កណ្តាលៈ អភិបាលស្រុកស្អាង កាលពីម្សិលមិញបានសម្រេចជាបណ្ដោះអាសន្ន ដោយផ្អាកសកម្មភាពម្ចាស់អជីវកម្ម ឈ្មោះ កែវ សុជាតា ដែលជីកយកអាចម៍ដី ព្រោះមានពាក់ព័ន្ធដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅទីនោះ ក្រោយពីពលរដ្ឋបានស្នើទៅកាន់ក្រសួងរ៉ែនិងថាមពល ដើម្បីនិរាករណ៍អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម ក្នុងតំបន់ អាងទឹកព្រែករាំង ស្ថិតនៅក្នុងភូមិព្រែករាំង និងភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
លោក ញឹម វ៉ាន់ឌិន អភិបាលស្រុកស្អាង បានឱ្យដឹងកាលពីម្សិលមិញថា៖ «រាល់កន្លែងដែលមានការពាក់ព័ន្ធអីចឹង បើខ្សាច់គេបោះពោងមុននឹងដំណើរការ ហើយបើកន្លែងដូចករណីបឹងព្រែករាំងហ្នឹងគេត្រូវបោះបង្គោលមុន។ ក្រុមហ៊ុនដែលមកជីកដីតែម្ដង គាត់ធ្វើលឿនពេក ឥឡូវខ្ញុំផ្អាកសកម្មភាពពួកគាត់សិនហើយ ចាំឲ្យក្រុមចម្រុះចុះទៅបោះទីតាំងថាត្រូវធ្វើអីកន្លែងណាចំណុចណា ដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំ»។
ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដីអាងទឹកព្រែករាំង ស្ថិតនៅក្នុងភូមិព្រែករាំង បានស្នើសុំលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនិរាករណ៍អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មលេខ ០០៥៦ ព្រោះប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋជិត ១០០ គ្រួសារនៅទីនោះ។
អ្នកស្រី ឆុំ សុធី តំណាងប្រជាពលរដ្ឋ នៅភូមិទួលឃ្មួញ ឃុំទឹកវិល ស្រុកស្អាង និយាយពីម្សិលមិញថា ក្រុមហ៊ុនដែលមកជីកយកដីនេះ គឺយកចំកន្លែងដីដែលប្រជាពលរដ្ឋតែងដាំពោត ស្រូវ និងឈូក រាល់ឆ្នាំ មិនមែនជីកយកចំដីក្នុងអាងទឹកព្រែករាំងនោះទេ ហេតុនេះទើបប្រជាពលរដ្ឋមិនសុខចិត្ត ហើយបាននាំគ្នាទៅឃាត់ និងដាក់ពាក្យទៅក្រសួងរ៉ែ និងថាមពលឲ្យដកអាជ្ញាបណ្ណវិញកាលពីថ្ងៃទី ២៦ ខែឧសភា។
អ្នកស្រីថ្លែងថា៖ «ក្រុមហ៊ុនមកអះអាងថា បានអាជ្ញាបណ្ណពីខាងធនធានរ៉ែ និងថាមពល រ៉ែថាមពលអី បើដីប្រជាពលរដ្ឋអាស្រ័យផលហ្នឹង មានថ្មមានរ៉ែមកពីណា ទៅភរឲ្យគេស៊ីញ៉េហើយមកជីកដីប្រជាពលរដ្ឋយកទៅលក់ហ្នឹង។ ពលរដ្ឋតវ៉ា ព្រោះបើជីកអស់បានអីធ្វើស្រែ រស់គឺរស់នឹងស្រែម្នាក់បន្តិចៗហ្នឹងហើយ បើយកដីអស់ទៀតប្រជាជនបានអីធ្វើ បើផ្ទះនៅជាប់មាត់បឹងហ្នឹង»។
លោក រឿង សារ៉ុម តំណាងពលរដ្ឋនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្រុមហ៊ុនបានមកជីកដីអាងទឹកព្រែករាំងរាលដាលដល់ដីដំណាំអាស្រ័យផលរបស់ប្រជាពលរដ្ឋ ៨០ គ្រួសារនៅទីនោះ។ លោកថា ក្រុមហ៊ុនកំពុងបន្តធ្វើការវាទទីកាយដីដោយមិនមានការបញ្ជាក់ប្រាប់ពីព្រំប្រទល់ឲ្យប្រជាពលរដ្ឋបានដឹងនោះទេ។
លោកថ្លែងថា៖ «ការសម្រេចលើកមុន ដីហ្នឹងនាយករដ្ឋមន្ត្រីឲ្យរក្សាជាអាងស្តុកទឹករបស់រដ្ឋ និងឲ្យប្រជាជនអាស្រ័យផល បង្កបង្កើនផល ហើយបើដីហ្នឹងពិនិត្យឃើញថា ពលរដ្ឋប្រើយូរឆ្នាំហើយគួរចេញប្លង់ចេញអីឲ្យប្រើប្រាស់ ប៉ុន្តែ អាជ្ញាធរវាស់ហើយក៏ស្ងាត់បាត់ឈឹង ឃើញតែក្រុមហ៊ុនចូលមករកជីកយកអាចម៍ដី»។
លោក រឿង សារ៉ុម ថ្លែងថា នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ មានការប្រជុំនៅក្នុងបរិវេណវត្តព្រែករាំង ដើម្បីផ្សព្វផ្សាយ អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម លេខ ០០៥៦ រថអធប្រក ចុះថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២០ របស់ក្រសួងរ៉ែ និងថាមពលដែលអនុញ្ញាតឲ្យលោកស្រី កែវ សុជាតា អាចជីកយកអាចម៍ដីទំហំ ១០ ហិកតា នៅក្នុងអាងស្តុកទឹកព្រែករាំង។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយរងចាំស្រាវជ្រាវឱ្យបានច្បាស់ជាមុនសិន៕