អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប ​បាននិយាយ​នៅថ្ងៃ​អង្គារ​ថា ​អភិបាលរង​ខណ្ឌ​ ៧ មករា ​ម្នាក់ ​ត្រូវបាន​តុលាការ​ខេត្ត​សៀមរាប ​សម្រេច​ចោទប្រកាន់​ពីបទ ​«ផិត»​ ក្បត់​ចិត្ត​ស្ត្រី​ជាប្រពន្ធ ​ដោយ​លួច​រួម​សេវនកិច្ច ​(រួមភេទ)​ ជាមួយ​ស្រី​ផ្សេង ​ដោយ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៦ ខែ ​ប៉ុន្តែ​ទោស​នោះ​ត្រូវ​ព្យួរ។

លោក​ យ៉ិន ស្រាង ​ប្រធាន​លេខា​ធិការដ្ឋាន ​និង​ជាអ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប ​បានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅថ្ងៃនេះថា ​លោក​ ហៀក ចាន់លាង ​អភិបាល​រង​ខណ្ឌ​ ៧ មករា ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ​និង​អនីតិ​ជន ​នៃ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប ​ចាប់​ឃាត់​ខ្លួន​នៅយប់​ថ្ងៃទី ៣០ ​ខែ មករា ​ឆ្នាំ ២០២១ ​ខណៈ​កំពុង​លួច​រួម​សេវនកិច្ច​ជា​មួយ​ស្ត្រី​វ័យ​ ២៥ ឆ្នាំ​ម្នាក់ ​នៅក្នុង​បន្ទប់​ខុនដូ​មួយ​កន្លែង ​ស្ថិត​នៅភូមិ​គ្រួស ​សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។ ការចាប់​ខ្លួន​នេះ ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ស្ត្រី​ជា​ប្រពន្ធ។

លោក​បានបន្តថា ​គាត់​ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្ត​សៀម​រាប ​នៅ​រសៀល​ថ្ងៃ​ទី ១ ​ខែ កុម្ភៈ ​ឆ្នាំ ២០២១ ​ដើម្បីចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់។ ករណី​នេះ​ត្រូវបាន​តំណាងអយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប ​ចោទប្រកាន់​ពី​បទ ​«ផិត» ​តាម​បញ្ញតិ​មាត្រា​ ៧ ​និង ​មាត្រា ១០​ នៃ​ច្បាប់​ស្ដីពី​ឯក​ពន្ធភាព។

យោង​មាត្រា​ទាំង ២ ​នៃ​ច្បាប់​នេះ ​គាត់​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ខែ​ ដល់​ ១​ ឆ្នាំ​ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ២០០ ០០០​ រៀល ​ដល់​ ១ ០០០ ០០០ ​រៀល​ ឬ ​ផ្ដន្ទាទោស​ណា​មួយ​នៃ​ទោស​ទាំង​ ២។

ទោះជា​បែបណា​ក្ដី ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ​សំណុំរឿង​របស់​អភិបាលរង​ខណ្ឌ​រូប​នេះ ​ត្រូវបាន​តុលាការ​បើក​ការជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​ភ្លាមៗ​តែម្ដង។ នេះ​បើតាម​លោក​ យ៉ិន ស្រាង។

លោក​បានបញ្ជាក់​ថា​៖ «ក្រោយ​បញ្ចប់​ការសួរ​ដេញ​ដោល​ក្នុង​សវនាការ​រយៈពេល​ខ្លី ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ លោក​ ហៀក ចាន់លាង ​ត្រូវបាន​លោក ​ឆែ វីរៈ ​ចៅក្រម​ជំនុំជម្រះ ​សាលា​ដំបូង​ខេត្ត​សៀមរាប​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៦ ខែ ​ប៉ុន្តែ​ទោស​នោះ​ត្រូវ​ព្យួរ​ទាំង​អស់»។

បើ​តាម​មន្រ្តី​នាំពាក្យ​រូប​នេះ ​ក្រោយពី​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ផិត​ក្បត់​នេះ​រួច ​លោក​ចៅក្រម​ក៏បាន​បញ្ជាឲ្យ​កម្លាំង​កង​រាជ​អាវុធហត្ថ ​ដែលជា​សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ​ដោះ​លែង​លោក​ ហៀក ចាន់លាង ​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ។

យោង​តាម​ប្រភព​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប​ម្នាក់​ដែល​ស្នើ​សុំ​មិនឲ្យ​បញ្ចេញ​ឈ្មោះ ​បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា​តាម​ចម្លើយ​របស់​លោក​ ហៀក ចាន់លាង ​ក្នុង​អំឡុង​ពេល​នៃ​ការស៊ើបសួរ​ដោយ​មន្ត្រី​ជំនាញ​កងរាជ​អាវុធហត្ថ​នោះ ​គាត់​និង​ប្រពន្ធ​របស់​គាត់​បានដាក់​ពាក្យ​លែងលះ​គ្នា​ដល់​តុលាការ​ជាយូរ​មក​ហើយ ​និងបានផ្ដាច់​ការរួម​សង្វាស់​មេត្រី​ជាមួយ​គ្នា​ជាយូរ​មក​ហើយ​ដែរ។ គ្រាន់តែ​តុលាការ​នៅ​មិនទាន់​សម្រេច​សេចក្ដី​ឲ្យ​ពួក​គាត់​លែងលះ​គ្នា​នៅ​ឡើយ​ទេ។

យ៉ាង​ណា​ក៏ដោយ ​លោក​ ហៀក ចាន់លាង ​មិនអាច​ទាក់​ទងស្នើសុំ​ការអធិប្បាយ​បានទេ ​កាលពី​ម្សិល​មិញ៕