​អាជីវករ​ជាង ២០ នាក់ តំណាង​ឲ្យ​អាជីវករ​ ដែល​ជួល​តូប​​លក់​នៅ​ផ្សារ​បុរី​កីឡា​ប្រមាណ ៧០ នាក់ នៅ​ថ្ងៃ​ទី ១១ ​ខែ​ឧសភា​នេះ បានដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខណ្ឌ ៧ មករា ជំនួស​ឲ្យ​ការប្រមូលផ្តុំ​គ្នា​​តវ៉ា​ដែល​បានគ្រោង​ទុក ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​ផ្សារ​ បញ្ចុះ​តម្លៃ​​ជួល​តូប ៥០ ភាគ​រយ​យៈ​ពេល ៦ខែ នា​អំឡុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ ១៩។

អាជីវករ​ម្នាក់​ដែល​ប្រាប់​ឈ្មោះត្រឹម ​ជាង រឿន បាន​និយាយ​​ថា តាម​គម្រោង​ក្រុម​អាជីវករ​ទាំងអស់ គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ផ្សារ​បុរី​កីឡា ដើម្បី​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ម្ចាស់​ផ្សារ បញ្ចុះតម្លៃ ៥០ ភា​គរ​យ​។ ប៉ុន្តែលោក​ថា ការប្រមូល​ផ្តុំគ្នា ត្រូវ​បាន​លុបចោល ដោយ​គ្រាន់តែ​នាំគ្នា​ប្រមូល​ស្នាម​មេដៃ​ ពី​អាជីវករ​ទាំងអស់ ដើម្បី​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខណ្ឌ ៧ មករា តាម​ការ​ទាមទារ​រប​ស់​អាជ្ញាធរ​វិញ ដោយ​អះអាង​ថា នឹង​បន្ត​សម្រប​សម្រួល​ដល់​​អាជីវករ​។

លោក រឿន ដែល​ចំណាយ​ថ្លៃ​ជួល​តូប​ក្នុង​មួយខែជាង ៣០០ ដុល្លារ សម្រាប់​ប្រកប​របរ​លក់ និង​ជួសជុល​ម៉ូតូ​នោះ បាន​បន្ថែមថា ការដែល​អាជីវករ​ ទាមទារ​យ៉ាង​ដូច្នេះ ព្រោះតែ​គ្មាន​លទ្ធភាព បន្ត​បង់ថ្លៃ​តូប ដែលមាន​តម្លៃ​ថ្លៃ ខណៈ​គ្មាន​អតិថិ​ជន​ទិញ និង​ប្រើប្រាស់​សេវា​របស់ខ្លួន​ ហើយ​ម្យ៉ាង​ទៀត​ខាង​ប្រធាន​ផ្សារ បាន​កំណត់​យ៉ាង​ដាច់​អហង្កាថា មិន​ព្រម​បញ្ចុះ​តម្លៃ និង​គ្មាន​ការ​លើក​លែង​ឡើយ បើ​គ្មាន​សមត្ថ​ភាព​ផ្តល់​ថ្លៃ​ជួល គឺ​​ត្រូវរើ​ចេញទៅ។

លោក​បញ្ជាក់ថា៖ «ក្រុមអា​ជីវករ ពិតជា​មិន​ចង់​គេចវេស​ មិន​បង់ថ្លៃ​តូប​នោះទេ ប៉ុន្តែ​រយៈ​ពេល​២ ខែ​ក្នុងអំឡុង​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ មកនេះ ក្រុមអាជីវករ មិនមាន​ចំណូ​ច​ច្រើន​នោះទេ ហើយ​បាន​ចំណាយ​ប្រាក់​ដែល​សន្សំ​បង់ថ្លៃ​តូប​អស់ហើយ។ នៅ​ខែ​ ៤ និង​ខែ៥ នេះ​គឺ​ពិតជា​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ធ្វើការ​បង់​នោះទេ។ យើង​សុំ​បញ្ចុះតម្លៃ​នេះ តែមួយ​រយៈ​ជំងឺ​នេះ​ប៉ុណ្ណោះ បើ​ស្ថានភាព​ធូ​ស្រាល​ពេល​ណា យើង​បង់​ឲ្យ​គាត់ គ្រប់​ចំនួន​វិញ»។

ចំណែក​អាជីវករ​ម្នាក់ទៀត លោក ជា វុត្ថា ជាជាង​ជួសជុល​ម៉ូតូ​ដែល​បាន​ជួល​តូប​ក្នុង​ផ្សារ​នេះ​ប្រមាណ ១០ ឆ្នាំ​មក​ហើយ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា បច្ចុប្បន្នចំណូល​ដែល​បានមកពី​សមាជិកគ្រួសា​រទាំងអស់ ត្រូវបាន​កាត់​បន្ថយ​​ជាង​ពាក់កណ្តាល ព្រោះ​មាន​សមាជិក​ខ្លះ បាន​បាត់បង់​ការងារ និង​ខ្លះទៀត ក៏​ត្រូវបាន​កាត់បន្ថយ​ប្រាក់ខែ​ពាក់កណ្តាល ខណៈ​លោក ក៏​រក​មិនបាន​ទៀត ទើប​ធ្វើ​ឲ្យ​ការ​រ៉ាប់រង​ថ្លៃ​ជួល​តូប​ជួប​បញ្ហា​ប្រឈម។

លោក​បន្ថែមថា៖ «យើង​សុំ​នេះ ក៏​មិន​ចង់បាន ៥០ ភាគរយ​ទេ គ្រានតែ​ចង់​ឲ្យ​ម្ចាស់​ផ្សារ​នេះ មាន​មនោសញ្ចេតនា​ចុះ​ឲ្យ​យើង​ខ្លះ ព្រោះ​ដូច​ជា​កូន ជា​ម៉ែឪ​អ៊ីចឹង។ បើមិនបាន ៥០ ភាគរយ ឧទាហ​រណ៍ ១០០ ដុល្លា​អី ចុះ ២០ ដុល្លា​អី​ទៅ ទម្រាំ​សេដ្ឋកិច្ច​រស់​ឡើងវិញ យើង​បង់​ធម្មតា​ឡើងវិញ​ទៅ មិន​មែន​មានន័យថា គាប​សង្កត់​គាត់​ឯណា គ្រាន់តែ​ក្នុង​ពេល​នេះយើង​រក​មិនបាន»។

ប្រធាន​ផ្សារ​បុរី​កីឡា ដែល​ក្រុមអាជីវករ​ស្គាល់​ត្រឹម​ឈ្មោះ តា​ខឿន នោះ មិនអាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេកាលពី​ថ្ងៃ​ចន្ទ ដោយ​សារ​ទូរស័ព្ទ​របស់​លោកមិន​អាច​ទាក់ទង​បាន។

លោក ម៉ប់ សារ៉េត នាយក​រដ្ឋបាល​ខណ្ឌ ៧ មករា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​ ១១ ​ខែ​ឧសភា​នេះ​​ថា ចំពោះ​ករណីនេះ អាជ្ញាធរ​ខណ្ឌ នឹង​ព្យាយាម​សម្របសម្រួល​ឲ្យ​បាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅ​បាន​ ប៉ុន្តែ​មាន​លទ្ធផល​យ៉ាងណា​នោះ លោកមិន​អាច​បញ្ជាក់​បានទេ ព្រោះ​ការទាមទារ​នេះ អាជ្ញាធរ​ខណ្ឌ​មិនអាច​សម្រេច​តែម្នាក់​ឯង​បានទេ គឺ​អាស្រ័យទៅលើ​ការ​សម្រប​សម្រួល​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​ទទួល​ហើយ​ចុះ​លេខ​ចូល​ឯកសារ​ ដែល​គាត់​ដាក់​មក។ ខ្ញុំ​កំពុង​ធ្វើការ​ស្នើ​ទៅ​អភិបាលខណ្ឌ ដើម្បី​រៀបចំ​អ​ញ្ជើ​ញ​ខាង​ផ្សារ និង​តំណាង​អាជីវករ ដើម្បី​មក​សម្រប​សម្រួលព្រោះនេះ​ជា​នីតិវិធី​នៃ​ការដោះស្រាយ។ យើង​ព្យាយាម​ធ្វើ​រឿងនេះ ឲ្យ​លឿន​ជាទី​បំផុត​ ដើម្បី​ឲ្យ​ពួកគាត់​បាន​ជួបគ្នាទៅតាម​នីតិវិធី​របស់​ខណ្ឌ»។

បើ​តាម​ក្រុម​អាជីវករ បើ​ក្នុងករណី​ដែល​ការចរចា​ក្នុងពេល​ខាង​មុខមិន​មាន​ដំណោះស្រាយ​ទេនោះ​ ពួកគេ​នឹង​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ាជា​លក្ខណៈ​ទ្រង់​ទ្រាយធំ ដើម្បី​ឲ្យ​មានការ​បញ្ចុះ​តម្លៃ​តាម​ការ​ទាម​ទារ ឬ​បញ្ចុះ​តម្លៃ​ក្នុង​កម្រិត​ណា​មួយ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​អាជីវករ​៕