
លោក អ៊ុន ចាន់ដា អភិបាលខេត្ដព្រះវិហារ បានណែនាំដល់មន្ដ្រីបរិស្ថានការពារដើមឈើឲ្យបានគង់វង្ស និងត្រូវបង្ក្រាបរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ឲ្យអស់។ ហ្វេសប៊ុក អ៊ុន ចាន់ដា អភិបាលខេត្ដព្រះវិហារ
ព្រះវិហារៈ លោក អ៊ុន ចាន់ដា អភិបាលខេត្ដព្រះវិហារ បានណែនាំដល់មន្ដ្រីបរិស្ថានដែលកំពុងឈរជើងតាមដែនអភិរក្សនានាក្នុងខេត្ដព្រះវិហារត្រូវការពារដើមឈើឲ្យបានគង់វង្ស និងត្រូវបង្ក្រាបរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ឲ្យអស់ ខណៈមន្ត្រីកំពុងចុះទៅតាមគោលដៅមួយចំនួនដែលសង្ស័យមានបទល្មើស។
ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារ លោក អ៊ុន ចាន់ដា បញ្ជាក់ថា៖ «យើងបានណែនាំក្នុងកិច្ចប្រជុំហើយ។ ឥឡូវមន្ដ្រីបានចុះធ្វើការតាមការណែនាំរបស់ខ្ញុំនេះ ដោយពិនិត្យមើលទីតាំងណាដែលមិនមានច្បាប់អនុញ្ញាតគឺត្រូវបញ្ឈប់ទៅ។ រឿងនេះមន្ដ្រីជំនាញគាត់ដឹងគោលដៅត្រូវចុះធ្វើហើយ»។
ទាក់ទងនឹងបម្រាមឲ្យបញ្ឈប់រោងសិប្បកម្មច្នៃឈើអត់ច្បាប់នេះ លោកអភិបាលខេត្ដក៏បានបញ្ជាក់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារផងដែរកាលពីថ្ងៃ ២៥ ខែ កុម្ភៈ ថ្មីៗនេះ ដោយលោកបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសទាំងនេះ ខណៈនៅមានការរិះគន់នៅឡើយ។
លោក អ៊ុន ចាន់ដា បន្ដថា៖ «ការបង្ក្រាបរបស់យើងល្អប៉ុនណាក៏ដោយ ក៏អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលមាននិន្នាការប្រឆាំងនៅតែធ្វើការរិះគន់មកលើយើងដដែល។ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវខិតខំអនុវត្តបន្តទៅទៀត»។
ដោយឡែកចំពោះ អាជ្ញាធរភូមិ-ឃុំ លោកអភិបាលខេត្តបានអះអាងថា លោកបានណែនាំមិនឲ្យចេញលិខិតបញ្ជាក់លើការកាន់កាប់ដីព្រៃខុសច្បាប់នោះទេ។
លោកបន្ដថា៖ «ត្រូវបង្ក្រាបរោងសិប្បកម្មកែច្នៃឈើដែលឥតច្បាប់ពិសេសរោងសិប្បកម្មដែលនៅក្បែរដែនជម្រកដែនអភិរក្សតែម្តង។ ចំពោះរោងសិប្បកម្មដែលមានច្បាប់ត្រូវពិនិត្យឲ្យបានច្បាស់លាស់ពីប្រភពឈើ តើឈើនោះយកមកពីណា?ពីក្រុមហ៊ុនណា?»។
លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តព្រះវិហារមិនអាចសុំការបកស្រាយបន្ថែមបានទេ ដោយទូរស័ព្ទចូល តែមិនមានអ្នកទទួល។
លោក នួន វ៉ាន់ស៊ុយ សកម្មជនព្រៃឡង់ខេត្តព្រះវិហារបានឲ្យដឹងថា នៅតំបន់អភិរក្សរបស់លោកមិនមានរោងកែច្នៃឈើឬរោងកែច្នៃឈើខុសច្បាប់នោះទេ។
លោកថា៖ «នៅតំបន់ពួកខ្ញុំរាល់ថ្ងៃនេះ មិនមានរោងសិប្បកម្ម កែច្នៃឈើអីទេ ប៉ុន្ដែបើចេញពីតំបន់ពួកខ្ញុំប្រហែលជា ១០-២០ គីឡូម៉ែត្រនោះមានខ្លះ។នៅដែនជម្រកសត្វព្រៃ ព្រៃឡង់របស់ពួកខ្ញុំតាមដានក្នុងផ្ទៃដី ៣ ៩៧៧ ហិកតា នេះ គឺគ្មានកន្លែងសិប្បកម្ម កែច្នៃឈើណានៅជិតនោះទេ»៕