ភ្នំពេញៈ ដើម្បី​ទប់​ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩ ​នៅក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​លោក​ ឃួ​ង ស្រេង​ អ​ភិបាល​សា​លា​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​នេះ​បាន​សម្រេចចេញ​នូវ​វិធាន​ការ​រដ្ឋ​បាល​ឱ្យ​ផ្អាក​អាហារ​ដ្ឋាន​ពេល​យប់ជា​បណ្តោះ​អាសន្ន​​ ដែល​មាន​ថិរវេលា​អនុវត្ត​រយៈ​ពេល​ ២ (ពីរ) សប្ដាហ៍​ គិត​ចាប់​ពី​ថ្ងៃទី ១ ​ខែ មេ​សា ឆ្នាំ​ ២០២១ ​នេះ ​រហូត​ដល់​ថ្ងៃទី​ ១៤ ខែ ​មេសា ឆ្នាំ​ ២០២១។

លោក ​ឃួ​ង ស្រេង ​បាន​បញ្ជាក់​នៅ​ថ្ងៃនេះ​ថា៖ «ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភា​ព​អាជី​វកម្ម​ចំពោះ​តូប​អា​ហារ អាហា​រដ្ឋា​ន ភោជ​នីយ​ដ្ឋាន ហាង​កាហ្វេ ហាង​ភេស​ជ្ជៈ និង​ភោជ​នីយ​ដ្ឋាន​នៅ​តាម​សណ្ឋា​គារ។ល។ ដែល​ទទួល​អតិថិ​ជន​ចូល​មក​ទទួលទា​ន ​អាហារ​ភេសជ្ជៈ​ ឬ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង​ ៨​ យប់​ ដល់​ម៉ោង ​៥ ​ព្រឹក​ជា​កំហិត»។​ ក៏ប៉ុន្តែ​ទីតាំង​អាជី​វកម្ម​ទាំង​នោះ​អាច​លក់​ជា​លក្ខណៈ​វេច​ខ្ចប់​បាន​។

ជា​មួយ​នេះសាលា​​រាជធានី​​ភ្នំពេញ​ ក៏បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ប្រមូ​លផ្តុំ ឬ​​ការជួប​ជុំគ្នា​ទទួល​ទាន​អា​ហារ ភេសជ្ជៈ ​ឬ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​ការ​ធ្វើ​ចរាច​រណ៍​នៅ​ចន្លោះ​ម៉ោង​ដដែល​​នេះ​ផង​ដែរ​។

​ការ​សម្រេច​នេះបា​នតម្រូ​វឱ្យនា​យក​រដ្ឋបា​ល​សាលា​រាជ​ធានី​ភ្នំពេញ ​ស្នង​ការ​ដ្ឋាន​នគ​របាល​រាជ​ធានី​ភ្នំពេញ ​បញ្ជាកា​រដ្ឋាន​កង​រាជ​អាវុ​ធហត្ថ​រាជ​ធានី​ភ្នំពេញ​រដ្ឋ​បាល​ខណ្ឌ​ទាំង​ ១​៤ មន្ទីរ-​អង្គភាព​ជំនាញ ​ជុំវិញ​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ​អនុវត្ត​ចាប់​ពីថ្ងៃ​ចុះ​ហ​ត្ថលេ​ខា​នេះ​តទៅ​៕

វីដេអូ៖