សៀមរាប: អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បាននិងកំពុងរៀបចំគម្រោង «ធ្វើស្រែសមូហភាព» លើផ្ទៃដីជិត ៤០ ហិកតា នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីប្រយោជន៍រួមក្នុងសហគមន៍ និងកៀរគរធនធានរួមក្នុងការផលិតស្រូវអង្ករទុកចែកជូនពលរដ្ឋទីទ័លក្រខ្លាំង ខណៈពលរដ្ឋចំនួន ៣៩ គ្រួសារបានគាំទ្រគម្រោងនេះ។
លោក ឃឹម ហ្វីណង់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ ១៩ កំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋមួយចំនួននៅក្នុងស្រុក លោកបានដាក់ជម្រើសល្អបំផុតមួយគឺការធានាឲ្យមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់ពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរាដែលជាជនងាយរងផលប៉ះពាល់ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់។
លោកបន្តថា ពលរដ្ឋទាំង ៣៩ គ្រួសារមកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង ឃុំព្រះដាក់បានយល់ព្រមជាគោលការណ៍ផ្តល់ដីស្រែរបស់ពួកគាត់ជិត ៤០ ហិកតា រហូតដល់ដំណាច់ឆ្នាំនេះជូនរដ្ឋបាលស្រុកដំណើរការសាកល្បងគម្រោងមួយនេះ។
បើមិនមានអ្វីប្រែប្រួលទេ ៣ ខែទៀតដីស្រែទាំងនេះនឹងអាចទទួលបានផលពីស្រូវស្រាលដើមរដូវនៅជុំទី ១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង (ក្នុងចំនួនប្រហាក់ប្រហែលនឹងពួកគាត់ធ្វើដោយខ្លួនឯង) និងសល់ប៉ុន្មានទុកចែកជូនពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុកផង មុននឹងសម្រេចបន្តទៅជុំទី ២ ទៀត ប្រសិនបើកាលៈទេសៈអំណោយផលល្អ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ការធ្វើស្រែសមូហភាពនេះ យើងនឹងប្រើប្រាស់ធនធានដែលមានស្រាប់ បូករួមនឹងការកៀរគរបន្ថែមពីសប្បុរសជន តាមរយៈការខ្ចីស្រែពីអ្នកស្រុកដែលនៅជិតប្រភពទឹកស្រាប់ដើម្បីធ្វើស្រូវស្រាលដើមរដូវដោយប្រើប្រាស់ពូជថ្មី ១០០ ថ្ងៃ និងទទួលបានការឧបត្ថម្ភពូជស្រូវ ជី ម៉ាស៊ីន គ្រឿងចក្រ ប្រេងសាំង និងកម្លាំងស្ម័គ្រចិត្តជួយស្ទូង និងច្រូត។ គម្រោងនេះស្ថិតក្នុងកម្រិតសាកល្បងនៅឡើយ ខ្ញុំសង្ឃឹមថា លទ្ធផលជាក់ស្តែងនឹងបានជាគំរូយកទៅអនុវត្តបន្តក្នុងវិសាលភាពធំជាងនេះ និងនៅកន្លែងផ្សេងទៀតក្នុងស្រុកដើម្បីផ្ដល់ផលប្រយោជន៍រួមរឹតតែច្រើន»។
លោក ភិន ថោង អាយុ ៤៧ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអូរទទឹង ឃុំព្រះដាក់បាននិយាយពីម្សិលមិញថា លោកបានសម្រេចចិត្តចូលរួមជាមួយគម្រោងធ្វើស្រែសមូហភាពនេះដោយលោករំពឹងថា នឹងទទួលបានផលច្រើនជាងគ្រួសាររបស់លោកធ្វើរាល់ឆ្នាំ។ ម្យ៉ាងវិញទៀតលោកចង់ចូលរួមជួយសង្គមខ្លះតាមរយៈការធ្វើស្រែបានស្រូវ ហើយយកទៅចែកជូនពលរដ្ឋដែលខ្វះខាតនៅក្នុងមូលដ្ឋាន។
លោកបន្តថា លោកមានដីស្រែប្រមាណជិត ១ ហិកតា នៅជិតប្រភពទឹក និងនៅចំកន្លែងដែលលោកអភិបាលស្រុកចង់យកធ្វើជាទីតាំងអនុវត្តគម្រោងនេះ។ រៀងរាល់ឆ្នាំលោកធ្វើស្រែលើដីនេះទទួលបានផលត្រឹមតែ ៩ ឬ ១០ បាវប៉ុណ្ណោះ ប៉ុន្ដែបើតាមលោកអភិបាលស្រុកអះអាងថា ប្រសិនប្រមូលផលស្រូវពីគម្រោងសមូហភាពនេះក៏នឹងទទួលបានទិន្នផលប្រហាក់ប្រហែលនេះដែរ។
លោកថា៖ «ខ្ញុំគាំទ្រគម្រោងនេះ ព្រោះបើតាមលោកអភិបាលស្រុកពន្យល់ពួកខ្ញុំ គឺពួកខ្ញុំជាពលរដ្ឋគ្មានខាតបង់អ្វីទេ គឺគ្រាន់តែលះបង់កម្លាំងពលកម្មតិចតួចចូលរួមការងារស្ទូងដកបានហើយ។ រីឯពូជស្រូវ គ្រឿងចក្រ ក៏មានការគាំទ្រពីសប្បុរសជននានាដែរ។ ពេលប្រមូលផលយើងទៅប្រមូលទាំងអស់គ្នាទៀត ក្រោយមកយើងចែកស្រូវគ្នាតាមស្ថានភាពជាក់ស្ដែង»។
លោក ប៉ែន អាន អាយុ ៤៨ ឆ្នាំ ពលរដ្ឋម្នាក់ទៀតរស់នៅភូមិថ្នល់ទទឹងបាននិយាយពីម្សិលមិញថា ដីស្រែរបស់លោកទំហំ ១ ហិកតា ទទួលបានផលស្រូវចន្លោះពី ១៥ ទៅ ១៧ បាវក្នុង ១ ឆ្នាំៗ ប៉ុន្ដែធ្វើស្រែបានតែម្ដងប៉ុណ្ណោះ។ ប្រសិនបើបានចូលរួមធ្វើស្រែជាសមូហភាពជាមួយគម្រោងលោកអភិបាលស្រុកអាចនឹងធ្វើស្រែបាន ២ ដងក្នុង ១ ឆ្នាំ។
លោកបញ្ជាក់ថា៖ «គំនិតលោកអភិបាលសមស្របទៅនឹងប្រទេសយើងជាប្រទេសកសិកម្មគឺម្ចាស់ស្រែក៏ចំណេញ រដ្ឋបាលស្រុកក៏ចំណេញ ហើយបានជួយដល់អ្នកក្រខ្សត់ទៀត ហើយអ្វីដែលពិសេសនោះ គឺសាកល្បងគម្រោងធ្វើស្រូវថ្មីនេះ ខ្ញុំសង្ឃឹមថានឹងទទួលបានជោគជ័យ»៕