ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​ ២៩ ខែ​មករា ដល់​ថ្ងៃទី​ ៣ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ អាកាសធាតុ​ត្រជាក់​នឹង​កើតមាន​ជាថ្មី​ម្ដងទៀត​នៅ​តំបន់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ខណៈ​តំបន់​វាលទំនាប​ភាគ​ខាងក្រោម​អាង​ទន្លេមេគង្គ និង​តំបន់​មាត់សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ នេះ​បើតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ការត្រឡប់​ជាថ្មី​នៃ​អាកាសធាតុ​ត្រជាក់​នេះ​គឺ​ដោយសារ​តែ​កម្ពុជា​រង​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ទាប​ខ្សោយ​លើ​ផ្ទៃដី​និង សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ភាគ​ខាងត្បូង​»​។ តាមរយៈ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ខ្សោយ​លើ​ផ្ទៃដី​នឹង​ធ្វើឲ្យ​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​រួមមាន ខេត្ត​ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរី​មាន​សីតុណ្ហភាព​អប្បបរមា​ស្ថិតក្នុង​ចន្លោះ​ពី​ ១៨-២១ ​អង្សាសេ ខណៈ​ខេត្ត​មួយចំនួន​ដែល​ស្ថិត​នៅក្នុង​តំបន់​ទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​ចន្លោះ​ពី​ ២២ ដល់ ២៥ ​អង្សាសេ និង មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង​ក្នុង​កម្រិត​ខ្សោយ​។ ចំណែក​បណ្ដា​ខេត្ត​ក្នុង​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ចន្លោះ​ពី​ ២៤ ដល់ ២៦ ​អង្សាសេ និង មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។

បន្ថែម​លើ​សេចក្ដី​ជូន​ដំណឹង​នេះ​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុងអំឡុងពេល​នៃ​អាកាសធាតុ​ចុះ​ត្រជាក់​នេះ​ដែរ តំបន់​មួយ​ចំនួន​ដែល​ស្ថិតនៅ​ជុំវិញ​បឹង​ទន្លេសាប និង​វាលទំនាប​តាម​ដង​ទន្លេមេគង្គ ព្រមទាំង​ជួរ​ភ្នំ​និង​ខ្ពង់រាប​នឹង​មាន​ចុះ​អ័ព្ទ​នៅពេល​ព្រឹក ឬ​នឹង​មាន​ភ្លៀង​កក់ខែ​កើតឡើង​។

យ៉ាងណាក្តី​លោក​ថ្លែងថា​៖ «​អាកាសធាតុ​ត្រជាក់​នេះ វា​មិន​ត្រជាក់​ខ្លាំង និង​មិន​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ដូច​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​ ២០១៩ និង​ដើមខែ​មករា​ឆ្នាំ​ ២០២០ នោះទេ គឺ​វា​គ្របដណ្ដប់​តែ​លើ​ផ្នែក​ខ្លះ​នៃ​តំបន់​ជួរ​ភ្នំ​ដងរែក​ និង​ខ្ពង់រាប​ឦសាន​ប៉ុណ្ណោះ​»​។

ជាមួយ​គ្នា​នេះ​លោក យុត្ថា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ភាព​អាប់អួ​នៃ​បរិយាកាស​ក្នុង​អំឡុងពេល​នៃ​អាកាសធាតុ​ចុះ​ត្រជាក់​នេះ​ផង​ដែរ ដោយ​លោក​បាន​ពន្យល់​ថា ជាទូទៅ​ខ្យល់អាកាស​ក្នុង​អំឡុង​ពេលនេះ​មាន​ភាពកខ្វក់​ជាង​ក្នុង​រដូវវស្សា​ និង​រដូវប្រាំង ដោយសារ​ធូលី​ដី និង​ផ្សែង​ដែល​បាន​រសាត់​ទៅក្នុង​បរិយាកាស​បាន​ប៉ះ​ជាមួយ​នឹង​ម៉ាស់​ខ្យល់​បង្ក​ឲ្យ​មាន​សំណើម និង​កំណក​ក្នុង​បរិយាកាស​ធ្វើឲ្យ​ខ្យល់​មាន​ទម្ងន់ និង​មាន​ភាពមិន​ស្អាត​។

យ៉ាងណាក្តី​កាលពី​ពេល​ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន​បាន​ប្រកាស​ថា ខ្យល់អាកាស​ក្នុង​ប្រទេស​កម្ពុជា​បាន​វិលត្រឡប់​មករក​ភាពប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ និង​ការ​បំភាយ​នូវ​ឧស្ម័ន​ចេញពី​រោងចក្រ ឧស្សាហកម្ម និង​យានយន្ត និង​ការដុត​កាកសំណល់​ផ្សេងៗ​ដោយ​គ្មាន​បទដ្ឋាន​បច្ចេកទេស​៕