កំពង់ធំៈ មន្ត្រីសង្គមស៊ីវិលលើកឡើងថា មន្ត្រីប៉ូលិសនិងកងរាជអាវុធខេត្តកំពង់ធំដែលប្រដាប់ដោយអាវុធវែងខ្លីជិត ១០០ នាក់ បានបោះជំរំដើម្បីពង្រាយប្រចាំការតាំងពីថ្ងៃទី ២៧ ខែ មេសា ស្ថិតក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្របពេលក្នុងឃុំនេះ កំពុងមានពលរដ្ឋតវ៉ារឿងដីធ្លី។ ប៉ុន្តែអភិបាលខេត្តបញ្ជាក់ថា ការដាក់ពង្រាយកងកម្លាំងនេះ គឺដើម្បីការពារសុវត្ថិភាពរបស់មន្ត្រីដែលចុះទៅបែងចែកដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ។
លោក សុខ រដ្ឋា មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា តាមការប៉ាន់ស្មាន មានកងកម្លាំងចាប់ពី ៨០ ទៅ ៩០ នាក់ និងរថយន្តសម្រាប់ចេញធ្វើអន្តរាគមន៍ជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយតាមគោលដៅជាច្រើនកន្លែងចាប់ពីសាលាឃុំដូង រហូតដល់ក្នុងភូមិមួយចំនួន និងកំពុងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានភាពភ័យខ្លាចអំពីសុវត្ថិភាព ដោយអ្នកខ្លះពួនសម្ងំក្នុងផ្ទះ និងខ្លះទៀតរត់គេចទៅនៅជាមួយបងប្អូននៅខេត្តផ្សេង។
លោកបន្តថា ការដាក់ពង្រាយកម្លាំងនេះ គឺដោយសារនៅក្នុងឃុំដូងកំពុងមានពលរដ្ឋធ្វើការតវ៉ារឿងបញ្ហាដីធ្លី ស្របពេលពួកគាត់ចោទប្រកាន់អាជ្ញាធរខេត្តថា បានចុះទៅបង្ខំរឹបអូសយកដីស្រែពួកគាត់ដែលធ្លាប់បង្កបង្កើតផលតាំងពីបុរាណកាលមក ដែលលោក រដ្ឋា បានចាត់ទុកការដាក់ពង្រាយកម្លាំងដែលមានប្រដាប់អាវុធនេះ ថាប្រព្រឹត្តផ្ទុយពីច្បាប់និងខុសពីតួនាទីជាកងកម្លាំងដែលមានកាតព្វកិច្ចការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំបានឲ្យដឹងដែរថា ការដាក់ពង្រាយកងកម្លាំងនេះ មិនមែនដើម្បីគំរាមកំហែងប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញគឺដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ និងដើម្បីការពារក្រុមមន្ត្រីដែលចុះទៅបែងចែកដីសម្បទានសង្គមកិច្ចទៅដល់សម្បទានិក ដែលគម្រោងនេះចាប់ផ្ដើមតាំងពី ២០០៩ មក។
ពលរដ្ឋនៅក្នុងឃុំដូងបានអះអាងថា អាជ្ញាធរខេត្តបានចុះទៅរារាំងពួកគាត់ដែលមានចំនួន ៤៧០ គ្រួសារ មិនឱ្យចូលទៅកាន់កាប់ដីស្រែអស់រយៈពេលជាង ២ សប្ដាហ៍មកហើយ ប៉ុន្តែភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបំភ្លឺទៅអ្នកតំណាងប្រជាពលរដ្ឋបានទេ កាលពីថ្ងៃម្សិលមិញ ដោយសារទូរស័ព្ទពួកគាត់មិនអាចទាក់ទងបាន។
ទោះយ៉ាងណាក៏ដោយ លោក សុខ លូ អះអាងថា ក្រុមប្រជាពលរដ្ឋទាំងនោះ គឺអ្នកចូលទៅកាន់កាប់ខុសច្បាប់លើដីរដ្ឋជាដីស្ថិតក្នុងគម្រោងសម្រាប់ធ្វើជាសម្បទានសង្គមកិច្ចរបស់ក្រសួងដែនដី និងក្រសួងមហាផ្ទៃ ហើយគម្រោងកំពុងត្រូវបានអនុវត្តដោយសាលាខេត្ត ប៉ុន្តែលោកស្នើសុំឱ្យពលរដ្ឋទាំងនោះ ត្រូវចូលរួមដោះស្រាយ ប្រសិនបើពិតជាមានដីត្រឹមត្រូវតាមច្បាប់មែននោះ។
លោកថា មានអ្នកខ្លះចាប់ផ្ដើមអុជអាលប្រជាពលរដ្ឋ ប្រមូលផ្ដុំគ្នាធ្វើអំពើផ្ដេសផ្ដាស ទៅបោះបង្គោល ឬបំផ្លាញសាលារៀនដែលសាងសង់ជិតហើយ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសម្បទានិក អ៊ីចឹងត្រូវប្រើកម្លាំងការពារមិនអាចឱ្យគាត់ជ្រុលធ្វើអីដែលខុសច្បាប់បានទេ។
ប៉ុន្តែលោក សុខ រដ្ឋា បានបញ្ជាក់ថា លោកពុំទាន់អាចសន្និដ្ឋានខាងណាខុសខាងណាត្រូវឡើយ ព្រោះត្រូវចុះស៊ើបអង្កេតពីករណីនេះបន្ថែមទៀត ប៉ុន្តែលោកថាតាមការចុះសម្ភាសផ្ទាល់ជាមួយពលរដ្ឋមួយចំនួន គឺពួកគាត់បានឆ្លើយថា ដីនោះគឺត្រូវបានកាន់កាប់តាំងពីដូនតាមកដើម្បីធ្វើស្រែចម្ការ៕