ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង ស្រេង បាន​ចេញ​បម្រាម​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ ដោយ​ឱ្យ​ពលរដ្ឋ​ចៀសវាង​ការធ្វើ​ដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ​ទីសំណាក់​ដែល​មិនចាំបាច់ និង​ត្រូវ​ចៀសវាង​ការធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ខេត្ត​ផ្សេង ខណៈ​ដែល​ក្រសួង​សុខាភិបាល​អាច​នឹង​ស្នើឱ្យ​មាន​ការបន្ត​ដាក់​បម្រាម​គោចរ​ ១ ​ឬ​ ២ ​សប្តាហ៍​បន្ថែមទៀត ដើម្បី​កាត់ផ្តាច់​ចរន្ត​នៃ​ការចម្លង​មេរោគ​កូវីដ​ ១៩​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចេញ​នូវ​សេចក្តីណែនាំ​ស្តីពី​ការរឹតបន្តឹង ការអនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ និង​វិធានការ​បង្ការ​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ឱកាស​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខែ្មរ​ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ១៤ ​ដល់​ ១៦ ខែ មេសា ឆ្នាំ​ ២០២១ ​ខាងមុខ​។

លោក​ ឃួង ស្រេង បាន​ហាម​ដាច់ខាត​នូវ​ការលេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​ការលេង​បាញ់​ទឹក​ ឬ​ជះ​ទឹក ចៀសវាង​ការធ្វើដំណើរ​ចេញ​ក្រៅ​លំនៅឋាន​ ឬ​ទី​សំណាក់​ដែល​មិនចាំបាច់ និង​ត្រូវ​ចៀសវាង​ការធ្វើដំណើរ​កម្សាន្ត​ ឬ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ផ្សេងៗ​។ នៅ​ឆ្នាំ​នេះដែរ​ក៏​មិនមាន​ការរៀបចំ​នូវ​សង្ក្រាន្ត​វត្តភ្នំ និង​ការរៀបចំ​សង្ក្រាន្ត​តាម​បណ្តា​ខណ្ឌ​ទាំង​ ១៤ នោះ​ទេ​។

នៅក្នុងពេល​ចុះ​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​កូវីដ​១៩​នៅ​ក្រសួង​ព័ត៌មាន​កាលពី​ម្សិលមិញ លោកស្រី​ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែងថា ការដាក់​បម្រាមគោចរ​របស់​សាលា​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត គឺជា​វិធានការ​មួយ​ដែល​ចូលរួម​ចំណែក​ក្នុង​ការកាត់ផ្តាច់​នូវ​ខ្សែចម្លង​វីរុស​កូវីដ​ ១៩​ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ដែល​នេះ​ជា​ចំណុច​សំខាន់​ណាស់​។

លោកស្រី​មាន​ប្រសាសន៍​​ថា​៖ «​យើង​ចាំបាច់​ណាស់ ត្រូវតែ​រិះរក​នូវ​គ្រប់​វិធី​ទាំងអស់​ធ្វើ​យ៉ាងណា​ដើម្បី​កាត់ផ្តាច់​ឱ្យបាន​នូវ​ការចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ ហើយ​ខ្ញុំ​គិតថា នេះ​ជា​វិធានការ​មួយ​ដ៏សមស្រប ហើយ​យើង​សង្កេតឃើញ​ថា​មាន​ប្រសិទ្ធភាព ប៉ុន្តែ​យើង​នឹង​តាមដាន​មើល​នៅក្នុង​រយៈពេល​ ២ ​សប្តាហ៍​ក្រោយ​»​។

អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ថា៖ «​ប្រសិនបើ​ករណី​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩​ នៅតែ​រកឃើញ​ខ្ពស់ អ៊ីចឹង​!​ខ្ញុំ​នឹង​គោរព​ស្នើសុំ​ដ៏ទទូច​នូវ​ការបន្ត​អនុវត្ត​បម្រាម​គោចរ​នេះ​ប្រហែល​នឹងត្រូវ​បន្ត​ក្នុង​រយៈពេល​ ១ ​ឬ​ ២ ​សប្តាហ៍​ទៀត ដើម្បី​កាត់ផ្តាច់​ការចម្លង​ឱ្យបាន​»​។

ទោះយ៉ាងណា​លោកស្រី វណ្ណឌីន នៅ​មិនទាន់​អាច​វាយតម្លៃ​បានទេ​នៅពេលនេះ ដោយសារ​ការអនុវត្ត​បម្រាម​គោចរ ទើបតែ​ធ្វើបាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដែល​លោកស្រី​ត្រូវ​រង់ចាំ​មើល​នៅ សប្តាហ៍​ក្រោយ​ថា​តើ​ការឆ្លង​រីករាលដាល​នេះ​អាច​កាត់ផ្តាច់​បាន ឬ​វា​ស្ថិតនៅក្នុង​ដំណាក់កាល​ណាមួយ​។

ជាមួយ​គ្នា​នេះដែរ លោកស្រី​បាន​លើក​ឡើង​ដែរ​ថា ប្រទេស​កម្ពុជា​មិនទាន់​ដល់ពេល​បិទ​ប្រទេស​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​នៃ​ការកើតឡើង​ជំងឺ​កូវីដ គឺមាន​ទៅតាម​តំបន់​ និង​កន្លែង​ផ្សេងៗ​គ្នា ដែល​ធ្វើឱ្យ​ការអនុវត្ត​ក៏ត្រូវ​ធ្វើ​ទៅតាម​ទីកន្លែង​ និង​តំបន់​នោះដែរ​។ «​យើង​មិនអាច​ឈានដល់​ការបិទ​នៅ​ទូទាំង​ប្រទេស​បានទេ​»​។

ចំណែក​អភិបាល​ខេត្តកំពង់ធំ​លោក​ សុខ លូ ​ក៏​បានចេញ​សេចក្តី​ណែនាំ​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ផងដែរ​ដែល​ជា​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​រយៈពេល​ ៩ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១៨ ខែ មេសា ឆ្នាំ​ ២០២១ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​លើកឡើង​ថា៖ «​ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ការឆ្លង​នៃ​វីរុស​កូវីដ​ ១៩ រដ្ឋបាលខេត្ត​កំពង់ធំ​ស្នើឱ្យ​មាន​ការផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព អាជីវកម្ម​ចំពោះ​អាហារដ្ឋាន​ភោជនីយដ្ឋាន​ហាង​កាហ្វេ ហាង​ភេសជ្ជៈ​ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ ប៉ុន្តែ​អាច​វេចខ្ចប់​បាន​»​។

លោក​ថា មិនឱ្យ​មាន​ការកម្សាន្ត​ ឬ​ការប្រមូលផ្តុំ​ណាមួយ​ឡើយ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ និង​កែច្នៃ​ឡើយ ហើយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​រឹតបន្តឹង​ការធ្វើដំណើរ ឬ​ការដឹកជញ្ជូន​មនុស្ស​ដែលមាន​ចំនួន​ច្រើន​។

លោក​ សុខ លូ ​បន្ត​ថា​៖ «​ចំពោះ​ប្រជាពលរដ្ឋ​ត្រឡប់​មកលេង​ស្រុកកំណើត ដែល​មកពី​តំបន់​មាន​ការរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​នៅតាម​លំនៅឋាន​រៀងៗ​ខ្លួន​ ឬ​តាម​មណ្ឌល​ចត្តាឡីស័ក​ក្រុង​ស្រុក​ ឬ​ខេត្ត​តាម​ការជាក់ស្តែង​»​។

យោងតាម​របាយការណ៍​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិញ ក្រសួង​រកឃើញ​អ្នក​ឆ្លង​កូវីដ​ចំនួន​ ៦៣ ​នាក់​បន្ថែមទៀត​ ដែល​សុទ្ធតែ​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ខណៈ​មាន​អ្នកជា​សះស្បើយ​រហូត​ដល់​ ៩៤ ​នាក់​។ ករណី​ឆ្លង​ថ្មី​នេះ​មាននៅ​ភ្នំពេញ ៣០ ​នាក់ ខេត្ត​ស្វាយរៀង​ ២២ ​នាក់ ខេត្ត​ព្រះសីហនុ​ ៦ ​នាក់ និង​ ៤ ​ខេត្ត​ផ្សេងទៀត​មាន​អ្នក​ឆ្លង​ ១ ​ករណីៗ​ដូចគ្នា គឺ​ខេត្ត​កណ្ដាល​ ខេត្តព្រៃវែង ខេត្ត​កោះកុង និង​ខេត្តកំពង់ឆ្នាំង​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ សរុប​ចំនួន​ ២ ៧៥២ នាក់ ​ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ មាន​ចំនួន​ ២២២២ ​នាក់​ អ្នកជា​សះស្បើយ​ទូទាំង​ប្រទេស​ចំនួន​ ១ ៧៤៧ ​នាក់​អ្នកកំពុង​ព្យាបាល​ចំនួន​ ៩៧៩ ​នាក់ និង​អ្នកស្លាប់​ចំនួន​ ២១ ​នាក់​៕

វីដេអូ៖