
អាជ្ញាធរចុះបិទសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្ដោះអាសន្នអាជីវកម្មអ៊ីនធឺណិតកាហ្វេនៅភ្នំពេញ ក្នុងពេលរីករាលដាលជំងឺកូវីដ ១៩។ រូបថត រដ្ឋបាលខណ្ឌដូនពេញ
ភ្នំពេញៈ អាជីវកម្មអ៊ីនធឺណិតកាហ្វេនៅភ្នំពេញទាំងអស់ដែលល្មើសសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្ដោះអាសន្នអាជីវកម្មនេះក្នុងពេលរីករាលដាលជំងឺកូវីដ ១៩ នឹងប្រឈមការដកអាជ្ញាប័ណ្ណ និងប្រឈមនឹងការអនុវត្តច្បាប់ និងអនុក្រឹត្យស្ដីពីកូវីដ ១៩។ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី។
សាលារាជធានីភ្នំពេញកាលពីថ្ងៃទី ២០ ខែមីនា បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់អាជីវកម្មសេវាអ៊ីនធឺណិតវិស័យព័ត៌មាន ឬដែលគេស្គាល់សាមញ្ញថា អ៊ីនធឺណិតកាហ្វេនៅរាជធានីភ្នំពេញឱ្យផ្អាកសេវាកម្មនេះជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ការផ្អាកនេះធ្វើឡើងខណៈពេលដែលស្ថានភាពជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០ កុម្ភៈ មិនទាន់មានភាពធូរស្រាលនៅឡើយ តែផ្ទុយទៅវិញកាន់តែធំទៅៗ ហើយក៏មានករណីឆ្លងជំងឺនេះចេញពីទីតាំងសេវាអ៊ីនធឺណិតផងដែរ។
សេចក្ដីណែនាំបានចែងថា៖ «ទទួលបានសេចក្ដីណែនាំនេះ សូមម្ចាស់អាជីវកម្មអ៊ីនធឺណិតវិស័យព័ត៌មានទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យមានប្រសិទ្ធភាព»។
បន្ទាប់ពីការចេញសេចក្ដីជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី ២០ មីនា បានចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មអ៊ីនធឺណិតកាហ្វេចំនួន ៣៦ ទីតាំង ក្នុងសង្កាត់ទាំង ១១ នៃខណ្ឌនេះ ឱ្យផ្អាកសេវាកម្មនេះជាបណ្ដោះអាសន្ន។ អាជ្ញាធរកំពុងបន្តធ្វើកំណត់ហេតុ និងបិទទីតាំងដែលនៅសេសសល់ផ្សេងទៀត។ នេះបើតាមរដ្ឋបាលខណ្ឌដូនពេញ។
រដ្ឋបាលខណ្ឌដូនពេញបញ្ជាក់ដូច្នេះថា៖ «ក្នុងករណីម្ចាស់ទីតាំងមិនសហការ ហើយនៅបន្តប្រកបអាជីវកម្ម ដោយរឹងរូសមិនចូលរួមអនុវត្តជាមួយអាជ្ញាធរនោះ អាជ្ញាធរខណ្ឌនឹងចាត់វិធានការច្បាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ»។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញលោកមិនទាន់ទទួលបានតួលេខសរុបនៃអាជីវកម្មអ៊ីនធឺណិតកាហ្វេដែលត្រូវបានបិទទេ។ ប៉ុន្តែលោកបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដែលមិនអនុវត្តតាមសេចក្ដីណែនាំនេះនឹងត្រូវដកអាជ្ញាប័ណ្ណ ហើយបញ្ជូនសំណុំរឿងទៅតុលាការ។
លោកបានថ្លែងដូច្នេះថា៖ «មុនដំបូងយើងអនុវត្តវិធានការរដ្ឋបាលសិន គឺយើងបិទទីតាំងនោះ។ ដូចសេចក្ដីជូនដំណឹងបញ្ជាក់ថា ឱ្យបិទទីតាំងនោះបណ្ដោះអាសន្នដើម្បីទប់ស្កាត់កូវីដ។ ប៉ុន្តែបើនៅមានអ្នកលួចលាក់បន្តបើកទៀតគឺយើងអនុវត្តវិធានការរដ្ឋបាល គឺយើងបិទតែម្ដងលែងឱ្យអាជ្ញាប័ណ្ណ។ សេចក្ដីជូនដំណឹងនេះគឺឱ្យបណ្ដោះអាសន្ន ពេលស្ថានភាពល្អប្រសើរវិញ ពួកគាត់អាចប្រកបអាជីវកម្មវិញធម្មតាតាមអាជ្ញាប័ណ្ណ»។
លោកបន្តថា៖ «តែបើនៅល្មើសក្នុងដំណាក់កាលដែលយើងកំពុងហាមឃាត់នេះ យើងបិទទីតាំងនោះទាំងស្រុងតែម្ដងហើយពេលអនុវត្តវិធានការផ្លូវច្បាប់ យើងចាត់ចែងតាមច្បាប់ថ្មីរបស់យើង គឺច្បាប់កូវីដ ១៩ ប្រឈមនឹងទោសទណ្ឌអី ឬពិន័យផ្សេងៗអាស្រ័យលើតុលាការ»៕