ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល ដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិទាំង ៣ នៅក្នុងខេត្តនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងចូលនៃជនជាតិឥណ្ឌា ឬជនបរទេសដែលមានប្រវត្តិធ្លាប់ឆ្លងកាត់ប្រទេសឥណ្ឌា មុនចូលមកកាន់ប្រទេសកម្ពុជា។
នៅក្នុងលិខិតចុះថ្ងៃទី ២៩ ខែមេសា លោក ប៉ែន កុសល បានថ្លែងថា៖ «សូមលោកមេបញ្ជាការកងកម្លាំងទាំងបី លោកអភិបាលក្រុង ស្រុក និងលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិទាំង ៣ របស់ខេត្ត ត្រូវទប់ស្កាត់ចំពោះការឆ្លងកាត់ចូលមកប្រទេសយើងនូវជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងឡាយណាដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកកម្ពុជាចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។
ក្នុងករណីរកឃើញថា មានមុខសញ្ញាខាងលើបានឆ្លងចូលមក ឬកំពុងស្ថិតក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនសូមចាត់វិធានការស្របទៅតាមគោលការណ៍សុខាភិបាលជាបន្ទាន់ភ្លាម។
កាលពីថ្ងៃទី ២៧ ខែមេសា ក្រសួងសុខាភិបាលបានប្រកាសថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅកម្ពុជាមានសភាពខ្លាំង និងលឿនជាងពេលមុនៗហើយក្រៅពីការរាតត្បាតជាសកលនៃវីរុសបម្លែងថ្មីប្រភេទ B117 ដែលមានប្រភពមកពីប្រទេសអង់គ្លេស ទើបតែមានលេចចេញនូវវីរុសបម្លែងថ្មីមួយផ្សេងទៀត ឈ្មោះថា B1617 ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ដែលមានការឆ្លងខ្លាំង និងមានភាពធ្ងន់ធ្ងរជាងប្រភេទ B117។
ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលបានសម្រេចហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬផ្លូវគោកមួយរយៈ រហូតដល់មានការជូនដំណឹងជាថ្មីចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣ សប្តាហ៍ មុនចូលមកកម្ពុជាដោយចាប់អនុវត្តពីថ្ងៃទី ២៩ ខែមេសា នេះតទៅ។
លោក ប៉ែន កុសល បានដាក់បទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវបង្កើនការទទួលខុសត្រូវក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេសចេញចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងបទល្មើសនានាឆ្លងកាត់ព្រំដែន។
លោកថ្លែងថា ក្នុងករណីរកឃើញការលួចជ្រៀតចូលដោយខុសច្បាប់នៅចំណុចណាមួយអាជ្ញាធរត្រូវចាត់វិធានការបញ្ជូនចេញវិញតាមចំណុចនោះនៅនឹងកន្លែងភ្លាម និងក្នុងករណីបានជ្រៀតចូលជ្រៅមកក្នុងភូមិសាស្ត្រខេត្តអាជ្ញាធរត្រូវធ្វើការឃាត់ខ្លួន ហើយត្រូវសហការណ៍ឱ្យអនុវត្តវិធានចត្តាឡីស័កស្របតាមវិធានសុខាភិបាល។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមេសាថា លោក ប៉ែន កុសល ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញលិខិតណែនាំមួយផ្អែកតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទៅកាន់អាជ្ញាធរមូលដ្ឋានរួចហើយក្នុងការទប់ស្កាត់នេះ។
លោកថ្លែងថា៖ «យើងអនុវត្តស្របតាមខ្លឹមសារហ្នឹង [សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល]។ ប៉ុន្តែក្នុងករណីគាត់ចូលមករួចហើយ គឺយើងអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាល។ យើងត្រូវតែឱ្យគាត់ធ្វើចត្តាឡីស័កគ្រប់ ១៤ ថ្ងៃ បើសិនយើងពិនិត្យឃើញ គាត់មកពីប្រទេសឥណ្ឌា ហើយឆ្លងកាត់ប្រទេសទី៣ ហើយមកដល់ស្រុកយើង គឺយើងអនុវត្តនូវអ្វីដែលក្រសួងសុខាភិបាលណែនាំ»៕