ភ្នំពេញៈ អង្គបុរេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អវតក​) ដែល​ចាប់ផ្តើម​សវនាការ​មាន​រយៈពេល​ ៣ ​ថ្ងៃ​ នៅ​​ក្នុង​សំណុំរឿង ០០៣ ប្រឆាំង​នឹង មាស មុត នៅ​ថ្ងៃទី​ ២៧ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ នេះ​ គឺជា​សវនាការ​ធ្វើឡើង​ដើម្បី​ស្តាប់​នូវ​អំណះអំណាង​ដោយផ្ទាល់​មាត់​របស់​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ០០៣ ដែល​មាន មាស មុត ជា​ជន​ត្រូវ​ចោទ​។ នេះ​បើតាម លោក​ នេត្រ ភក្ត្រា ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ អ.វ.ត.ក. បានបញ្ជាក់​កាលពី​ម្សិលមិញ​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា សវនាការ​នៅពេល​នេះ​មិនមែន​ជា​សវនាការ​លើ​អង្គសេចក្តី​ពិនិត្យ​លើ​ភ័ស្តុតាង​ឡើយ​។ ប៉ុន្តែ​ជា​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍​ក្នុង​សំណុំរឿង​ ០០៣ ដែល​ភាគី​ពាក់ព័ន្ធ​នានា​បាន​ប្តឹង​ជំទាស់​នឹង​ដីកា​ដំណោះស្រាយ​របស់​សហចៅក្រម​ស៊ើបអង្កេត​ដែល​បាន​ចេញ​នាពេល​កន្លង​ទៅ​។

ជាកិច្ច​ចាប់ផ្តើម​នាពេល​នោះ​ប្រធាន​អង្គជំនុំជម្រះ​ប្រកាស​បើក​សវនាការ​ជា​សាធារណៈ បន្ទាប់មក​មាន​ការអាន​របាយការណ៍​នៃ​សំណុំ​រឿងនេះ​ជា​សាធារណៈ​ដែល​លើកឡើង​នូវ​អង្គហេតុ​ពាក់ព័ន្ធ​នានា និង​ប្រវត្តិ​នីតិវិធី​នៃ​សំណុំរឿង​ ០០៣ ​ព្រមទាំង​សេចក្តី​លម្អិត​នៃ​បណ្តឹងឧទ្ធរណ៍​នានា​ដែល​បាន​ដាក់​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​។

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ក្នុង​នាម​អង្គបុរេ​ជំនុំជម្រះ​ទាំងមូល និង​បាន​ដាក់បញ្ចូល​ទៅក្នុង​សំណុំរឿង​។ សាធារណជន​ជាង ៥០០ ​នាក់​ បាន​ចូលរួម​ស្តាប់​សវនាការ​ដែល​បើក​ជា​សាធារណៈ​ដោយផ្ទាល់​នេះ​។

សវនាការ​នេះ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ នៅពេល​ដែល​ចាប់ផ្តើម​ឧទ្ទេសនាម​ភាគី​នៅក្នុង​សំណុំរឿង​ជូន​អង្គជំនុំជម្រះ នៅពេល​ដែល​អង្គជំនុំជម្រះ​អាន​សេចក្តី​រាយការណ៍​អំពី​សំណុំ​រឿងនេះ និង​នៅពេល​ចៅក្រម​សួរ​សំណួរ​ផ្សេងៗ​ទៅកាន់​ភាគី​។

ក្រៅពីនេះ​អង្គបុរេ​ជំនុំជម្រះ​នឹង​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង​នៅក្នុង​សវនាការ​សម្ងាត់​វិញ​។ សវនាការ​នឹង​បន្ត​ដំណើរការ​នៅ​ថ្ងៃទី​ ២៨ និង​ថ្ងៃទី​ ២៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ តទៅទៀត​អនុលោម​ទៅ​តាម​ដីកា​កំណត់​កាលវិភាគ​សម្រាប់​សវនាការ​ដែល​បានចេញ​នៅ​ថ្ងៃទី​ ២៤ ខែ​តុលា ឆ្នាំ​២០១៩​។

ជន​ត្រូវ​ចោទ​ មាស មុត នៅឯ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាលពី​ឆ្នាំ​ ២០១៥​។ ហេង ជីវ័ន

ជាមួយ​គ្នា​នេះ​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​លើកឡើង​ថា ការដែល​នាំឱ្យ​មានការ​បើកសវនាការ​ស្តាប់​ទឡ្ហីករណ៍​ក្នុង​សំណុំរឿង​ ០០៣ ​នេះ​គឺ​ដោយសារ​តែ​អង្គបុរេ​ជំនុំជម្រះ​នៃ​ អ.វ.ត.ក បាន​ទទួល​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី​ ៥ ​ខែ មេសា ឆ្នាំ​ ២០១៩​។ ទទួល​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហមេធាវី​ការពារ​ក្តី​ឱ្យ​ មាស មុត នៅ​ថ្ងៃទី​ ៨ ខែ​ មេសា ឆ្នាំ​ ២០១៩ ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃទី​ ២៨ ខែ វិច្ឆិកា ឆ្នាំ​ ២០១៨ នៅក្នុង​សំណុំរឿង​ ០០៣ ដែល​បាន​ចោទប្រកាន់ មាស មុត​។

ជាមួយ​គ្នា​នេះ​ក៏​មាន​បណ្តឹងឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នៅ​ថ្ងៃទី​ ៨ ខែ​មេសា ឆ្នាំ​ ២០១៩ ប្រឆាំង​នឹង​ដីកា​លើកលែង​ចោទប្រកាន់​លើ​ មាស មុត ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី​ ២៨ វិច្ឆិកា ២០១៨ ​ក្នុង​សំណុំរឿង​ ០០៣​។

អង្គបុរេ​ជំនុំជម្រះ​បាន​សម្រេច​ថា សវនាការ​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​សំណុំរឿង​ ០០៣ ដើម្បី​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង មុនពេល​ដែល​អង្គបុរេ​ជំនុំជម្រះ​ចេញ​សាលដីកា​លើ​បណ្តឹងឧទ្ធរណ៍​ទាំងនោះ​។

លោក នេត្រ ភក្ត្រា ថ្លែងថា អង្គបុរេ​ជំនុំជម្រះ​បាន​ព្យាករ​ថា​នឹង​អាច​ចេញ​សាលដីកា​លើ​បណ្តឹង ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំ​រឿង​ ០០៣ ​នេះ​នៅត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ​ខាងមុខ ថា​តើ​សំណុំ​រឿងនេះ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ ឬ​ក៏​ទម្លាក់ចោល គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​ចៅ​ក្រុម​នៃ​អង្គបុរេ​ជំនុំជម្រះ​ដែល​មាន​ចៅក្រម​ជាតិ ៣ ​រូប និង​ចៅក្រម​អន្តរជាតិ​ចំនួន​ ២ ​រូប​៕