ភ្នំពេញៈ លោក លី សំរិទ្ធ អភិបាលរង​ខេត្ត​សៀមរាប​បាន​សម្តែង​ការបារម្ភ​ថា ផែនការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នៅ​ចុង​ឆ្នាំ​ ២០២១ ​អាច​នឹង​មាន​ការយឺតយ៉ាវ ដោយសារ​តែ​ការចុះបញ្ជី​ដីធ្លី​នៅ​សល់​រហូត​ដល់​ប្រមាណ ៨០ ភាគរយ​ទៀត ហើយ​បញ្ហា​វិវាទ​ដីធ្លី​គឺជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​។

លោក​ លី សំរិទ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តសៀមរាប​» ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ នាទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​មាន​អ្នកចូលរួម​ជាង​ ៣០ ​នាក់​។

លោក សំរិទ្ធ ថ្លែងថា​៖ «​ការងារ​ដីធ្លី និង​សំណង់​គឺជា​ការងារ​មួយ​ដែលមាន​សារៈសំខាន់​ជា​សារវន្ត​សម្រាប់​រដ្ឋាភិបាល​ខេត្ត​ក៏ដូចជា​រដ្ឋាភិបាល ព្រោះ​តាម​ផែនការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​បាន​ដាក់​ផែនការ​ថា ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ និង​ការចុះបញ្ជី​ដីធ្លី​របស់​រដ្ឋ​ឲ្យ​បាន​បញ្ចប់​នៅត្រឹម​ដំណាច់​ឆ្នាំ​ ២០២១ ដែល​យើង​នៅសល់​ ១ ​ឆ្នាំ​កន្លះ​ទៀត​»​។

ជាមួយ​នឹង​ការថ្លែង​បែបនេះ លោក​សម្តែង​ក្តីបារម្ភ​ថា ផែនការ​នេះ​ប្រហែល​ជា​មិនអាច​សម្រេច​បាន​នោះទេ បើទោះ​ជា​ខេត្ត​បាន​ខំប្រឹងប្រែង​យ៉ាងណា​ក៏ដោយ ព្រោះ​ដោយសារ​តែ​ដី​ដែល​មិនទាន់​បាន​ចុះបញ្ជី​នៅ​សល់​ចំនួន​ច្រើន ម្យ៉ាង​វិវាទ​ដីធ្លី​ក៏​ជា​កត្តា​ស្មុគស្មាញ ដែល​នាំឲ្យ​ការអនុវត្ត​អាច​មិនអាច​សម្រេច​បាន​តាម​ផែនការ​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅសល់​ក្បាលដី​ច្រើន​មាន​ប្រមាណ​ ៨០ ​ភាគរយ​ដែល​មិនទាន់​បាន​ចុះបញ្ជី បើ​ទោះ​រដ្ឋបាល​ខេត្ត​បាន​ខំប្រឹងប្រែង​ចុះបញ្ជី​ដីធ្លី​តាម​លក្ខណៈ​ជា​ប្រព័ន្ធ​ផង និង​ការចុះបញ្ជី​ដីធ្លី​តាម​លក្ខណៈ​ដាច់​ដោយ​ដុំ​ផង​ក្តី​។ កិច្ចការ​ដីធ្លី​នេះ យើង​ក៏មាន​វិវាទ​ច្រើន​ដែរ រាប់រយ​សំណុំ​រឿង​កំពុង​ស្ថិត​នៅក្នុង​រដ្ឋបាល​សាលាខេត្ត ដោយ​យើង​មាន​យន្តការ​ដោះស្រាយ​ជា​បន្តបន្ទាប់​»​។

បើ​តាម​លោក សំរិទ្ធ គិត​ត្រឹម​ដើម​ខែ​មិថុនា​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ធ្វើ​បណ្ណ​កាន់កាប់​ដីធ្លី​ដែល​ចុះបញ្ជី​ដីធ្លី​រួចរាល់​ជូន​ពលរដ្ឋ​បាន​ចំនួន ១០ ម៉ឺន​បណ្ណ ឬ​ ១០ ​ម៉ឺន​ក្បាលដី ហើយ​ក្នុង​ឆ្នាំ​ ២០១៩​រដ្ឋបាលខេត្ត​បាន​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ជាង​ ១០០ ​ករណី​។ លោក​បន្តថា​បើទោះ​ជា​លទ្ធផល​អាច​នឹង​មិន​សម្រេច​បាន​តាម​ផែនការ ប៉ុន្តែ​រដ្ឋបាលខេត្ត​នឹង​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​តាម​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ ១០០ ​ភាគរយ​ក្នុង​ពេល​អនាគត​។

លោក​ សួស ណារិន អ្នកស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តសៀមរាប​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​ខេត្ត​នេះ​ដី​ដែល​បាន​ចុះបញ្ជី​ដីធ្លី​ភាគច្រើន​គឺ​មាន​តែ​នៅ​ក្រុង​សៀមរាប​តែប៉ុណ្ណោះ​។ ចំណែក​នៅតាម​ស្រុក និង​តំបន់​ឆ្ងាយៗ​ដូចជា ស្រុក​ស្រីស្នំ វ៉ារិន ជីក្រែង អី​ជាដើម​នោះ​គឺ​មាន​ការចុះបញ្ជី​ដីធ្លី​តិចតួច​បំផុត​។

លោក​បញ្ជាក់​ថា​៖ «​កត្តា​ជាច្រើន​ដែល​ជា​ឧបសគ្គ​នៃ​ការរារាំង​ក្នុង​ការចុះបញ្ជី​ដីធ្លី ក្រៅពី​វិវាទ​ដីធ្លី​នោះ​គឺ​ការចូលរួម​ពី​មន្ត្រី​គ្រប់ជាន់ថ្នាក់​ក្នុង​ការអនុវត្ត​ការចុះបញ្ជី​ដីធ្លី​ហ្នឹង​មិន​បាន​ចូលរួម​ឲ្យ​បាន​សកម្ម​នោះ​ទេ គឺ​មាន​ភាពយឺតយ៉ាវ​។ និយាយ​រួមការ​ចុះបញ្ជី​ដីធ្លី​នេះ​មាន​ការផ្សព្វផ្សាយ​មែន តែ​ការអនុវត្ត​មិន​បាន​ដូច​ការផ្សព្វផ្សាយ​នោះទេ ហើយ​ការដែល​ចុះ​វាស់​ខ្លះ​គឺ​មាន​តែ​មន្ត្រី ប៉ុន្តែ​គ្មាន​ការចូលរួម​ពី​ពលរដ្ឋ​នោះទេ​»​។ លោក ណារិន លើក​ឡើង​ថា បើ​ការចុះបញ្ជី​ដីធ្លី​នៅតែ​បន្ត​អូសបន្លាយ​នោះ​បញ្ហា​ទំនាស់​ដីធ្លី​នឹង​នៅតែ​កើតមាន​ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​វិវាទ​ដ៏រុំារ៉ៃ​យូរអង្វែង​៕