ភ្នំពេញៈ លោក ឃួង ស្រេង អភិបា​ល​​រាជធានី​ភ្នំពេញ បាន​ដាក់​បញ្ជា​ជា​ថ្មី​ទៀត​ឱ្យ​កម្លាំង​នគរ​បាល​ នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ បន្ត​ធ្វើ​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​​ច្បាប់​​ និង​បញ្ហា​គ្រឿង​ញៀន​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​ បន្ទាប់​ពី​សង្កេត​ឃើញថា ល្បែង​ស៊ីសង​ខុសច្បាប់ ​ហាក់​មាន​ការ​កើត​ឡើង​​ច្រើន។

លោក ម៉េត​ មាសភក្តី អ្នកនាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំ​ពេញ បាន​ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា ការបញ្ជា​នេះ​ ត្រូវបាន​ដាក់​ទៅ​ឱ្យ​ស្នង​ការ​រាជធានី​ភ្នំ​ពេញ ដើម្បី​​ធ្វើ​ការ​បង្រ្កាប​ល្បែង​ស៊ីសង ហើយ​បាន​ទុក​ពេល វេលាឱ្យ​ស្នង​ការ​រាជធានី​ភ្នំពេញ​កសាង​ផែនការ​ចុះ​បង្ក្រាប​មួយ​រយៈពេល​ ដោយ​សារ​ លោក ឃួង ស្រេង ទើបតែ​បាន​ជំរុញ​បន្ថែម​ឱ្យមានការបង្ក្រាប​ល្បែង​ស៊ី​សង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ម៉េត​ មាសភក្តី បញ្ជាក់​ថា៖ «កិច្ចការ​នេះ​មិន​មែន​ទើប​តែធ្វើ​ ឬក៏​យើង​ចាប់​ផ្តើមក្នុង​ការ​បង្រ្កាប​នេះ​ទេ។ ចង់​មាន​ន័យ​ថា ការ​ងារ​នេះក៏ជា​កិច្ចការ​ដែល​សមត្ថ​កិច្ច ក៏ដូច​ជា​អាជ្ញាធរ​របស់​យើង​ធ្វើ​ដែរ កន្លង​មក​។ គ្រាន់ តែយើង​ឃើញ​ថា​ ហាក់​ដូច​ជា​មាន​កើត​ឡើង​បន្ថែម​ទៀត​ថ្មីៗ​ជា​ច្រើន ទើប​ឯក​ឧត្តម​អភិបាល​លោក​ដាក់​វិធាន​ការ​បន្ទាន់​ថ្មី​មួយ ​ទៅ​ឱ្យ​ស្នង​ការ​កសាង និង​រៀបចំ​ការ​បង្រ្កាប»។

លោក ឃួង ស្រេង បាន​ប្រាប់​​ភ្នំពេញ​​ប៉ុស្តិ៍​ កាល​​ពីម្សិល​មិញ​ថា តាមពិត​ល្បែងស៊ីសង​ខុស​ច្បាប់ ត្រូវ​បាន​បង្ក្រាប​​ជារៀង​រាល់​ថ្ងៃ ប៉ុន្តែ​​ការងារ​នេះ​ត្រូវការ​រៀបចំ​​​ផែនការ​បន្ថែមទៀត​ និង​ត្រូវការរៀបចំ​ការ​ប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​ដើម្បី​ដាស់​តឿន និង​ក្រើនរំឭក​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ ដើម្បី​ធ្វើយ៉ាង​ណា ​រៀបចំ​លុប​បំបាត់​ល្បែង​ស៊ីសង​ខុស​ច្បាប់។

លោក ឃួង ​ស្រេង បញ្ជាក់​ថា​៖ «តាម​ពិត ការងារ​ហ្នឹង​ការ​ងារ​របស់​ខ្ញុំផ្ទាល់​ រាល់​ខែ​ខ្ញុំត្រូវ​ប្រជុំ​អ៊ីចឹង​រាល់​ខែ​ដើម្បី ដាក់​ផែន​ការ​ជូន​គណៈ​បញ្ជា​ការ​ឯកភាព»។

លោក បញ្ជាក់​ទៀត​ថា គណៈ​បញ្ជាការ​ឯកភាព​ មាន​វិធាន​ការ​គ្រប់​គ្រាន់​ទៅ​លើ​ការ​បង្រ្កាប​ល្បែង​ស៊ីសង​​ខុស​ច្បាប់ ដោយ​រាប់ទាំង​គ្រឿង​ញៀនឡើង​ ក៏ត្រូវ​មាន​វិធាន​​ការ​ដែរ​ ដើម្បី​ធ្វើយ៉ាង​ណា​​ថែ​រក្សា​​សន្តិ​សុខ និង​សុវត្ថិភាព​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ។

លោក មាសភក្តី បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ លោក ឃួង ស្រេង បាន​ដាក់​បញ្ជា​ជា​ថ្មី​រួច​មក​ កម្លាំង​នគរបាល​ នៃ​ស្នង​ការរាជ​ធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​ល្បែង​ស៊ីសង​បាន​ប៉ុន្មាន​ទីតាំង​នៅ​ខណ្ឌ​ដូន​ពេញ ដោយ​មាន​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ​ជា​សេនាធិការ​ផ្ទាល់។

លោក​ ស ថេត ស្នង​ការ​រាជ​ធានី​ភ្នំ​ពេញ មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​លើ​បញ្ហា​នេះ​បានទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក​ សន​ ជ័យ ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បាន​​ថ្លែង​ថា ច្បាប់​នៃ​ការបង្រ្កាប​ល្បែង​ស៊ីសង​មាន​រួចហើយ ប៉ុន្តែ​​បញ្ហា​នៅ​ត្រង់ថា ​តើ​វាជា​វិធាន​ការ​ថ្មី ឬ​ជា​យុទ្ធ​សាស្ត្រ​ថ្មី សម្រាប់​ការអនុវត្ត។ កាល​ណា​មាន​ច្បាប់​ហើយ ការ​បង្រ្កាប​ទៅលើ​ល្បែង​ស៊ីសង​ គឺជា​អ្វី​មួយ​ដែល​ត្រូវធ្វើ «ដូចភ្លៀងរលឹម» ដោយ​មិន​ចាំបាច់​អាក់​ខាន​នោះ​ទេ។

លោក​ សន​ ជ័យ បញ្ជាក់​ថា៖ «រឿង​ល្បែង​ស៊ីសង​ហ្នឹង​ គេ​មិន​ត្រូវបង្ក្រាប​អ្នក​តូចតាច អ្នក​កំប៉ិក​កំប៉ុក​ទេ។ គេ​គួរតែ​បង្ក្រាប​មេធំ»។

លោក សន ជ័យ​ បន្តទៀត​ថា៖ «ឫស​គល់នៃ​បញ្ហា​ចម្បងៗ​ ដូច​ជារឿង​ល្បែង​ស៊ីសង​ហ្នឹង​ វាមាន​ច្រើន​ប្រភេទ ហើយ​អ៊ីចឹង​យើង​មើល​ទៅ វា​នៅ​តែ​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​ពួក​ដែល​មាន​ឥទ្ធិ​ពល ពួក​ដែល​មាន​អំណាច​»៕