រតនគិរីៈ អភិបាលខេត្ដ​រតនគិរី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ជឿជាក់​លើ​អបិយ​ជំនឿ ប៉ុន្តែ​ត្រូវ​បែរ​ទៅ​រក​ការទទួល​សេវា​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ជំនួស​វិញ នៅពេល​សង្ស័យ​ថា មាន​ជំងឺ​គ្រុនឈាម​។ កាលពី​ឆ្នាំ​មុន ខេត្ដ​នេះ​មាន​ពលរដ្ឋ​កើត​ជំងឺ​គ្រុនឈាម​ ៤៦០ ​ករណី និង​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ ព្រោះ​មក​ទទួល​សេវា​ព្យាបាល​មិនទាន់​ពេល​។

លោក ថង សាវុន អភិបាលខេត្ដ​រតនគិរី​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តរតនគិរី​» ​រៀបចំ​ដោយ​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ពី​ម្សិលមិញ​ថា ខេត្ដ​រតនគិរី​មាន​ការកើនឡើង​ជំងឺ​គ្រុនឈាម​ជា​គំហុក ប៉ុន្ដែ​បាន​ទប់ស្កាត់ និង​ព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន​ទាន់​ពេលវេលា​។ នៅក្នុង​នោះ​ក៏មាន​ពលរដ្ឋ​មួយចំនួន​ត្រូវ​រងគ្រោះ​ព្រោះ​គាត់​មក​ទទួល​សេវា​ព្យាបាល​មាន​ភាពយឺតយ៉ាវ​។

លោក​ថ្លែងថា​៖ «​ខេត្ដ​រតនគិរី​សម្បូរ​ទៅដោយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ដែល​នៅមាន​ការជឿ​ទៅលើ​អបិយ​ជំនឿ​របស់​ខ្លួន ធ្វើ​ឱ្យ​យើង​មាន​ការលំបាក​ក្នុង​ការប្ដូរ​ផ្នត់គំនិត និង​ការកែប្រែ​ឥរិយាបថ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ បញ្ហា​នេះ​នៅតែ​ជា​ការលំបាក​ក្នុង​ការឱ្យ​ពលរដ្ឋ​លះបង់​អបិយជំនឿ​ហើយ​បែរ​មក​ទទួល​សេវា​សុខាភិបាល​របស់​រដ្ឋ​វិញ​»​។

លោក​អភិបាលខេត្ត​ថ្លែង​ថា ពាក់ព័ន្ធ​ករណី​ផ្ទុះ​ជំងឺ​គ្រុនឈាម​រហូត​បណ្ដាល​ឱ្យស្លាប់​គឺ​ព្រោះ​តែ​ពលរដ្ឋ​មិន​មក​ទទួល​សេវា បែរ​ជា​ជឿ​អបិយ​ជំនឿ​សែនព្រេន​ទៅវិញ​។ លោក​ថា បញ្ហា​សម្អាត​អនាម័យ​នៅ​តាម​ភូមិ​ឃុំ ក៏​នៅ​តែ​ជា​កត្ដា​បណ្ដាល​ឱ្យ​មាន​ការផ្ទុះ​ឡើង​ជំងឺ​គ្រុនឈាម​ក្នុង​ខេត្ដ​រតនគិរី​ដែរ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ដែល​កើតឡើង​ជំងឺគ្រុនឈាម​នេះ គឺ​កើតឡើង​នៅតែ​ភូមិ ឃុំ ដែល​ជា ភូមិ ឃុំ គោលដៅ​។ យើងខ្ញុំ​ព្យាយាម​ណាស់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​យល់​ពី​បញ្ហា​ជំងឺ​គ្រុនឈាម និង​បញ្ហា​សុខភាព​សាធារណៈ​នេះ​»​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​រតនគិរី​លោក អ៊ុង រតនា បញ្ជាក់​ដែរ​ថា រយៈពេល​ ៦ ​ខែ​កន្លង​ទៅ​នេះ​រដ្ឋបាល​ខេត្ដ​រតនគិរី​បាន​ចាត់​វិធានការ​ចុះ​ដាក់​ថ្នាំ​អាបែត​នៅ​គ្រប់​តំបន់​ដែល​អាច​ផ្ទុះឡើង​នូវ​ជំងឺ​គ្រុនឈាម​ដោយ​បាន​អប់រំ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​គ្រប់​តំបន់​ដែល​ប្រឈម​។

លោក​ថ្លែងថា​៖ «៦ ​ខែ​ឆ្នាំ​ ២០២០ យើង​រកឃើញ​មាន​ពលរដ្ឋ​កើតជំងឺ​គ្រុនឈាម​នេះ​ ៨ ​ករណី​។ យើង​បាន​ណែនាំ​ពួកគាត់​ឱ្យ​ទៅ​ទទួល​សេវា​ព្យាបាល​រួចរាល់​អស់​ហើយ​មិនមាន​បញ្ហា​គ្រោះថ្នាក់​អ្វី​ទេ​។ ករណី​ផ្ទុះឡើង​ជំងឺ​គ្រុនឈាម​នេះ គឺ​ចាប់ផ្ដើម​កើតឡើង​ពី​ខែមេសា​រហូត​ដល់​ខែវិច្ឆិកា ឬ​ខែធ្នូ​ទើប​បញ្ចប់​»​។

លោក​ រតនា ​ថ្លែង​ថា រដ្ឋបាលខេត្ត​បាន​ចាត់វិធានការ​ទាន់​ពេលវេលា​មិន​អាច​បណ្ដោយ​បញ្ហា​នេះ​បាន​ទេ ទោះបី​ជា​កំពុង​រវល់​ទប់ទល់​នឹង​បញ្ហា​ជំងឺ​កូវីដ​១៩​យ៉ាង​ណា​ក៏ដោយ​។ រដ្ឋបាលខេត្ត​មាន​ក្រុម​ការងារ​ដាច់​ដោយ​ឡែក​ក្នុង​ការទប់ស្កាត់​បញ្ហា​នេះ​មិន​ឱ្យមាន​ការរីក​រាលដាល​ឡើយ​។

លោក​ថា​៖ «​ក្នុងចំណោម ពលរដ្ឋ​ឆ្លង​ជំងឺគ្រុនឈាម​ចំនួន​ ៤៦០ ​ករណី​ កាលពី​ឆ្នាំ​ ២០១៩ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់ ព្រោះ​គាត់​ជឿ​លើ​អបិយ​ជំនឿ​មិន​ប្រញាប់​មក​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព​ឱ្យ​បាន​ទាន់ពេល​»​។

របាយការណ៍​របស់​រដ្ឋបាល​ខេត្ដ​បង្ហាញ​ក្នុង​សន្និសីទ​ខាងលើ​ឱ្យដឹង​ថា ជំងឺ​គ្រុនឈាម​មាន​ការកើនឡើង​យ៉ាងគំហុក​ក្នុង​ឆ្នាំ​ ២០១៩ ព្រោះ​ជា​ឆ្នាំ​ដែល​ជំងឺគ្រុនឈាម​មាន​ការផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស​ពី​ ១០ ​ករណី​ នៅ​ឆ្នាំ​ ២០១៨ ទៅ​ ៤៦០ ​ករណី​​ នៅ​ឆ្នាំ​ ២០១៩៕