ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល​ខេត្ត​ស្វាយរៀង​បាន​សម្រេច​បិទ​ខ្ទប់​រាល់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ក្នុង​ក្រុមហ៊ុន​កម្សាន្ត​អន្តរជាតិ​បាវិត-ម៉ុកបាយ ក្រុមហ៊ុន​កាស៊ីណូ​ពិភពថ្មី ក្រុមហ៊ុន​កាស៊ីណូ GOOD LUCK និង​ក្រុមហ៊ុន EMPEROR ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បាវិតកណ្ដាល សង្កាត់​បាវិត នៃ​ក្រុង​បាវិត រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​បាន​ចាប់​ផ្ដើម​ផ្ទុះ​ខ្លាំង​ក្រោយ​ពី​ថ្ងៃទី​ ២០ កុម្ភៈ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ដើម្បី​បំពេញ​មុខងារ​ក្នុង​ការ​ផ្តល់​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈចាំបាច់​ និង​បន្ទាន់ ឬ​សេវា​ដឹក​ជញ្ជូន​ទំនិញ ស្បៀង គ្រឿង​ឧបភោគ​បរិភោគ និង​ករណី ចាំបាច់​ផ្សេង​ទៀត ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ហើយ​ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​អនុវត្ត​វិធានការ​សុខាភិបាល រួម​មាន ការ​ពាក់ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ព្រម​ទាំង​ប្រកាន់​ខ្ជាប់​នូវ​ការ​ធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការ​វាស់​កម្ដៅ ដើម្បី​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សេចក្តី​សម្រេច​នេះ​បញ្ជាក់​ថា បុគ្គល​ទាំង​ឡាយ​ណា​ដែល​មិន​គោរព​វិធាន​របស់​អាជ្ញាធរ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន៕