រតនគិរីៈ អភិបាលខេត្ត​រតនគិរី​លោក ថង សាវុន សម្រេច​បិទ​ទីតាំង ១០ កន្លែង​ជា​បណ្តោះអាសន្ន​ស្ថិត​ក្នុង​ស្រុក​អូរយ៉ាដាវ ចាប់ពី​ថ្ងៃទី ១៣ ខែឧសភា​តទៅ បន្ទាប់ពី​រកឃើញ​បុរស​ម្នាក់​មាន​វិជ្ជមាន​កូវីដ១៩ បាន​ពាក់ព័ន្ធ​នឹង​ទីតាំង​ទាំងនេះ។

សេចក្តី​ជូនដំណឹង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យដឹងថា ការបិទ​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្រោយពី​បាន​រកឃើញ​បុរស​អាយុ ៣៧ ឆ្នាំ ម្នាក់​បាន​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ទីតាំង​ទាំងនេះ ហើយ​បុគ្គល​រូបនេះ​មាន​វិជ្ជមាន​ជំងឺ​កូវីដ១៩ តាមរយៈ​ការធ្វើ​តេស្ដ​រហ័ស​នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

សេចក្តី​ជូនដំណឹង​បន្តថា៖ «ក្នុងអំឡុងពេល​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ស្រុក​អូរយ៉ាដាវ ត្រូវ​ហ៊ុមព័ទ្ធ​ទីតាំង ផ្អាក​ការចេញចូល​ទីតាំង​ទាំងនេះ និង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក»។

សេចក្តី​ជូនដំណឹង​ដដែល​បាន​ឱ្យ​ដឹងថា ទីតាំង ១០ កន្លែង​ដែល​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ស្ថិតនៅ​ភូមិ​ប្លង់ ឃុំ​ប៉ាតេ ស្រុក​អូយ៉ាដាវ​មាន ៥ កន្លែង រួមមាន គេហដ្ឋាន​លោក ពក សារ៉ែន គេហដ្ឋាន​លោក ពេញ សុពី គេហដ្ឋាន​លោក គឹម សារុន គេហដ្ឋាន​លោក បឿន ឃា និង គេហដ្ឋាន​លោក ផៃ ចន្ទី។

ចំណែក ៥ កន្លែង​ផ្សេងទៀត​ស្ថិតនៅ​ភូមិ​អ៊ុន ឃុំ​លំជ័រ ស្រុក​អូយ៉ាដាវ​ក្នុង​នោះ​រួមមាន ផ្ទះសំណាក់ អាន ខ័ន គេហដ្ឋាន​លោក ឃឹម ស្រីអូន គេហដ្ឋាន​លោក ធី ប៉ូយុទ្ធ គេហដ្ឋាន​លោក មាស សឿន និង គេហដ្ឋាន​លោក ហន ជ្រៃ។

អភិបាលខេត្ត​រតនគិរី​បាន​ណែនាំ​ចំពោះ​ប្រជាពលរដ្ឋ ដែល​មាន​ការពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​ទីតាំង​ខាងលើ​ត្រូវ​មកជួប ឬ​ជូនដំណឹង​ដល់​ក្រុមការងារ​មន្ត្រី​សុខាភិបាល​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាបន្ទាន់។

អភិបាលខេត្ត​ក៏បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង ដោយ​ត្រូវអនុវត្ត​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ណា ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ សុខាភិបាល និង​វិធានការ​រដ្ឋបាល​របស់​រដ្ឋាភិបាល និង​វិធានការ​រដ្ឋបាលខេត្ត ដែល​បាន​ដាក់ចេញ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

សូម​រំឭកថា រដ្ឋបាលខេត្ត​រតនគិរី​កាលពី​ថ្ងៃទី ៩ ឧសភា បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ជា​លើកដំបូង​ទៅលើ​បុរស​ពីរ​នាក់ បន្ទាប់ពី​លទ្ធផល​តេស្ត​វិជ្ជមាន ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ដែល​បានធ្វើ​ឡើង​ដោយ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ត្រី​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​រតនគិរី៕