ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​បាន​សម្រេច​ចោទ​ប្រកាន់​លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង និង​លោក​ឧកញ៉ា​ សង ថន ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ​ចោទ​សូកប៉ាន់​ និង​ស៊ីសំណូក​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​បាន​នាំខ្លួន​ទៅកាន់​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​ដីធ្លី​ប្រមាណ​ ៥ ០០០ ហិកតា​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​។

លោក​ គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សាកសួរ​ពេញ​ ១ ​ថ្ងៃ ព្រះរាជអាជ្ញារង​លោក​ សឿន ​មុនីរ័ត្ន បាន​សម្រេច​ចោទប្រកាន់​លោក​ សង ថន ងារ​ជា​ឧកញ៉ា​ចំនួន ២ ​បទ​ចោទ​គឺ​បទ​ផ្តើមគំនិត​ក្នុង​ការបំផ្លាញ​ដោយ​ចេតនា និង​កេងបំបាត់​ដោយ​ទុច្ចរិត និង​បទចោទ សូកប៉ាន់​។

លោក​បន្តថា ចំណែក​លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង​ត្រូវបាន​ចោទប្រកាន់​ចំនួន​ ២ បទល្មើស​ដូចគ្នា​គឺ​បទ​បំផ្លាញ​ដោយ​ចេតនា និង​កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទ​ចោទ​ស៊ីសំណូក​។ លោក​ថា​៖ «​ចោទ​ហើយ​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​លោក គុជ គឹមឡុង ក្រោយពី​បាន​សាកសួរ​តាម​នីតិវិធី​រួចមក​លោក​ចៅក្រម​អ៊ឹម វណ្ណៈ បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​​ទាំង​ ២ នាក់​ជា​បណ្តោះអាសន្ន​តាម​នីតិវិធី​។

លោក​ឧកញ៉ា​ សង ថន ដែល​បាន​កាន់កាប់​ដី​ប្រមាណ​ ៥ ពាន់​ហិកតា​ ឬ​ស្មើ​ ១ ភាគ ៤ នៃ​ផ្ទៃដី​ក្នុងស្រុក​គាស់ក្រឡ​ទាំងមូល​ត្រូវ​បាន ACU នាំខ្លួន​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​ក្នុង​ស្រុក​នេះ​កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែ​មិថុនា​។ ចំណែក​លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរង​ខេត្ត​បាត់ដំបង​ដែល​ធ្លាប់ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ត្រូវ​បាន​នាំខ្លួន​មកកាន់​ស្នាក់ការ ACU នា​រាជធានី​ភ្នំពេញ​នៅ​ព្រលប់​ថ្ងៃទី​ ១ ខែ​កក្កដា ឆ្នាំ​ ២០២០​។

ជុំវិញ​ករណី​អំពើ​ពុករលួយ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៧ ខែមិថុនា ក៏​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង​ផងដែរ​។ ប៉ុន្តែ​លោក​មិន​ត្រូវបាន​ចោទប្រកាន់​ ឬ​នាំ​ខ្លួន​មក​សួរនាំ​នោះទេ​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​សាទរ​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដូចជា​រដ្ឋាភិបាល ចំពោះ​ការចាត់​វិធានការ​លើ​ករណី​អំពើពុករលួយ​នៅ​ស្រុក​គាស់ក្រឡ​នេះ​។ លោក​បន្តថា​នេះ​គឺជា​ជំហាន​នៃ​ការអនុវត្ត​ច្បាប់​មួយ​ដែល​ល្អប្រសើរ ដែល​លោក​ចង់ឃើញ​ស្ថាប័ន​នេះ បន្ត​ចាត់វិធានការ​រាល់​មន្ត្រី​ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលុយ បើទោះ​ជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​តូចក្តី​ ឬ​ធំក្តី​។

លោក​បញ្ជាក់ថា​៖ «​បើសិន​ជា​ការសង្ស័យ​ថា​បុគ្គល​ទាំងនោះ​ពាក់ព័ន្ធ​នឹង​បទល្មើស​អំពើ​ពុករលួយ​អី​ជាដើម​គឺ​ត្រូវតែ​ចាត់វិធានការ ហើយ​យើង​ស្វាគមន៍ និង​លើកទឹកចិត្ត​ឲ្យ​មាន​ការអនុវត្ត​ច្បាប់ ដោយ​ស្មើភាព​គ្នា មិន​ថា អ្នកធំ អ្នកតូច​ក្តី អ្នកមាន អ្នកក្រ​អ្វី​ទេ ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​»​។

បើ​តាម​លោក ប៉ិច ពិសី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើពុករលួយ​នេះ​នៅ​ឡើយ ព្រោះ​អំពើ​ពុករលួយ​ក្នុង​រូបភាព​តូច និង​ធំ​នៅតែ​បន្ត​កើត​មាន​ជា​រៀងរាល់ថ្ងៃ​។ លោក​រំពឹង​ថា រាល់​សកម្មភាព​របស់​រដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ចាត់វិធានការ​ដោយ​គ្មាន​ការលើកលែង​ហើយ​បើ​អាច​គួរតែ​មាន​ការធ្វើ​វិសោធនកម្ម​មាត្រា​ច្បាប់​ខ្លះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ឃើញ​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​រាយការណ៍​ពី​អំពើ​ពុករលួយ​នោះ គាត់​មិនសូវ​ហ៊ាន​រាយការណ៍ ព្រោះ​តែ​ច្បាប់​បាន​ចែងថា បើសិន​គាត់​រាយការណ៍​ទៅ​ខុស គាត់​អាចនឹង​ទទួល​រង​បណ្តឹង​មកវិញ ដែល​ធ្វើឲ្យ​ពលរដ្ឋ​មិន​សូវ​ហ៊ាន​រាយការណ៍​។ បើ​អាច​យើង​សុំ​ធ្វើការ​ពិនិត្យ​កែប្រែ​ចំណុច​កន្លែង​នេះ​»៕