ភ្នំពេញ៖ អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្ដែង​នូវ​ក្ដ៏​សង្ឃឹម​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា ការ​បិទ​ខ្ទប់ និង​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​មនុស្ស​ច្រើន​ក្នុង​រយៈពេល ១៤ ថ្ងៃ នឹង​អាច​ទទួល​បាន​ជោគជ័យ​ដោយ​ធ្វើ​ការ​កាត់​ផ្តាច់​នូវ​ការ​រីក​រាលដាល​វីរុស​កូវីដ ១៩។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែ មេសា ឆ្នាំ ២០២ ១នៅ​សាលា​រាជធានី​ភ្នំពេញ លោក​បាន​លើក​ឡើង​ថា៖ «រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ចូល​ដល់​បន្ទាត់​ក្រហម ទើប​រាជរដ្ឋាភិបាល​សម្រេច​បិទខ្ទប់​រយៈពេល ១៤ ថ្ងៃ។ ការងារ​នេះ​ជា​ការងារ​អាក្រក់​បំផុត ប៉ុន្តែ​យើង​សុខចិត្ត​ឈឺ​ចាប់​តិច ប្រសើរ​ជាង​ឈឺ​ចាប់​យូរ​អង្វែង»។

លោក​បាន​បន្ត​ថា ក្នុង​ពេល​បិទខ្ទប់​នេះ ប្រជាពលរដ្ឋ​អាច​ទៅ​ទិញ​អាហារ ឬ​អីវ៉ាន់ ក្នុង ១ សប្តាហ៍ ៣ ដង ហើយ​ជា​មនុស្ស​ដដែល​តែ​ម្នាក់ ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូវីដ ១៩។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ខ្វះខាត អាជ្ញាធរ​ក៏​មាន​រៀបចំ​នូវ​សេវា​សម្រាប់​ឱ្យ​ពួក​គាត់​ទាក់ទង​មក​អាជ្ញាធរ​តាម​ផេក ឬ​លេខ​ទំនាក់ទំនង (hotline) របស់​សាលារាជធានី​ភ្នំពេញ ដើម្បី​ពួក​គាត់​អាច​រាយការណ៍ ដើម្បី​មាន​ការ​ដឹក​ស្បៀង​ជូន​ពួក​គាត់​បាន ដោយ​រាជរដ្ឋាភិបាល​មិន​អាច​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​នោះ​ទេ។

ទាក់ទង​នឹង​ទំនិញ​ឡើង​ថ្លៃ លោក ឃួង ស្រេង នឹង​ចាត់​វិធានការ​រដ្ឋបាល​ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​នូវ​ការ​ឡើង​តម្លៃ​ទំនិញ​ណាមួយ ដែល​គ្មាន​ហេតុផល​ដោយ​លោក​នឹង​ធ្វើ​ការ​ណែនាំ​ឱ្យ​បញ្ចុះ​តម្លៃ​ទំនិញ​តាម​ប្រក្រតីភាព។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ថា តើ​ការ​ឡើង​ថ្លៃ​ទំនិញ​នេះ ដោយសារ​មូលហេតុអី បើ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​មិន​ធ្វើ​ការ​បិទ​ការ​លក់​ទំនិញ ពិសេស​គ្រឿង​ឧបភោគ​បរិភោគ​នេះ»។

លោក ឃួង ស្រេង បាន​បន្ត​ទៀត​ថា សាលា​ក្រុង​បាន​រៀបចំ​ការងារ​នេះ​រួច​ហើយ ហើយ​ខាង​ក្រសួង​ពាណិជ្ជកម្ម​នឹង​ចុះ​ពិនិត្យ​មើល​លើ​ការងារ​នេះ​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ ដើម្បី​ប្រជាពលរដ្ឋ ដោយ​មិន​ឱ្យ​ឈ្មួញ​ទុច្ចរិត​ណា​មួយ ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​បាន​ទេ៕