រាជធានីភ្នំពេញ៖ អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ប្រកាស​នៅ​យប់​ថ្ងៃ​សុក្រ​ទី ០៩ ខែមេសា ដោយ​សម្រេច​ធ្វើការ​បិទ​ខ្ទប់ (Lockdown) ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ចំនួន ៣ គឺ​ខណ្ឌមានជ័យ សែនសុខ និង​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី ១០ ដល់​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

លោក​ ឃួង ស្រេង ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​យប់​នេះ​ថា ដោយ​មាន​ការចាំបាច់​ចំពោះ​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ចិត្ត​ចេញ​នូវ​សេចក្តី​សម្រេច​មួយ​ ដើម្បី​ធ្វើការ​បិទ​ខ្ទប់​នូវ​តំបន់​មួយ​ដែល​មាន​ការរីករាលដាល​ឆ្លង​នូវ​ជំងឺ​កូវីដ១៩។

ហ៊ាន រង្សី

លោក​បាន​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​កិច្ចការ​មួយ​ដែល​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្រេច​យក​ជម្រើស​ដ៏អាក្រក់​បំផុត​មួយ​នេះ ព្រោះ​យើង​ដឹងថា​ការបិទ​ខ្ទប់​នេះ​ពិតជា​ធ្វើឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ការរស់នៅ​របស់​ប្រជាពលរដ្ឋ»។

លោក​ ឃួង ស្រេង បាន​បន្ថែមថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សម្រេច​មួយ​ដែល​នឹង​អនុវត្តន៍​នៅ​ម៉ោង​សូន្យ​យប់មិញ​ ដើម្បី​បិទ​ខ្ទប់​នូវ​ប្រជាពលរដ្ឋ​មួយចំនួន​គឺ​ក្នុង​ខណ្ឌមានជ័យ​មាន ២ សង្កាត់​គឺ​សង្កាត់​ស្ទឹងមានជ័យ១ និង​មានជ័យ២។

ហ៊ាន រង្សី

ចំណែក​ខណ្ឌ​សែនសុខ មាន​ភូមិ​ទ្រង់មាន់១​នៃ​សង្កាត់​អូរបែកក្អម​ដែលមាន​ប្រមាណ​ជាង ១ ម៉ឺន​នាក់ ឯ​ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​បិទ ០៦ ភូមិ​ផងដែរ​គឺ ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួលពង្រ នៃ​សង្កាត់​ចោមចៅ១, ភូមិ​ចំការឪឡឹក១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំងល្វា១ នៃ​សង្កាត់​កាកាប​ទី១ និង​ភូមិ​ចំការឪឡឹក១ នៃ​សង្កាត់​កាកាប​ទី២ ដោយសារ​កម្មករ​បាន​មក​ជួល​ផ្ទះ​នៅ​តំបន់​នោះ។

ការសម្រេច​នេះ​បន្ទាប់ពី​មាន​រោងចក្រ​ ឌីនហាន ដែលមាន​កម្មករ-កម្មការិនី​ប្រហែល​ជា​ជាង​ ២៦០០ នាក់​ធ្វើការ​នៅក្នុង​រោងចក្រ ដោយ​គិត​ត្រឹម​យប់មិញ មាន​អ្នក​ឆ្លង​រកឃើញ​រហូត ៦៣១ នាក់ ដែល​ជា​តួលេខ​មួយ​ខ្ពស់បំផុត​ដែល​ធ្វើឱ្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មាន​ការព្រួយបារម្ភ​ក្នុង​ការឆ្លង​រីករាលដាល​ជំងឺ​នេះ។

ហ៊ាន រង្សី

លោក​ ឃួង ស្រេង ​បាន​បញ្ជាក់ថា លោក​សង្ឃឹមថា កម្មករ​ទាំងអស់​ក្នុង​រោងចក្រ​ ឌីនហាន ​នឹង​ធ្វើ​តេស្ត​គ្រប់គ្នា ហើយ​ស្អែក​នេះ​នឹង​ចេញ​លទ្ធផល​តេស្ត​របស់​ពួកគេ​បន្ថែមទៀត។

ជាមួយ​គ្នា​នេះ លោក​ ឃួង ស្រេង ​ក៏​បាន​ឱ្យដឹង​ដែរ​ថា សមាជិក​គ្រួសារ​មួយ​នាក់​អាច​ចេញមកក្រៅ​ដើម្បី​ទិញ​ថ្នាំ​ ឬ​ម្ហូបអាហារ ប៉ុន្តែ​មិនអាច​ឱ្យចេញ​ទៅ​ជួប​អ្នកណា​ផ្សេង​បានទេ ដោយសារ​អាជ្ញាធរ​នឹង​ធ្វើការ​តាមដាន​បុគ្គល​នោះ​ពេលចេញ​ក្រៅ​តំបន់​ដែល​បិទ​ខ្ទប់​នេះ៕