ភ្នំពេញៈ ក្រសួងសុខាភិបាលមិនទាន់បង្ហាញច្បាស់ពីផែនការបើកឲ្យដំណើរការឡើងវិញអាជីវកម្មមួយចំនួន ជាពិសេស ក្លិបកម្សាន្ត ខារ៉ាអូខេ (KTV) ដែលត្រូវបានបិទដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ ១៩នោះទេ បើទោះបីស្ថានភាពនៃជំងឺនេះនៅក្នុងប្រទេសស្ថិតក្នុងការគ្រប់គ្រងបានក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលស្នើឲ្យពលរដ្ឋរក្សាភាពអត់ធ្មត់បន្តិច។
ឆ្លើយតបនឹងអ្នកកាសែតក្នុងសន្និសីទកាសែតពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មិនទាន់បញ្ជាក់ច្បាស់នោះទេ ជុំវិញការបើកឲ្យដំណើរការនូវអាជីវកម្មមួយចំនួនដែលមានដូចជា ក្លិបកម្សាន្តខារ៉ាអូខេ ឬ KTV សារមន្ទីរ និងកន្លែងកម្សាន្តសាធារណៈមួយចំនួនទៀតដែលបានបិទដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ ១៩។
លោក ម៉ម ប៊ុនហេង គ្រាន់តែបញ្ជាក់ថា៖ «រឿង KTV បានន័យថា ខារ៉ាអូខេ មិនអ៊ីចឹង។ ខ្ញុំក៏ចង់ទៅដែរ ប៉ុន្តែខ្ញុំខ្លាចងាប់ និយាយតាមត្រង់។ វាមិនទាន់ដល់ពេល ហើយខ្ញុំមិនដឹងថាតាមប្រទេសគេ បើករបៀបម៉េចទេព្រោះខ្ញុំមិនដែលបានទៅទេ។ ប៉ុន្តែប្រទេសគេ ក៏ឈឺច្រើនដែរ ហើយក៏ស្លាប់ច្រើនដែរ។ យើងគួរតែយកគំរូឈឺច្រើន ស្លាប់ច្រើនឬក៏គំរូអត់ស្លាប់?»។
លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យពលរដ្ឋដែលចូលចិត្តច្រៀងកម្សាន្តសប្បាយនោះឲ្យងាកមករៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារតូចៗ ប្រសើរជាងទៅខារ៉ាអូខេដែលអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការឆ្លងជំងឺកូវីដ១៩នេះ។
លោកបន្ថែមថា៖ «ខារ៉ាអូខេ បើវាអត់អាហ្នឹងក៏វាមិនងាប់ដែរ។ សូមអធ្យាស្រ័យ ខ្ញុំនិយាយតាមត្រង់។ ដូចខ្ញុំនិយាយអ៊ីចឹង គឺយើងត្រូវប្រុងប្រយ័ត្នកន្លែងនេះ។ ខ្ញុំយល់ថា បើយើងធ្វេសប្រហែសអាចមានករណីនាំចូលមកទៀត។ ដូច្នេះការដែលប្រុងប្រយ័ត្ននេះ យើងទ្រាំបន្តិចទៅ កុំអាលផឹកស៊ីអី ព្រោះបើយើងមិនផឹកស៊ី ក៏មិនស្លាប់ដែរ ស្រុកណាក៏មានយើងត្រូវរួមចំណែកទាំងអស់គ្នា»។
ការថ្លែងបែបនេះ ព្រោះលោកអះអាងថា កម្ពុជានៅប្រឈមនៅឡើយចំពោះការផ្ទុះឡើងជាថ្មីនូវការរីករាលដាលនៃជំងឺកូវីដ១៩ ដរាបណាពិភពលោកមិនទាន់រកឃើញនូវវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺនេះ។
កាលពីអំឡុងខែមីនា រដ្ឋាភិបាលប្រកាសបិទខេធីវី រោងភាពយន្ត សាលារៀន ក្លិបកម្សាន្ត និងកន្លែង សាធារណៈមួយចំនួនដោយមិនកំណត់រយៈពេលក្នុងការបើកឲ្យដំណើរការវិញ។ វិធានការទាំងនេះត្រូវបានអះអាងថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩។
លោកស្រី Li Alian ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លើកឡើងនាឱកាសនោះដែរថា ក្នុងកាលៈទេសៈនេះគឺជាពេលវេលាដ៏លំបាក សម្រាប់កម្ពុជាក្នុងការអនុញ្ញាតឲ្យបើកអាជីវកម្ម ឬកន្លែងសាធារណៈមួយចំនួនឡើងវិញ។ លោកស្រីលើកឧទាហរណ៍មួយទាក់ទងនឹង KTV ដែលលោកស្រីចាត់ទុកថា ជាកន្លែងដែលមានគ្រោះថ្នាក់បំផុតសម្រាប់ជំងឺកូវីដ ១៩ បើក្នុងករណីរដ្ឋាភិបាលប្រកាសឲ្យដំណើរការឡើងវិញ។
លោកស្រីបញ្ជាក់ថា៖ «ការបើកនូវអាជីវកម្មផ្សេងៗហ្នឹងគឺជាការសម្រេចចិត្តមួយដ៏ពិបាកដែលមិនមែនជាការងាយស្រួលទេ ទាំងរាជរដ្ឋាភិបាល ទាំងម្ចាស់អាជីវកម្ម ទាំងបុគ្គលផ្សេងៗទៀត។ អ្វីដែលខ្ញុំចង់បញ្ជាក់ថា ជំងឺនេះឆ្លងងាយស្រួលនៅកន្លែងពុំមានខ្យល់ចេញចូលល្អ ហើយជាពិសេសកន្លែងដែលមានមនុស្សច្រើនកុះករ។ ជាពិសេសនៅកន្លែងដែលនិយាយច្រើន ស្រែកច្រើន ដូចជា កន្លែងកម្សាន្ត KTV បង្កនូវហានិភ័យខ្ពស់»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៤ ឧសភា កម្ពុជាពុំមានរកឃើញ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នោះទេ ហើយករណីជាសះស្បើយក៏មិនទាន់មានបន្ថែមទៀតនោះដែរ។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១២២ នាក់នោះ មានអ្នកជាសះស្បើយចំនួន ១២០ នាក់។
លោក ម៉ម ប៊ុនហេង នៅតែបន្តណែនាំដល់ពលរដ្ឋខ្មែរត្រូវផ្លាស់ប្តូរ ឥរិយាបថ និងទម្លាប់របស់ខ្លួន។ នៅចំពោះមុខការរាតត្បាតនេះត្រូវខិតខំរៀបចំការរស់នៅតាមគន្លងថ្មីនៃជីវភាពធម្មតារបស់ខ្លួន ដើម្បីចៀសវាងការចម្លងរោគ ដូចជាការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត។ លាងសំអាតដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែលលាងដៃឲ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ ឬក្រមាក្នុងករណីចាំបាច់ និងមិនត្រូវមានការជួបជុំប្រមូលផ្តុំនោះឡើយ៕