ភ្នំពេញៈ អាជីវករ​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ស៊ិនជូរីផ្លាហ្សា នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី បាន​យល់ព្រម​បញ្ឈប់​ការតវ៉ា​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ផ្សារ​នេះ​ឲ្យ​ទៅជា​ផ្សារ​ទំនើប ប៉ុន្តែ​នៅមាន​ក្តីបារម្ភ​បើ​ទោះ​ជា​មាន​ការអះអាង​ពី​អភិបាល​រាជធានី​ភ្នំពេញ​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​អាច​បន្ត​អាជីវកម្ម នៅ​កន្លែង​ដដែល ស្រប​ពេល​ដំណើរការ​អភិវឌ្ឍ​នៅតែ​បន្ត​ក្តី​។

កាលពី​ថ្ងៃ​ពុធ សប្តាហ៍​មុន​តំណាង​អាជីវករ​មួយ​ចំនួន និង​តំណាង​ក្រុមហ៊ុន បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ បន្ទាប់ពី​ក្រុមអាជីវករ​ដែល​លក់​នៅ​ជុំវិញ​ផ្សារ​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​តវ៉ា​ជា​បន្តបន្ទាប់ ក្រោយពី​ក្រុមហ៊ុន​ប្រកាស​អភិវឌ្ឍ​ផ្សារ​នេះ​ឲ្យ​ទៅ​ជា​ផ្សារ​ទំនើប​កម្ពស់​ ៧ ​ជាន់ និង​ទុកពេល​ឲ្យ​ក្រុម​អាជីវករ​ ៣ ​ខែ​ ក្នុង​ការរើចេញ​។

អ្នកស្រី​ ឃិន មួយ អាជីវករ​លក់​នៅ​ខាង​ក្រៅ​ផ្សារ​ប្រមាណ​ ១០ ​ឆ្នាំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២៦ សីហា ថា​តំណាង​ក្រុម​អាជីវករ​បាន​ជួប​ជាមួយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ហើយ​ក្នុង​នោះ​អភិបាលក្រុង លោក ឃួង ស្រេង បាន​អះអាង​នៅ​ចំពោះ​មុខ​ក្រុម​អាជីវករ​ដោយ​ថា អាជីវករ​ដែល​លក់​នៅ​ខាងក្រៅ នៅតែ​អាច​បន្ត​លក់ដូរ​ជាធម្មតា បើ​ទោះ​មាន​ការអភិវឌ្ឍ​យ៉ាង​ណា​ក្តី​។

អ្នកស្រី​បន្ត​ថា​នៅពេល​មាន​ការ​អះអាង​យ៉ាង​ដូច្នេះ ក្រុម​អាជីវករ​ទាំងអស់​ក៏​បាន​ឯកភាព​គ្នា​បញ្ឈប់​ការតវ៉ា​សិន និង​បន្តសកម្មភាព​លក់ដូរ​តាម​ធម្មតា ខណៈ​ដែល​ការអភិវឌ្ឍ​ផ្សារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ដើម​ខែ​កញ្ញា​ខាងមុខ​។ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បារម្ភ​ដោយ​ខ្លាច​មាន​ការប្រែប្រួល​ក្នុងពេល​ខាងមុខ ព្រោះ​ការអះអាង​នេះ​ពុំ​មាន​ការបញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​នោះទេ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​យើង​នឹង​តវ៉ា បើ​ការធ្វើ​ (​ផ្សារ​) ​ហើយ​គ្រប់​គ្នា​មិន​បាន​ចូល​ផ្សារ​នេះ​លក់​វិញ ព្រោះ​ខ្លាច​គេ​ដេញ​រាល់ថ្ងៃ​កំពុងតែ​ភ័យ​ដែរ​។ អត់​មាន​ទំនុកចិត្ត​ទេ ព្រោះ​គាត់​អះអាង​អត់​មាន​លិខិត​អី​ទេ​»​។

មិន​ខុសគ្នា​នេះ​ដែរ​អាជីវក​រវ័យ​ ៤០ ​ឆ្នាំ​ ជា​អ្នកលក់​ខាង​ក្រៅ​ផ្សារ​ម្នាក់​ទៀត ដែល​គេ​ហៅ ម៉ាក់ អាម៉ី បាន​ប្រាប់​ដែរ​ថា ពួក​អ្នកស្រី​នៅតែ​បារម្ភ និង​ខ្លាច​មាន​ការ​បណ្តេញចេញ​នៅពេល​ណា​មួយ ព្រោះ​តែ​ការលក់​នៅ​ជុំវិញ​ផ្សារ​មិន​មាន​សុវត្ថិភាព​នោះ​ទេ អ្នកស្រី​ចង់​ឲ្យ​មាន​ការបញ្ជាក់​ឲ្យ​ច្បាស់​ជាង​នេះ​។

លោក​ ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​កាលពី​ថ្ងៃទី​ ២៦ សីហា ថា​មិន​បានឃើញ​មាន​ការលើក​ឡើង​ពី​ការបារម្ភ​របស់​អាជីវករ​ទាំង​លក់​នៅ​ក្នុង និង​ក្រៅ​ផ្សារ​ពេល​មកជួប​ប្រជុំ​ជាមួយ​នឹង​អភិបាល​រាជធានី​។ ប៉ុន្តែ​ពួកគេ​មាន​តែ​សម្តែង​ការរីករាយ និង​ទទួល​យក​គោលការណ៍​ដោះស្រាយ​នោះ​។

អ្នកគ្រប់គ្រង​ផ្សារ​ស៊ិនជូរីផ្លាហ្សា ដែល​គ្រាន់តែ​អះអាង​ថា​មាន​ឈ្មោះ ថុល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមអាជីវករ​នៅ​តែ​អាច​បន្ត​លក់​ជុំវិញ​ផ្សារ​បាន ប៉ុន្តែ​នឹងមាន​ការដោះដូរ​ក្នុងពេល​ខាងមុខ ព្រោះ​តែ​ការលក់​របស់​ពួកគាត់​គឺ​នៅ​លើ​ផ្លូវ​សាធារណៈ​។ ទោះ​យ៉ាង​ណា​លោក​មិនអាច​បញ្ជាក់​នោះ​ទេ ចំពោះ​វិធានការ​បន្ទាប់​ជុំវិញ​ដំណោះស្រាយ​ទាំងនេះ​ដោយ​បង្វែរ​សំណួរ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​វិញ​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​គេ​ធ្វើការ​អភិវឌ្ឍ​គឺ​គេ​ព័ទ្ធ​ដី​ទីតាំង​ផ្សារ ដូច្នេះ​ពួកគាត់​លក់​ជុំវិញ​ផ្សារ​នៅ​លក់​ធម្មតា​ទៅ​។ ដោយ​ខ្ញុំ​គ្រាន់តែ​ជម្រាប​ជូន​អ៊ីចេះ ការ​សំណូមពរ និង​ការស្នើសុំ​របស់​អាជីវករ​គឺ​រដ្ឋាភិបាល​ទទួល​យល់ព្រម​អស់​ហើយ​។ ការងារ​នេះ​បាន​ដាក់​ស្នើ​ទៅ​ដល់​សម្តេច​យល់​ព្រម​អស់​ហើយ គឺ​អាជីវករ​នៅ​លក់​ជាន់​ផ្ទាល់​ដី​នៅពេល​គម្រោង​ផ្សារ​រួចរាល់​»​។

ផ្សារ​ស៊ិនជូរីផ្លាហ្សា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​កាកាប​ ១ ខណ្ឌ​ពោធិ៍សែនជ័យ​នឹង​ត្រូវ​អភិវឌ្ឍ​ឲ្យ​ទៅ​ជា​ផ្សារ​ទំនើប​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ​។ អាជីវករ​ក្នុង​ផ្សារ​នេះ​ត្រូវ​បាន​ចែក​ជា​ ២ ​ក្រុម​គឺ​ក្រុមអាជីវករ​ដែល​លក់​ក្នុង​ផ្សារ​មាន​ចំនួន​ ៣៤១ តូប និង​ក្រុមអាជីវករ​ដែល​គ្មាន​តូប​លក់​ជុំវិញ​ផ្សារ​ដោយ​មិនទាន់​មាន​ចំនួន​ច្បាស់លាស់​ដូចជា​អ្នកលក់​បន្លែ ត្រី សាច់ អង្ករ​ជាដើម​។ ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​អះអាង​ថា​ប្រកប​អាជីវកម្ម​លក់ដូរ​នៅ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ហើយ​ការអភិវឌ្ឍ​នេះ​នឹង​គ្មាន​ការដោះស្រាយ​សំណង​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ប្រមូលផ្តុំ​គ្នា​តវ៉ា​៕