កំពង់ឆ្នាំងៈ លោក វន ស៊ីផា អភិបាលស្រុក​សាមគ្គី​មានជ័យ ដែល​បាន​បាញ់កាំភ្លើង បណ្ដាល​ឱ្យ​ត្រូវ​គោ​មួយក្បាល​ងាប់​នៅក្នុង​បរិវេណ​សាលាស្រុក ត្រូវ​ទទួល​រង​ការស្ដីបន្ទោស​ពី​ការធ្វេសប្រហែស​ក្នុង​ការប្រើប្រាស់​អាវុធ ហើយ​ព្រម​ទទួល​កំហុស ចំពោះមុខ​រដ្ឋបាលខេត្ត។

លោក ស្រ៊ន សំឬទ្ធី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងឱ្យដឹងថា លោក វន ស៊ីផា មិន​ត្រូវ​បាន​ដក​បញ្ឈរជើង​ពី​ការងារ​នោះទេ គ្រាន់តែ​ធ្វើ​របាយការណ៍​បញ្ចូន​ទៅ​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «បច្ចុប្បន្ននេះ គាត់​នៅ​បំពេញ​កិច្ចការងារ​របស់គាត់​ជាធម្មតា​ទេ អត់​មាន​ដក​ទេ»។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៥ ខែឧសភា បានឱ្យ​ដឹងថា ក្រុម​ការងារ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​គោ ហើយ​បាន​សម្របសម្រួល​ផ្ដល់​ជា​សំណង​ចំនួន ៤ លាន​រៀល​ និង​អប់រំ​ណែនាំ​ម្ចាស់​គោ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការចិញ្ចឹម ថែរក្សា​សត្វពាហនៈ​ឱ្យ​បាន​ត្រឹមត្រូវ កុំ​លែង​ចោល​ពាសវាល​ពាសកាល​ដើរ​ស៊ី និង​បំផ្លាញ​ផលដំណាំ​របស់​អ្នកដទៃ ក៏ដូចជា​សម្បត្តិ​សាធារណៈ​ ដែល​នាំឱ្យ​កើតមាន​ទំនាស់​ដោយ​ប្រការ​ណាមួយ និង​អាច​ប៉ះពាល់​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ថ្នល់​បណ្ដាល​ឱ្យ​កើតមាន​គ្រោះថ្នាក់​ផងដែរ។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល ស្រុក​សាមគ្គី​មានជ័យ និង​ការស្រាវជ្រាវ​ធ្វើ​កោសល្យវិច័យ​របស់​កម្លាំង​សមត្ថកិច្ច​បញ្ជាក់ថា កាលពី​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០២១ មាន​ករណី​គោ​ងាប់ ១ ក្បាល​នៅក្នុង​បរិវេណ​សាលាស្រុក​សាមគ្គីមានជ័យ បង្កឡើង​ដោយ​លោក វន ស៊ីផា «បាន​បាញ់​សាក​កាំភ្លើង​ដោយ​បាញ់​បុកដី​បណ្តាល​ឱ្យ​គ្រាប់​ផ្លាត​ទៅ​ត្រូវ​គោមួយ​ក្បាល​នោះ។ អាវុធ​ដែល​បាញ់​សាក​នេះ​ជា​អាវុធ​ដែលមាន​ភារកិច្ច​សម្រាប់​រក្សា​សន្តិសុខ សុវត្ថិភាព​សាលាស្រុក​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សាមគ្គី​មានជ័យ»។

លោក គង់ ច័ន្ទមុនី ​មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំខេត្ត​កំពង់ឆ្នាំង ថ្លែងថា អង្គការ​មិន​ទទួល​បាន​ពាក្យបណ្តឹង​ណាមួយ​ក្នុង​ករណី​គោ​ងាប់​មួយ​ក្បាល​នោះទេ៕