សៀម​រាបៈ អភិបាលខេត្ត​សៀម​រាប លោក ​ទៀ សីហា បាន​ប្រាប់​​ទៅដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ​រួម​ជា​មួយ​នឹង​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ ​ត្រូវ​ដាក់​បា​រ៉ា​ស់​​ត្រួតពិនិត្យ​នៅតាម​ច្រក​​ផ្លូវ​ទាំងអស់​ ដែល​ចូលមក​ក្នុង​ខេត្ត​សៀម​រាម​ ​ដោយ​ត្រូវ​​​​ស្រង់​ទិន្ន​ន័យ សួរនាំ​​អំពី​គោល​ដៅ​របស់​​អ្នក​ធ្វើ​ដំណើរ​។

លោក​បាន​លើកឡើងថា ប៉ា​រ៉ា​ស់​នោះ​ នឹងមាន​ការដាក់​នៅ​តាម​​ច្រក​មកពី​ខេត្តកំពង់ធំ ផ្លូវជាតិ​លេខ ៦ ដែល​ឆ្លងកាត់​ស្រុក​ស្ទោង ​និង​ស្រុក​ជីក្រែង ​និង​ច្រក​ផ្សេង​ទៀត​ នៃ​ស្រុក​ក្រឡាញ់ និង​ស្រុក​ព្រះនេត្រព្រះ​ ដែលមាន​អ្នក​ធ្វើ​ដំណើរ​មកពី​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ ទៀ សីហា​ ថា ៖ «សម្រាប់​កន្លែងផ្សេងៗទៀត ក៏ត្រូវ​ដាក់​ប៉ា​រ៉ា​ស់​​ផងដែរ រួមទាំង​ត្រូវ​ប្រយ័ត្ន​តាមផ្លូវ​ទឹក​ផង​ ដែល​មកពី​ភ្នំ​ក្រោម។ សរុបមក​គឺមាន​ទីតាំង​ចំនួន ៦ ច្រក​ ដែល​យើង​ត្រូវតែ​ដាក់​ប៉ា​រ៉ា​ស់​ ក្នុងការ​ត្រួតពិនិត្យ​ និងតាមដាន​ក្នុងការ​ស្រង់​យក​ទិន្ន​ន័យ​ ដែល​អាចធ្វើ​ទៅរួច ដោយ​មិនមាន​ការបិទច្រក​ ឬ​បិទ​ខេត្ត​ដទៃ​ចូលមកក្នុង​ខេត្ត​យើង​ទេ»។

លោក​ ទៀ សីហា បាន​បន្ថែមថា នេះ​ជា​វិធានការ​ ក្នុងការ​បង្ការ​​នូវ​ហានី​ភ័យ​ចូលមកក្នុង​ខេត្ត​នេះ ហើយ​ការដាក់​ប៉ា​រ៉ា​ស់​​នេះ​ គឺ​ក្នុង​គោលបំណង​ធ្វើការ​ស្រង់​ទិន្នន័យ សួរនាំ​ចំពោះ​អ្នកធ្វើដំណើរ​ មាន​គោលដៅ​ទៅណា​ ហើយ​ពួកគាត់​មកពីណា ហើយ​ប្រសិនបើ​ពួកគាត់​មកពី​តំបន់​ហានីភ័យ ​ដូចជា​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តព្រៃវែង នោះ​ពួកគាត់​នឹង​ត្រូវបាន​នាំខ្លួន​ទៅ​​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​យក​សំណាក​ ដើម្បី​ធ្វើតេស្ត​កូ​វីដ ១៩។

សម្រាប់​អ្នក​ដែល​មកពី​ខេត្តផ្សេងៗ គឺអាច​នឹងមាន​ការ​វាស់​កំដៅ និង​ស្កេ​ន​ QR Code ដើម្បី​ធ្វើការ​តាមដាន។

លោក​ថា៖ «ខ្ញុំ​នឹង​ឱ្យ​រដ្ឋបាល​​រៀបចំ​នូវ​ QR Code និង​ឯកសារ​មួយចំនួន ​ដើម្បី​អនុវត្តន៍​ឱ្យបាន​រលូន​នៅតាម​ប៉ា​រ៉ា​ស់​ដែល​​យើង​​នឹងត្រូវ​ដាក់ឱ្យ​បាន​លឿន​បំផុត»៕