ព្រះវិហារៈ អភិបាលស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ លោក ជុំ ពុយ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពន្លឿន​ការសាងសង់​ស្ពានឈើ​ឆ្លងកាត់​ស្ទឹងស្ដៅ​ជា​បណ្ដោះអាសន្ន​ឡើងវិញ​ បន្ទាប់ពី​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​បង្ក​ឲ្យ​ឆេះ​រាលដាល​ស្ពានឈើ​ចាស់​មួយ​ដែល​ឆ្លងកាត់​ស្ទឹង​នេះ​នៅ​ចំណុច​ភូមិ​ត្រពាំងធ្លក ឃុំ​ស្តៅ កាលពី​ថ្ងៃទី​ ២១ ខែ កុម្ភៈ ឆ្នាំ​ ២០២០​។

លោក​ ពុយ និយាយ​ថា​ការដុត​ព្រៃ​ដើម្បី​ស្ទាក់ចាប់​សត្វ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​របស់​អ្នកភូមិ​មួយចំនួន​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ហើយ​រាលដាល​ឆេះ​ដល់​ស្ពាន ដូច្នេះ​ដើម្បី​សម្រួល​មធ្យោបាយ​ធ្វើដំណើរ​របស់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការឆ្លងកាត់​ស្ទឹង​ខាងលើនេះ​ «​យើង​ចាំបាច់​ត្រូវការ​សាងសង់​ស្ពាន​ឈើ​ថ្មី​មួយ ដើម្បី​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​» ព្រោះ​នៅ​ប៉ុន្មាន​ខែ​ដ៏ខ្លី​ខាងមុខ​នេះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​មាន​គម្រោង​សាងសង់​ស្ពាន​បាឡេ​ (​ស្ពានដែក​) ឆ្លងកាត់​ស្ទឹង​នេះ​។

ជាមួយ​គ្នា​នេះ​លោក​ ពុយ បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​រុករក​អនុផល​ព្រៃឈើ និង​ចាប់​សត្វព្រៃ ដោយ​ប្រើ​ភ្លើង ខណៈ​រដូវប្រាំង​ដែល​កំពុង​រាំងស្ងួត​នេះ ងាយ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ដែល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​។

បើ​តាម​លោក ជួន មឿន អធិការ​ស្រុក​សង្គម​ថ្មី​ករណី​ភ្លើង​ឆេះ​រាល​ឆេះ​ស្ពានឈើ​ចាស់​ឆ្លងកាត់​ស្ទឹង​ស្ដៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​នេះ​បាន​កើតឡើង​ដំបូង​នៅ​វេលា​ម៉ោង ១០:៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ២១ ខែកុម្ភៈ ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ដៅ និង​ប្រជាពលរដ្ឋ​រួមគ្នា​ពន្លត់​ឲ្យ​រលត់​អស់​ទៅវិញ​។

លុះដល់​ម៉ោង​ ២:៣០ ​នាទី​រសៀល​ថ្ងៃ​ដដែល​ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ម្ដងទៀត​នៅ​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ​នោះ ហើយ​ក្រុម​អ្នកភូមិ និង​អាជ្ញាធរ​បាន​នាំគ្នា​ពន្លត់ភ្លើង​ព្រៃ​នោះ​សាជាថ្មី​ម្ដង​ទៀត ប៉ុន្តែ​នៅ​លើក​ទី​ ២ ​នេះ​កំសួល​ភ្លើង​ឆេះ​ខ្លាំង​ជាង​មុន ហើយ​បាន​រាលដាល​ទៅដល់​ក្រោម​ស្ពាន​ព្រែកស្ដៅ​។

លោក​ មឿន ​ថ្លែងថា​៖ «​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​យើង​ខូច​មិន​អាច​ចេញទៅ​ជួយ​អន្តរាគមន៍​បាន កម្លាំង​នគរបាល​យើង និង​អ្នកភូមិ​សរុប​គ្នា ៣០ ​នាក់​បាន​នាំគ្នា​ប្រើប្រាស់​ធុងស្ពេត្រូ​ដង​ទឹក​ទៅ​ជះ​ពន្លត់ និង​កាប់​មែកឈើ​ទៅ​វាយ​ពន្លត់ រហូត​ដល់​ភ្លើង​រលត់​អស់​ជា​លើក​ទី​ ២​។ ប៉ុន្តែ​តំបន់​នោះ​សម្បូរ​ទៅដោយ​ព្រៃឫស្សី​ជា​ហេតុ​នាំឲ្យ​សំណល់​រងើកភ្លើង​ក្នុង​គុម្ព​ឫស្សី​មួយចំនួន​បាន​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ជាថ្មី​ម្ដងទៀត គឺ​នៅ​វេលា​ម៉ោង​ ៦ ​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​នោះ​បណ្ដាល​ឲ្យ​រាល​ឆេះ​ស្ពាន​ឈើ​តែម្ដង​»​។

ជុំវិញ​ការឆេះ​ស្ពានឈើ​នេះដែរ​លោក BEN DEVIS សកម្មជន​ការពារ​ព្រៃឈើ ដែល​ទាំង​គ្រួសារ​លោក​កំពុង​រស់នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-​ភ្នំពក​ក្នុង​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រជាពលរដ្ឋ​នៅទីនេះ​ហាក់​ដូចជា​មិន​ «​ខ្វល់​» ចំពោះ​សារាចរ​ណែនាំ​របស់​ក្រសួង​បរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ហាម​ដាច់ខាត ការដុត​ព្រៃ​ក្នុង​គោលបំណង​ស្ទាក់ចាប់​សត្វព្រៃ ឬ​ពង្រីក​ផ្ទៃដី​កសិកម្ម ពិសេស​នៅក្នុង​រដូវក្ដៅ​នេះ​។

លោក Ben ថ្លែង​ថា​៖ «​ខ្ញុំ​យល់ថា បើ​អ្នកភូមិ​គាត់​ស្វែងយល់​ពី​ច្បាប់ និង​សុវត្ថិភាព ព្រម​ទាំង​សន្តិសុខ​ស្បៀង​របស់​ខ្លួន​នោះ​ករណី​ភ្លើង​ឆេះ​ព្រៃ​នឹង​លែង​កើតមាន​តទៅទៀត​ហើយ​។ យើង​ជា​សហគមន៍​ការពារ​ព្រៃ យើង​រស់​ដោយ​សារធន​ធាន​ព្រៃឈើ និង​សត្វព្រៃ ដូច្នេះ​យើង​គប្បី​នាំគ្នា​ថែរក្សា ការពារ​ និង​អភិរក្ស​ឲ្យ​បានល្អ​ដោយ​គ្រប់​គ្នា​ត្រូវ​គោរព​អនុវត្ត​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​នានា​របស់​រដ្ឋ​»​។

លោក Ben បាន​បន្តថា​ មាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ចាត់ទុក​ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ស្ពាន​នេះ​គឺជា​ទង្វើ​របស់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​គោលបំណង​គំរាមកំហែង​ដល់​គ្រួសារ​របស់លោក​ឲ្យ​នាំគ្នា​ចាកចេញ​ពី​តំបន់​នោះ ដើម្បី​ពួកគេ​ងាយស្រួល​ប្រព្រឹត្ត​បទល្មើស​។

លោក Ben បាន​បញ្ជាក់ថា​៖ «​ខ្ញុំ និង​ក្រុមគ្រួសារ​ក៏មាន​ក្ដីបារម្ភ​អំពី​សុវត្ថិភាព​សន្តិសុខ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ក្រុមគ្រួសារ​នឹង​មិន​ចាកចេញ​ពី​ទីនេះ​ទេ ព្រោះ​យើង​ស្រឡាញ់​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​នៅទីនេះ​។ ខ្ញុំ​ជឿថា​មនុស្ស​ភាគច្រើន​លើសលប់​នៅក្នុង​លោក​នេះ ស្រឡាញ់​ធម្មជាតិ និង​ចង់​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ដូចជា​ខ្ញុំ​ដែរ​»​។

ដោយឡែក​នៅ​ខេត្ត​កំពង់ធំ​មាន​សេចក្ដី​រាយការណ៍​ពី​មន្ត្រី​កងពន្លត់​អគ្គិភ័យ​កាលពី​រសៀល​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ ថា មាន​ករណី​ភ្លើង​ឆេះ​ជញ្ជ្រាំង​ស្រូវ រាល​ឆេះ​ដល់​ព្រៃឈើ​នៅ​ក្បែរ​បរិវេណ​តំបន់​ប្រាសាទ​សំបូរព្រៃគុក​សរុប​ជាង ៨០ ​ហិកតា​។

លោក ហាយ គឹមហ៊ន ប្រធាន​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ថ្វីបើ​យើង​បាន​អន្តរាគមន៍​បាញ់​ពន្លត់ មិន​ឲ្យ​ឆេះ​រាលដាល​ប៉ះពាល់​ដល់​ប្រាសាទ និង​អគារ​អភិរក្សដ្ឋាន​សំបូរ​ព្រៃគុក ប៉ុន្តែ​ភ្លើង​ឆេះ​ជញ្ជ្រាំង​ស្រូវ​ពី​ដីស្រែ​របស់​អ្នកភូមិ​ដ៏ធំ​នោះបាន​ឆេះ​រាលដាល​ប៉ះពាល់​ដល់​ព្រៃ​ការពារ​ដែល​ស្ថិត​នៅជាប់​តំបន់​ប្រាសាទ​សំបូរព្រៃគុក រហូត​ដល់​ ៨៤ ​ហិកតា​»​។

លោក​ គឹមហ៊ន ​បាន​បន្តថា នៅក្នុង​ការពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ ១០ ​ឡាន ខណៈ​អ្នកភូមិ និង​មន្ត្រី​ឧទ្យានុរក្ស ប្រាសាទ​សំបូរព្រៃគុក​រាប់សិប​នាក់​រួមគ្នា​ប្រើប្រាស់​ទឹក​ធុង និងមែកឈើ​វាយ​ពន្លត់ភ្លើង​កុំឲ្យ​ឆេះ​រាលដាល​ដល់​ប្រាសាទ​ដោយ​ប្រើប្រាស់​រយៈពេល​ជាង​ ២ ​ម៉ោង​៕