ភ្នំពេញៈ អភិ​បាល​រង​ខេត្ត​ព្រះ​សី​ហនុចំ​នួន ២ រូប​ត្រូវ​បាន​ដក​មុខ​តំណែង​ និង​បាន​ប្រ​ឈម​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​អង្គភាព​ប្រ​ឆាំង​អំ​ពើពុក​រលួយ​ក្រោយពី​បាន​ពាក់​ព័ន្ធ​​នៅ​ក្នុង​​ករណី​ហិង្សា​រឿង​ជម្លោះ​ដីធ្លី ​នៅ​ភូមិ​គគី​រ ឃុំ​បិត​ត្រាំង​ ស្រុក​ព្រៃ​នប់​ កាល​ពី​ខែ​មករា ​បង្ក​ឲ្យ​ពលរដ្ឋ​រង​របួស​ និង​ចាប់​ចង​វាយ​ធ្វើបាប។

​លោក ​ស្រ៊ុន ​ស្រ៊ន់ ​និង​លោក ​ផៃ​ ប៊ុន​វណ្ណៈ ​អភិបាល​រង​​ខេត្ត​ព្រះ​សី​ហនុ​ត្រូវ​បាន​ដក​មុខ​តំណែង​តាមរយៈ​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

លោក​ ហ៊ុន ​សែន​ បាន​ថ្លែង​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​​របស់​លោក​ ដោយ​ភ្ជាប់​ជា​មួយ​នឹង​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​នោះ​ថា៖ «ថ្ងៃ​នេះ​​ខ្ញុំ​បង្ខំ​ចិត្ត​អនុវត្ត​អភិ​ក្រម​ទី ៥ ​គឺ​ការវះ​កាត់​ដោយ​ដក​អភិ​បាល​រង​ខេត្ត​ព្រះសី​ហ​នុ ​​២ រូប​ចេញ​ពី​តំណែង។​ ខ្ញុំ​ត្រូវ​តែ​យក​គ្រាប់​ក្រួស ​និង​ខ្សាច់​ចេញ​ពី​ស្បែក​ជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន។​ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជា​មួយ​មន្ត្រី​ខិល​ខូច​ទៀត​ទេ​ ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ។​ ដល់​ពេល​នេះ​ខ្លា​ក៏​ត្រូវ​វាយ ពស់​ក៏ត្រូវ​វាយ​ កណ្តុរ​ក៏​ត្រូវ​វាយ​ ឬ​រុយ​ក៏​ត្រូវ​វាយ​ឲ្យ​តែ​បំពាន​លើ​ផល​ប្រយោជន៍​ប្រជាជន»។

លោក​ ហ៊ុន​ សែន​ បាន​កំ​ណ​ត់​អភិ​ក្រម​ ចំនួន​ ៥​ ​គឺ​ ១-​ឆ្លុះ​កញ្ចក់,​២-​ងូត​ទឹក​ ៣-​ដុស​ក្អែ​ល,​ ​៤​-ព្យាបាល ​និង ​៥-​វះ​កាត់ ដែល​ជា​វិធាន​សម្រាប់​ឲ្យ​​មន្ត្រី​ពិ​ចារណា​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ការបំ​ពេញ​តួនា​ទី​ដោយ​​​ស្មោះត្រង់​ចំ​ពោះ​ប្រទេស​ជាតិ​ និង​ប្រ​ជាពល​រដ្ឋ​មុន​ពេល​ដល់​ដំណាក់​​កាល​​ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង។

លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល ​បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​​ថា​ បើទោះ​ជា​អភិ​បាល​ខេត្តរង​ទាំង​ ២ ​​នោះ​ ត្រូវ​បាន​​ដក​តំ​​ណែ​ង​ហើយ​​ក៏​ដោយ​ ក៏​ពួក​គេ​នៅ​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ដោយ​អង្គ​ភាព​ប្រ​ឆាំង​​អំ​ពើ​ ពុក​រលួយ​ ពាក់​ព័ន្ធ​នឹង​អំពើ​ ពុក​រលួយ ​និង​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

លោក​ ស៊ី​ផាន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា៖ «ការ​បង្ហាញ​តម្រុយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ ​គឺ​ជា​ហេតុ​ផល​មួយ​ដែល​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​មហា​ផ្ទៃ ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ​​ទាំង​ការ​ស៊ើប​អង្កេត​លើ​ទ្រព្យ​សម្បត្តិ​ និង​ការ​ស៊ើប​អង្កេត​លើ​ការប្រើប្រាស់​អំណាច​ ហួស​ព្រំដែន​របស់​ពួកគេ»។​

លោក​បញ្ជាក់​ថា​៖​ «មាន​ភាព​មិន​ប្រក្រតី​ខាង​ទ្រព្យ​សម្បត្តិ​អាហ្នឹង​ខាង ​ACU ​ចំណែក​បើ​មាន​ភាព​មិន​ប្រក្រតី​ខាង​ផ្នែក​រដ្ឋ​បាល​ ហ្នឹង​ខាង​ផ្នែក​ក្រសួង​មហាផ្ទៃ ​នឹង​មាន​សមត្ថ​កិច្ច។ ​អាច​ពុក​រលួយ​ចំពោះ​លុយកាក់​ ព្រោះ​តែ​ពួក​គេ ​ធ្លាប់​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ ​២ ​ឆ្នាំ​ម្តង ​នៅ ​ACU ​ហើយ​ផ្នែក​រដ្ឋបាល ​គឺ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ហ្នឹង​ ព្រោះ​ដី​ហ្នឹង​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ តែ​អភិបាល​ខេត្ត​រង​ទាំង ២ ហ្នឹង ​គាត់​ចុះទៅ​គួរតែ​ដឹង​ថា ​ដី​នេះ​ជា​ដី​របស់​រដ្ឋ​ ដូច្នេះ​ទុក​ឲ្យ​ក្រសួង​​មហា​ផ្ទៃ​គាត់​វាយ​តម្លៃ​ទៅ»។

លោក ​ឱម​ យ៉ិន​ទៀង​ ប្រធា​ន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) ​និង​​ជំនួយ​ការ​ផ្ទាល់​របស់​លោក​ គឺ​លោក យុិន​ទៀង​ ពុទ្ធា​រិទ្ធ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ។

ប៉ុន្តែលោក​នួន បូ​ផល ​អនុ​ប្រធាន​ ACU ​បាន​ប្រាប់​ថា​ អង្គ​ភាព​បាន​ទ​ទួល​ព័ត៌​មាន​នេះ​ហើយ​ តែ​ការស៊ើប​អង្កេត​​ ឬ​មិន​ស៊ើប​អង្កេត​ គឺ​អាស្រ័យ​លើ​ប្រធាន​អង្គភាព។

​លោក​​ បូផល​ ថ្លែង​ថា​៖ «​ខ្ញុំ​មិនអាច​បក​ស្រាយ​បាន​ទេ​ព្រោះ​យោង​តាម​ច្បាប់​មាន​តែ​ព្រះ​រាជ​អាជ្ញា​ដែល​លោក​ជា​ប្រធាន​អង្គភាព»។​

​ជា​មួយ​គ្នានេះ​ លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំឆ្នាំ​​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសី​ហនុ​ កាល​ពី​ថ្ងៃ​សុក្រ​ ថា​បញ្ហា​ជម្លោះ​ដីធ្លី​កើត​ឡើង​រហូត​មាន​ហិង្សា​បែប​នេះ ​ព្រោះ​មាន​វប្បធម៌​អន្តរាគម​ន៍ ពី​អ្នក​មាន​អំណាច ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​ បណ្តាល​ឲ្យ​រឿង​ចេះ​តែ​រីក​ធំ ដែល​មិន​អាច​ដោះ​ស្រាយ​បាន។​ ដូច​នេះ លោក​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​បែប​នេះ។

លោក​បញ្ជាក់ថា៖ «បញ្ហាដីធ្លី នៅ​កំពង់សោម មិនមែន​ទើបតែ​មាន​ពេលនេះ​ទេ ពីមុន​ក៏​វា​មាន​ដែរ តែ​ពេល​នោះ​​មិនសូវ​ស្រួចស្រាល់​​ប៉ុន្មាន ព្រោះ​ដី​មិនសូវ​ឡើងថ្លៃ ដល់​មានការ​វិនិយោគ​ច្រើន​ទៅ ដណ្ដើម​​គ្នា​កាន់កាប់ ហើយ​វា​បូក​ថែម​ហ្នឹង​អ្នកធ្វើ​អន្តរាគម​ន៍​ពីក្រោយ ហើយ​អ្នក​អន្តរាគម​ន៍​មិនសូវ​តូច​ប៉ុន្មាន​ទេ ព្រោះ​បើ​ហ៊ាន​អន្តរាគម​ន៍ ទាល់​តែ​ខ្លាំង​តិច ​មិន​ខ្លាំង​គឺ​អន្តរាគម​ន៍​មិន​បានទេ។ ខ្ញុំ​យក​ឱកាស​នេះ សុំ​អង្វរករអំពាវនាវ​សុំ​អស់​លោក​​ទាំងឡាយ ដែល​ចូលចិត្ត​ប្រើ​វប្បធម៌​អន្តរា​គម​ន៍ ឈប់ឬ​ដក​ខ្លួន​ចេញ​បើ​មិន​អ៊ឹ​ចឹ​ង​ចៅ​ហ្វាយ​ខេត្ត ឬ​រដ្ឋបាល​ខេត្ត​ធ្វើ​មិនបានទេ ងាក​ប៉ះ​នេះ ងាក​ប៉ះ​នោះ។ អ៊ឹចឹង​សុំ​អង្វ​រករ​ថា ដកខ្លួន​ចេញ ពីព្រោះ​បើ​ប្រើ​វប្បធម៌​អន្តរា​គម​ន៍​មកហើយ គឺ​ពិបាក​រក​យុត្តិធម៌​ឃើញ​ណាស់ ហើយ​បើ​រក​យុត្តិធម៌​មិនឃើញ គឺ​បញ្ហា​កាន់តែ​ធំ​ទៀត​»​​។

លោក ឱក​ សេរី​សោ​ភក្តិ៍ អ្នក​វិភាគ​នយោបាយ ​បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ដែល​បាន​ចាត់​វិធាន​ការ​ទាំងនេះ ហើយ​​អាច​នឹង​បន្ត​ជា​ហូរហែ​តទៅ​ទៀត​ដូច​ភ្លៀង​រលឹម​ ព្រោះ​វា​នៅ​ច្រើន​ណាស់​ពាស​វាល​ពាសកាល​ ហើយ​ការ​លុប​បំបាត់​នេះ ​គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ផល​ពិបាក ​ដោយ​ប្រើ​ភាព​អត់​ធ្មត់​​ខ្ពស់​បំផុត និង​ត្រូវ​ប្រើពេល​យូរ​បន្តិចដើម្បី​ទទួលបាន​ជំនឿ​ពី​ប្រជា​ពលរដ្ឋ​ដែល​បាត់បង់​ទៅ​ឲ្យ​ត្រឡប់​មក​វិញ។ បញ្ហា​ដ៏​ច្រើន ដែល​បន្ត​កើតមាន​នៅ​ក្នុង​សង្គម​ គួរតែ​ដល់​ពេល​ដោះស្រាយ ​និង​លុប​បំបាត់​ឲ្យ​បាន ចៀស​​វាង​ទទួល​រង​ការ​រិះគន់​ពី​ពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖​ «សម័យ​នេះ​ហើយ ​ពល​រដ្ឋ​មាន​មធ្យោ​បាយ​សម​ល្មម​អាច​តាម​មើល​ ហើយ​ពិចារណា​យល់​ដឹង​ថា ​អ្វី​ពិត អ្វី​លេង​ប៉ាហ៊ី។ ព​ល​រដ្ឋ​គាំទ្រ​សម្តេច​ និង​រដ្ឋាភិ​បា​ល​យ៉ាង​ពេញទំហឹង​ក្នុង​ការ​វះកាត់​ស៊ីជម្រៅ​នេះ ​តែ​សូមកុំ​ឲ្យ​យើង​ខ្ញុំ​ខក​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​ ព្រោះ​ទឹក​ចិត្ត​ដែល​រេច​រឹល​ពុំមែន​ស្រួល​សំលៀង​ដូច​កាំបិត​ឆែប​នោះ​ទេ។​ ក្នុង​អនា​គត​ឆាប់ៗ​ខាង​មុខ ​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជំនាន់​ថ្មី​នឹង​ត្រូវ​បន្ត​វេន​ដោយ​ការ​កសាង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ​ដែល​មុខ​តែ​ខុស​ពី​ជំនាន់​មុន»៕