ភ្នំពេញៈ អាជីវករផ្សារនាគមាស ស្ថិតក្នុងខណ្ឌទួលគោក ប្រមាណ ១០០ នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានផ្អាកការប្រមូលផ្តុំបាតុកម្មខាងមុខផ្សារ ទាមទារទម្លាក់តម្លៃជួលតូប បន្ទាប់ពីគណៈកម្មការផ្សារ និងអាជ្ញាធរបានសន្យាជួបចរចានៅរសៀលថ្ងៃពុធនេះវិញ។
អាជីវករម្នាក់បានឈរកាន់បដាស្រែកទាមទារ អ្នកស្រី ទិត្យ ហានី បានឲ្យដឹងថា អាជីវករទាំងអស់បានមូលមតិគ្នាតវ៉ា ដោយសារតែគណៈកម្មការផ្សារ បានដំឡើងតម្លៃជួលតូប ដែលស្ទើរស្មើទ្វេដងនៃតម្លៃពីមុន ហើយតម្លៃនេះ ហួសកម្រិតសមត្ថភាពរបស់អាជីវករ ដោយសារបច្ចុប្បន្ន ផ្សារនេះលក់មិនសូវដាច់ផង។
អ្នកស្រី បានបន្តឲ្យដឹងទៀតថា៖ «មិនត្រឹមតែឡើងតូបទេ សូម្បីថ្លៃទឹក ថ្លៃភ្លើងក៏ឡើងដែរ បើយឺតយ៉ាវបង់ ពីរបីថ្ងៃ ប្រធានផ្សារបានផ្តាច់ទឹក និងភ្លើងពួកយើងព្រមទាំងផាកពិន័យយើងទៀតផង»។
បើយោងតាមសេចក្តីជូនដំណឹង ស្តីពីតម្លៃជួលតូបចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ បានបង្ហាញនូវតួលេខនៃការផ្លាស់ប្តូរតម្លៃពីតូបតូចទៅធំ ក្នុងនោះ ពី១៨ដុល្លារ ទៅ២៤ ដុល្លារ ពី ៩០ ទៅ ១២០ដុល្លារ និងពី ៣២០ ទៅ ៤០០ដុល្លារ។ តួលេខនេះ គឺបង្ហាញថា បានឡើងប្រមាណ៣០ភាគរយ។
តំណាងផ្សារនាគមាសទទួលបន្ទុកផ្នែកបេឡា លោក វែង តាក់ ដែលមានវត្តមាននៅទីនោះបានឲ្យដឹងថា ការដំឡើងថ្លៃនេះ គឺស្របតាមកិច្ចសន្យាកំណត់តែប៉ុណ្ណោះ ប៉ុន្តែកន្លងមក ផ្សារបានយោគយល់មិនទាន់ដំឡើងថ្លៃ៤ ទៅ៥ឆ្នាំមកហើយ។
លោកបានបន្តថា តម្លៃទឹក ភ្លើងបានឡើង គួបផ្សំនឹងការរៀបចំថ្មីរបស់ផ្សារ ត្រូវបើកភ្លើងពេលយប់ដើម្បីការពារទ្រព្យសម្បត្តិអាជីវករ ដូចនេះ ផ្សារក៏ត្រូវការប្រាក់បន្ថែមទៀត ដើម្បីបំពេញទៅលើតម្រូវការនោះ។
លោកបន្ថែមថា៖ «ពេលគាត់លក់អត់សូវដាច់ គាត់មកសំណូមពរថៅកែ សម្រួលចុះថ្លៃ គាត់ (ថៅកែ) សន្យាចុះហើយ ថ្ងៃក្រោយត្រូវដំឡើងបន្តិចវិញឲ្យស្មើនឹងកិច្ចសន្យាដើម រឿងហ្នឹងវាអ៊ីចឹង មិនមែនតែប៉ុន្មានថ្ងៃហ្នឹងទើបឡើងទេ កិច្ចសន្យាមួយឆ្នាំនិយាយមួយសារឿងតម្លៃនេះ»។
អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា ដែលទទួលបន្ទុកចុះអន្តរាគមន៍នៅកន្លែងតវ៉ានោះ បានមានប្រសាសន៍ថា ដើម្បីអាជ្ញាធរងាយស្រួល គឺហៅតំណាងពាក់ព័ន្ធទៅចរចា អាជីវករត្រូវធ្វើជាពាក្យបណ្តឹងមកអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីអាជ្ញាធរអាចកោះហៅភាគីពាក់ព័ន្ធមកជួបចរចា។
លោកបាននិយាយឲ្យដឹងទៀតថា៖ «ការតវ៉ាត្រូវតែមានដំណោះស្រាយ តែដើម្បីឲ្យខ្ញុំអាចដោះស្រាយ ទាមទារលាយលក្ខណ៍អក្សរ ខ្ញុំនឹងជួបភាគីអាជីវករមុន ទើបជួបខាងផ្សារ ហើយហៅភាគីទាំងពីរ ជជែកទល់គ្នា។ តែឥឡូវខ្ញុំអត់មានក្រដាសស្នាមអីទាំងអស់ មានប៉ុន្មានចំណុចសរសេរមកឲ្យអស់មក»។
តំណាងអាជីវករ អ្នកស្រី សំ សារិន មុខរបរលក់ចាប់ហួយ បានឲ្យដឹងកាលពីម្សិលមិញថា ក្រោមកិច្ចអន្ត-រាគមន៍នេះ ភាគីទាំងពីរ នឹងជួបចរចា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខណ្ឌ នៅថ្ងៃពុធ ម៉ោង២។
ផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានបើកដំណើរការជាង ១០ឆ្នាំមកហើយ។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមអាជីវករ បានយកញត្តិរបស់ខ្លួនជុំវិញបញ្ហានេះ ទៅសុំអន្តរាគមន៍ពីគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាម្តងរួចមកហើយ តែពួកគេបានអះអាងថា មិនមានការឆ្លើយតបនោះទេ៕