ងៃទី​ ១៦​ ​មេសា ឆ្នាំ​ ២០១៩ ​នេះ ​ប៉ុន្តែ​មក​ដល់​ពេល​នេះ ​ទាំង​ខេត្ត​ និង​តាម​មន្ទីរ​ពាក់​ព័ន្ធ​នានា​គឺ​គ្មាន​ចំណាត់​ការ​នោះ​ទេ។​

លោ​ក​ ​ច្រេន​ ​ថ្លែង​​ថា​៖​ «​នៅ​ពេល​ពួក​​​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ខេត្ត​ មន្ទីរ​ដែន​ដី​ និង​​រដ្ឋបាល​ព្រៃ​ឈើ​ជាដើម​ ​ប៉ុន្តែ​អត់​ដែល​ឃើញ​ពួក​គេ​ដោះស្រាយ​ទេ​»​។​

​លោក​ ​សុខ​ សេ​រ៉ា ​មន្ត្រី​នាំពាក្យ​សាលា​ខេ​ត្ត​មណ្ឌល​គិរី​បាន​លើក​ឡើង​ថា​ កន្លង​មក​ពុំ​មាន​​មន្ត្រី​ណា​មួយ​ក្នុង​ខេត្ត​ត្រូវ​បាន​ចាប់​ឲ្យ​ទៅ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ដោយ​សារ​ការ​រំ​លោភ​លើ​ដី​សហ​គមន៍​ឡើយ​ ព្រោះ​​សាលា​ខេត្ត​ពុំ​ធ្លាប់​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​ឡើយ​ទេ ​ហើយ​ការ​ព្រមាន​ជា​សាធារ​ណៈ​​របស់​អភិ​បាល​ខេត្ត​បែប​នេះ ​ដោយ​សារ​តែ​ឮ​ថា​ ​កំពុង​មាន​ករណី​មន្ត្រី​រំលោភ​លើដី​សហគមន៍។​

​លោក​ ​សេរ៉ា​ ថ្លែង​​ថា៖​ «​ថ្ងៃ​ចន្ទ​និង​អង្គា​រនេះ​ ប្រហែល​ជា​គាត់​អាច​រៀប​ចំ​ក្រុម​ការ​ងារ​ចុះ​ពិនិត្យ ​ដី​ណា​ជា​ដី​រដ្ឋ​ ​ហើយ​ដី​ណា​ជា​ដី​ប្រជាពលរដ្ឋ»។​

​លោក​ ​អ៊ាង​ ​ម៉េង​លី ​មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ខេត្ត​មណ្ឌល​គិរី​ឲ្យ​ដឹង​​ថា ​ការ​ព្រ​មាន​ជា​ការបន្លាច​មន្ត្រី​ឲ្យ​​ភ្ញាក់​រឭក​ប៉ុណ្ណោះ ​ប៉ុន្តែ​ប្រហែល​មិន​អាចមាន​ចំណាត់ការ​ចំពោះ​មន្ត្រី​ដែល​ធ្វើ​ខុស​ច្បាប់​ទាំង​នោះ​ឡើយ​។​ អភិបាល​ខេត្ត​ឬ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ត្រូវ​បញ្ជូន​ជន​ដែល​ពាក់ព័ន្ធ​និង​ការ​ឃុបឃិត​ទៅ​តុលាការ»៕