ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​រស់នៅ​ត្រង់​ចំណុច​គោលដៅ​ផ្លូវ​ជាតិ​លេខ ៤ ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​នៃ​ការ​បិទ​ខ្ទប់

ខណៈ​ពេល​លោក​ចុះ​ពិនិត្យ ក្រោយ​មាន​របាយការណ៍​ថា តំបន់​នោះ​នៅ​តែ​មាន​មនុស្ស​ចេញចូល​ច្រើន។

ការ​ប្រកាស​យ៉ាង​​ដូច្នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​ស្ថានភាព​ចរាចរណ៍ និង​ច្រក​ចេញ-ចូល​រាជធានី​ភ្នំពេញ​នា​ថ្ងៃ ២១ មេសា​នេះ នៅ​ត្រង់​ចំណុច​គោលដៅ​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ឃួង ស្រេង បាន​បញ្ជាក់​ថា៖ «រដ្ឋបាល​រាជធានី​ភំ្នពេញ​សូម​ធ្វើ​ការ​ណែនាំ​ជា​ថ្មី​ម្ដង​ទៀត សូម​បងប្អូន​ដែល​ពុំមាន​ភារកិច្ច​ចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ។ ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​បងប្អូន​ប្រជាជាតិ​យើង ចូលរួម​ទាំង​អស់​គ្នា​ទើប​អាច​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ បាន​យ៉ាង​មាន​ប្រសិទ្ធភាព»។

លោក​បាន​សង្កត់​ធ្ងន់ថា បើ​នៅ​តែ​បំពាន​បម្រាម រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​តាម​សេចក្ដី​សម្រេច ស្ដីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល។

កាល​ពី​យប់​ថ្ងៃទី ១៤ ខែ​មេសា រដ្ឋាភិបាល​បាន​ប្រកាស​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល រយៈពេល ២ សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។ ក៏​ប៉ុន្តែ​ការ​អនុវត្ត​គិត​ចាប់​ពី​ថ្ងៃទី ១៥ ខែមេសា រហូត​ដល់​ថ្ងៃទី ២៨ ខែ​មេសា៕