ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​នឹង​រៀបចំ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការសង្គ្រោះ ចំណាប់ខ្មាំង​លើ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​ ១០ ខែ​មករា ឆ្នាំ​ ​២០២០​។

យោងតាម​លិខិត​ជូនដំណឹង​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹងថា កងកម្លាំង​ប្រដាប់​អាវុធ​រួមទាំង​មាន​យន្តហោះ រថយន្ត​អគ្គិភ័យ រថយន្ត​ពេទ្យ និង​រថយន្ត​ដឹក​កងកម្លាំង​ប្រដាប់អាវុធ​នឹង​ចូលរួម​ក្នុង​​លំហាត់​សមយុទ្ធ​នៅថ្ងៃនោះ​។

លោក​ ជា អូន ​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹងថា ការរៀបចំ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​ក្រោម​ប្រធានបទ​សង្គ្រោះ​ចំណាប់ខ្មាំង​លើ​យន្តហោះ​នោះ ដើម្បី​ហ្វឹកហ្វឺន​ពី​ការជួយ​សង្គ្រោះ និង​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។

លោក​ថ្លែង​ថា​៖ «​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​គេ​ធ្វើ​រាល់​ ២ ​ឆ្នាំ​ម្តង ហើយ​គេ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធម្មតា​ទេ​។ គោលដៅ​គេ​ហ្វឹកហាត់​ពេល​មាន​គ្រោះអាសន្ន​មាន​ហានិភ័យ​អី យើង​អាចជួយ​សង្គ្រោះ​ និង​ទប់ស្កាត់​ហានិភ័យ ដូចជា មាន​បញ្ហា​ធ្លាក់​យន្តហោះ ឬ​ក៏​មាន​បញ្ហា​គ្រឿង​ម៉ាស៊ីន ឬ​លក្ខណៈ​បច្ចេកទេស ឬ​ក៏​បញ្ហា​សន្តិសុខ​ផ្សេងៗ​»​។

លោក​បាន​បន្ថែមថា​កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០១៩ ​នេះ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ក្នុង​គោលបំណង​ធ្វើការ​សាកល្បង ហ្វឹកហ្វឺន និង​ផ្តល់​បទពិសោធ​ដល់​ស្ថាប័ន​នានា​ដែល​មាន​ការពាក់ព័ន្ធ​សំដៅ​លើក​កម្ពស់​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា នៅពេល​មាន​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ចុះ​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ផ្ញើជូន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​ផ្សព្វផ្សាយ​ផ្លូវការ​នៅ​ថ្ងៃទី​ ៣ ខែ​មករា​នេះ​បាន​ឲ្យ​ដឹងថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិការ​ឲ្យ​បាន​រលូន និង ទទួល​បាន​ជោគជ័យ ដូច្នេះ​សាធារណជន​កុំ​មានការ​ភ័ន្តច្រឡំ​ពី​ព្រឹត្តិការណ៍​នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែ​មករា ឆ្នាំ​ ២០២០​។

សេចក្តី​ជូនដំណឹង​នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី មេត្តា​ជ្រាបថា​យោង​អនុសាសន៍​ណែនាំ​របស់​អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ​តម្រូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​​រៀងរាល់​ ២ ​ឆ្នាំ​ម្តង​នៅក្នុង និង​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​។ សូម​រំឭកថា​នៅក្នុង​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប​មាន​ការដុត​ប្រេង និង​កង់ឡាន​ចាស់ៗ បង្កើត​ជា​អណ្តាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់​ជា​សិប្បនិម្មិត​នៃ​ការធ្លាក់​យន្តហោះ​៕