កំពង់ចាមៈ ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​កំណើន​សីតុណ្ហភាព​នៅក្នុង​បរិយាកាស​បាន​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត ដែល​នាំមក​នូវ​បញ្ហា​ប្រឈម​ចំពោះ​កង្វះខាត​ទឹក​នៅ​គ្រប់​ទី​តំបន់​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុជា​ផងដែរ​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ធនធាន​ទឹក​បាន​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ទំនប់​អាង​ស្តុក​ទឹក​នានា​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ជូន​ដល់​ប្រជាកសិករ​ក្នុង​​តំបន់​ដែល​ងាយ​រងគ្រោះ​។

លោក អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹងថា ភាពរាំងស្ងួត​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើឲ្យ​ប្រជាកសិករ​ប្រមាណ​ជាង​ ៣ ២០០ ​គ្រួសារ ​នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ជើងព្រៃ​ជួប​ការលំបាក​យ៉ាងខ្លាំង​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​ការងារ​បង្កបង្កើនផល​ស្រូវ​របស់​ពួកគាត់​ជួប​ប្រឈម​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​។

លោក​បាន​បន្តថា ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង និង​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ចាម​បាន​ចុះ​អន្តរាគមន៍​ជីកស្ដារ និង​ជួសជុល​កែលម្អ​ឡើងវិញ​នូវ​ទំនប់​អាង​ស្តុក​ទឹក​ ១ ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាប់​ព្រំប្រទល់​រវាង​ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ និង​ឃុំ​សំរោង​ ស្រុក​ព្រៃឈរ​។

លោក​ វិបុល ថ្លែងថា​៖ «​នៅពេលនេះ​ក្រុមការងារ​យើង​កំពុង​សម្រុក​ធ្វើការងារ​ជីក​ស្ដារ និង​ជួសជុល​ទំនប់​អាងទឹក​តំបន់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ៣ ២១៣ ​គ្រួសារ ​នៅក្នុង​ឃុំ-ស្រុក​ទាំង​ ២ ​នេះ​។ ទំនប់​អាង​ស្ទាក់​ទឹក​តំបន់​នេះ​មាន​អានុភាព​អាច​ស្តុក​ទឹកបាន​រហូតដល់​ ១៣ ​លាន​ម៉ែត្រគុប​ ដែល​អាច​ផ្គត់ផ្គង់​ទឹក​ដល់​ដីស្រែ​ចម្ការ​ប្រមាណ​ជាង​ ៣ ០០០ ហិកតា​នៅក្នុង​តំបន់​នោះ​»​។

លោក​ វិបុល បាន​ថ្លែងថា​ដំណើរ​ការជីកស្ដារ និង​ជួសជុល​ឡើងវិញ​នូវ​ទំនប់​អាងទឹក​តំបន់​នេះ​នឹង​ត្រូវ​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែកញ្ញា​ខាងមុខ​នេះ​ជាមួយ​ការស្ថាបនា​នូវ​​សំណង់​សិល្បការ និង​ទ្វារ​ទឹក​ចំនួន​ ៣ ព្រមទាំង​រៀបចំ​ខ្នង​ទំនប់​ដែល​មាន​ប្រវែង​ ៤ ​គីឡូម៉ែត្រ​ឲ្យ​ក្លាយ​ជា​ផ្លូវ​សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាកសិករ​ក្នុង​តំបន់​នោះ​។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​នៅពេល​ទំនប់​អាង​ស្ទាក់​ទឹក​តំបន់​នេះ​ត្រូវបាន​ជីក​ស្ដារ​ និង​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ វា​មិន​គ្រាន់​តែ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​នេះ តាមរយៈ​ការធ្វើ​កសិកម្ម​ដាំដុះ​ដំណាំ​ស្រូវ​​ និង​បន្លែបង្ការ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កាត់បន្ថយ​នូវ​ការចំណាយ​ថវិកា​លើ​ការដឹកជញ្ជូន​កសិផល​ផងដែរ​។

លោក​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​យើង​មាន​គម្រោង​ប្រែក្លាយ​ទំនប់​អាង​ស្ទាក់​ទឹក​តំបន់​ទៅ​ជា​កន្លែង​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ផងដែរ​នៅពេល​ទំនប់​អាង​ស្ទាក់​ទឹក​នេះ​ត្រូវ​បាន​ស្ដារ​ និង​ជួសជុល​រួច​។ អ៊ីចឹង​ទេ វា​មិន​គ្រាន់តែ​ផ្ដល់​ផលប្រយោជន៍​ចំពោះ​តែ​វិស័យ​កសិកម្ម​ទេ ថែមទាំង​វិស័យ​ទេសចរណ៍​នឹង​ដឹកជញ្ជូន​ផងដែរ ព្រោះ​ខ្នង​ទំនប់​ទាំងសង​ខាង​គឺជា​ផ្លូវ​ដែល​អាច​ចរាចរណ៍​ដឹក​កសិផល​»​។ កម្ពុជា​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ៨០ ​ភាគរយ​ជា​កសិករ​៕