ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ ៦ ចំណុច ដើម្បី​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ស៊ីវិល​រយៈពេល ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ​ ២០២៥ ដោយ​ផ្ដោតលើ​សុវត្ថិភាព សន្តិសុខ កិច្ចសហប្រតិបតិ្តការ សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អាកាសចរ​ស៊ីវិល​សម្រាប់​ឆ្នាំ​ ២០២១-២០២៥​។ ផែនការ​នេះ​ធ្វើឡើង​ស្របទៅ​នឹង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ផែនការ​ដែល​បាន​ជំរុញ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​រៀបចំ​ផែនការអភិវឌ្ឍន៍​តាម​វិស័យ​របស់ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ នេះ​បើ​តាម​លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

លោក ចាន់សិរីវុត្ថា បាន​បន្តថា ដើម្បី​ពង្រឹង​សុវត្ថិភាព​ហោះហើរ ប្រតិបត្តិការ​អាកាសយាន​រួមមាន​ការហោះ​ចេញ និង​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​តែ​រក្សាបាន​នូវ​សណ្តាប់ធ្នាប់ ការធានា​សុវត្ថិភាព និង​ការពង្រឹង​ការគ្រប់គ្រង​។ លើសពីនេះ​ទៀត​ត្រូវ​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​អន្តរជាតិ និង​មាន​ទំនុកចិត្ត​។

លោក​បន្តថា​៖ «​ការពង្រឹង​សន្តិសុខ​អាកាសចរណ៍​គឺជា​ការផ្តល់​ទំនុក​ចិត្ត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ដោយ​ត្រូវបាន​ធានា​តាមរយៈ​ការអនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​ទៅលើ​សន្តិសុខ​អាកាសចរ​ស៊ីវិល​សំដៅ​ការការពារ​ទប់សា្កត់ និង​ប្រឆាំង​រាល់​អំពើ​រំលោភច្បាប់​ដូចជា​ការបំផ្ទុះ​អំពើ​ភេរវកម្ម ការបំផ្លិចបំផ្លាញ ការគំរាមកំហែង​ដល់​ជីវិត និង​ទ្រព្យសម្បត្តិ​ជាដើម​»​។

អាកាសចរ​ស៊ីវិល​នឹង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​អន្ដរជាតិ និង​ការតភ្ជាប់​ការហោះហើរ​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​នៅក្នុង​ការបង្កើត​ និង​ការធ្វើឲ្យ​មាន​ភាពសុខដុម​នីយកម្ម​រវាង​គោលនយោបាយ និង​ផែនទី​មគ្គុទេ្ទសក៍​ក្នុង​ការអភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅក្នុង​អនុតំបន់ តំបន់ និង​ពិភពលោក​។

លើស​ពី​នេះ​ក៏​នឹង​មាន​ការពង្រឹង​សេវាកម្ម​នាំ​ផ្លូវអាកាស​ដោយ​ធានា​ឲ្យ​បាន​នូវ​ការនាំ​ផ្លូវ​ហោះហើរ​សម្រាប់​អាកាសយាន និង​សេវាកម្ម​ចរាចរណ៍​ដែនអាកាស​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ធានា​បាន​នូវ​ទំនុកចិត្ត​ក្នុង​ការផ្តល់​សេវាកម្ម​ដោយ​អនុលោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នាំ​ផ្លូវ​ហោះហើរ​។

បើ​តាម​លោក ចាន់សិរីវុត្ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ត្រូវ​ដើរ​ស្រប​គ្នា​ទៅនឹង​កំណើន​អ្នកដំណើរ​តាមផ្លូវ​អាកាស និង​ធ្វើឲ្យ​វិស័យ​អាកាសចរ​ស៊ីវិល​ឆ្លើយតប​បាន​យ៉ាង​ល្អ​ចំពោះ​តម្រូវការ​នានា​របស់​អ្នកប្រើប្រាស់​។ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បណ្តុះបណ្តាល និង​បំពាក់បំប៉ន​ជំនាញ​មូលដ្ឋាន មធ្យម ជាន់ខ្ពស់ ប្រកបដោយ​ជំនាញ​ជាក់លាក់​ដល់​បុគ្គលិក​របស់ខ្លួន​រួចហើយ​។

ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ លោក​ថ្លែងថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ក៏​នឹង​ដាក់បញ្ចូល​យុទ្ធសាស្ត្រ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​ការត្រៀម​ងើបឡើង​វិញ និង​ការស្ដារ​បន្ទាប់ពី​វិបត្តិ​កូវីដ​​ ១៩​។

លោក ហុង វណ្ណៈ ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​ដែល​បាន​ដាក់​ចេញ​នេះ​មាន​លក្ខណៈ​ល្អ​ហើយ ប៉ុន្តែ​បញ្ហា​ជាក់ស្ដែង​គឺថា​ទាំង​ក្រុមហ៊ុន​ហោះហើរ និង​អ្នកដំណើរ​កំពុង​ជួប​បញ្ហា​រៀងៗ​ខ្លួន​នៅ​ទូទាំង​ពិភពលោក​។ ផែនការ​យុទ្ធសាស្ត្រ​ទាំងនេះ​អាច​អនុវត្ត​ទៅបាន នៅពេល​ដែល​ស្ថានភាព​ពិភពលោក​វិលត្រឡប់​មក​រក​ភាពប្រក្រតី​វិញ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩៕