ភ្នំពេញៈ ថ្ងៃនេះជាថ្ងៃកំណត់ជោគវាសនានៃអតីតមេដឹកនាំខ្មែរក្រហមគឺជនជាប់ចោទ ខៀវ សំផន និង នួន ជា នៅចំពោះមុខក្នុងបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍តាមរយៈសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្រោយពីដំណើរការក្តីលើសំណុំរឿង ០០២/០២ អស់រយៈពេល ២៨៣ ថ្ងៃរួចមក។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញថាអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានកំណត់យកថ្ងៃទី ១៦ ខែវិច្ឆិកានេះពីម៉ោង ៩:៣០ ព្រឹកនឹងធ្វើការប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិតំណាងរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតនានា និងប្រជាពលរដ្ឋប្រមាណ ៥០០ នាក់។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ការជំនុំជម្រះក្តីគឺជាផ្នែកមួយនៃដំណើរការផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលរស់រានមានជីវិតក្រោយរបបខ្មែរក្រហម ហើយការប្រកាសសាលក្រមនៅថ្ងៃទី ១៦ ខែវិច្ឆិកាខាងមុខគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់សាលាក្តីខ្មែរក្រហមសម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក និងសម្រាប់យុត្តិធម៌អន្តរជាតិផងដែរ»។
លោកបន្ថែមថា៖ «ប្រសិនបើ (ភាគីណាមួយ) មិនប្តឹងសារទុក្ខទេគឺសាលក្រមនឹងចូលជាធរមាន ក៏ប៉ុន្តែប្រសិនបើមានការប្តឹងជំទាស់ថា ខ្លួនមិនពេញចិត្តចំពោះការសម្រេចណាមួយគឺគាត់មានសិទ្ធិក្នុងការប្តឹងសារទុក្ខទៅកាន់អង្គជំនុំជម្រះតុលាការកំពូលដើម្បីឲ្យដោះស្រាយផ្នែកច្បាប់»។
លោកបន្តថាការស្តាប់សេចក្តីសន្និដ្ឋាន និងបិទបញ្ចប់កិច្ចពិភាក្សាសួរដេញដោលទៅលើសំណុំរឿង ០០២/០២ ទៅលើជនជាប់ចោទ ខៀវ សំផន ដែលជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងលោក នួន ជា ដែលជាអតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៅក្នុងរបបខ្មែរក្រហមបានចំណាយពេលរហូតទៅដល់ ២៨៣ ថ្ងៃ។
ក្នុងការសួរដេញដោលនោះបានស្តាប់ការផ្តល់សក្ខីកម្មទៅលើបុគ្គលចំនួន ១៨៥ រូបក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន ១១៤ រូបដើម បណ្តឹងរដ្ឋប្បវេណីចំនួន ៦៣ រូប និងអ្នកជំនាញ ៨ រូបហើយមានសាធារណជនដែលបានចូលមកស្តាប់សវនាការលើសំណុំរឿង ០០២/០២ គឺមានចំនួនប្រមាណ ៨៣០០០ នាក់នៅក្នុងដំណើរការសវនាការរយៈពេល ២៨៣ ថ្ងៃដែលអង្គជំនុំជម្រះបានចាប់ផ្តើមសវនាការរបស់ខ្លួនទៅលើភ័ស្តុតាងលើសំណុំរឿង ០០២/០២ នៅថ្ងៃទី ១៧ ខែតុលា ២០១៤ ដោយមានសវនាការជាបន្តបន្ទាប់រហូតដល់ថ្ងៃ ១១ ខែមករា ឆ្នាំ ២០១៧ ត្រូវបានបិទបញ្ចប់។
លោកបញ្ជាក់ថា៖ «ជនជាប់ចោទទាំង ២ នេះគឺគាត់ត្រៀមខ្លួននៅក្នុងការចូលរួមការប្រកាសសាលក្រមនៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខ។ ជនជាប់ចោទ ខៀវ សំផន និង នួន ជា នេះគឺត្រូវបានចោទប្រកាន់សំណុំរឿង ០០២/០២ ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម»។
លោកបន្ថែមថា នៅក្នុងអង្គហេតុដែលបានលើកយកមកជំនុំជម្រះគឺមានពាក់ព័ន្ធនឹងការដ្ឋានការងារ សហករណ៍ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់១មករា ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខស ២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង មន្ទីរសន្តិសុខភ្នំក្រោល។ ពាក់ព័ន្ធអំពើប្រល័យពូជសាសន៍គឺអង្គជំនុំជម្រះបានចោទប្រកាន់ដោយផ្តោតទៅលើការប្រល័យពូជសាសន៍សម្លាប់ជនជាតិចាម និងវៀតណាម និងការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន និងអតីតមន្ត្រីរដ្ឋការនៅក្នុងសម័យសាធារណរដ្ឋខ្មែរព្រមទាំងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំផងដែរ។
លោកថាអង្គជំនុំជម្រះបានចំណាយពេលយូរទៅលើសំណុំរឿង ០០២ វគ្គ ២ ដោយសារភាពស្មុគស្មាញ ជនជាប់ចោទមានចំនួនច្រើន ជនរងគ្រោះនៃដើមបណ្តឹងរដ្ឋប្បវេណីមានចំនួនច្រើន ឯកសារភ័ស្តុតាងមានចំនួនច្រើនដែលអង្គជំនុំជម្រះត្រូវធ្វើការបកប្រែជា ៣ ភាសា និងការស្តាប់ឡើងវិញនូវការផ្តល់សក្ខីកម្មរបស់សាក្សីមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍ទាំងអស់នេះរួមទាំងការដោះស្រាយផ្នែកច្បាប់ផ្សេងៗ និងការខ្វែងយោបល់គ្នាផ្សេងៗនៅក្នុងដំណើរការនីតិវិធី។
លោក ង្វៀង ថាន ជនជាតិវៀតណាមដែលបានបាត់បង់សមាជិកគ្រួសារ ៧ នាក់បានស្វាគមន៍ចំពោះការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះនៅថ្ងៃសុក្រនេះ។
លោកបញ្ជាក់ថា៖ «យើងមានការសប្បាយចិត្តនៅពេលដែលឮថាមានការប្រកាសសាលក្រមផ្តន្ទាទោសមេដឹកនាំខ្មែរក្រហមតែយើងចង់ឲ្យមានការស្វះស្វែងរកអ្នកដែលជាមេដឹកនាំថា្នក់តំបន់ដែលបានបញ្ជាឲ្យមានការសម្លាប់ក្រុមគ្រួសាររបស់ខ្ញុំ។ តើនរណាមិនសប្បាយចិត្តនៅពេលគេយកអ្នកដែលបានសម្លាប់ក្រុមគ្រួសារមកកាត់ទោសនោះ?»។
លោក ឆាំង យុ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជាថ្លែងថា៖ «សំណុំរឿងស្អែកនេះ (ថ្ងៃនេះ) វានឹងបញ្ចប់នូវរឿងសោកសៅនៅក្នុងប្រទេសយើង ទោះបីរបួសនោះវាមុតជ្រៅយ៉ាងណាក៏ដោយ តែវាបានបញ្ចប់សាច់រឿងហ្នឹង»៕