
អាជីវករផ្សារឯករាជ្យ ២ ជាង ១០០ នាក់ ផ្ទុះការតវ៉ាព្រោះប្រធានផ្សារបិទទ្វារមិនឱ្យលក់ដូរថ្ងៃបុណ្យ។ រូប ហ្វេសប៊ុក
ភ្នំពេញៈ អាជីវករផ្សារឯករាជ្យ ២ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យជាង ១០០ នាក់កាលពីម្សិលមិញបាននាំគ្នាតវ៉ា បន្ទាប់ពីប្រធានផ្សារដែលបិទទ្វារមិនឲ្យលក់ក្នុងថ្ងៃបុណ្យធ្វើឱ្យពួកគេមិនសុខចិត្តដោយសារខាតប្រយោជន៍។
តំណាងអាជីវករម្នាក់ក្នុងចំណោមអ្នកតំណាងជាច្រើនទៀតដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការតវ៉ានេះដោយសារថៅកែបិទមិនឱ្យលក់ក្នុងថ្ងៃបុណ្យដែលជាថ្ងៃលក់ដូរដាច់ពេលកម្មករសម្រាកហើយពេលតវ៉ាគឺថៅកែមិនព្រមចេញមុខទេដោយឲ្យតែតំណាងមកប្រាប់ថា ដាច់ខែតុលានេះប្រគល់ឲ្យអាជីវករគ្រប់គ្រងវិញតែគ្មានលិខិតស្នាមទេ។
អ្នកស្រីថា៖ «កន្លងមកប្រធានផ្សារបានបិទផ្សារ ៣ លើកហើយ បើគិតទាំងថ្ងៃ ២៩ តុលានេះផង។ ថៅកែផ្សារមិនមានដំណោះស្រាយអ្វីទេ ហើយពេលពួកខ្ញុំសុំជួបក៏គេមិនឲ្យជួបដែរ គេឲ្យតែតំណាងមកដាក់ចំណាត់ការចុងក្រោយថាប្រគល់ផ្សារនេះឲ្យអាជីវករគ្រប់គ្រងវិញ»។
បើតាមតំណាងអាជីវករថា ម្ចាស់ផ្សារនេះជាឧកញ៉ា ឈ្មោះ ព្រំ សុធី ដែលបានបញ្ជាឲ្យអ្នកគ្រប់គ្រងផ្សារបិទច្រកចេញចូលផ្សារដោយមិនឲ្យអាជីវករលក់ដូរក្នុងថ្ងៃបុណ្យឡើយ។
លោក វ៉ា សាវឿន ចៅសង្កាត់ ចោមចៅ ៣ បានថ្លែងពីម្សិលមិញថា លោកបានចុះជួយដោះស្រាយដែរ ប៉ុន្ដែមិនទាន់បានលទ្ធផលទេ ព្រោះប្រធានផ្សារមិនចេញមុខមកជួបអាជីវករ។
លោកថា៖ «ខ្ញុំទៅមួយព្រឹករហូតដល់ថ្ងៃត្រង់នេះ គ្មានរកដំណោះស្រាយអីបានទេដោយសារម្ចាស់ផ្សារអត់មកដោះស្រាយគាត់ឲ្យតែតំណាងមកនិយាយស្ដាប់គ្នាអត់បាន ហើយណាមួយគ្មានសិទ្ធិសម្រេចទៀត។ អ៊ីចឹងអត់អាចដោះស្រាយតទៅមុខទៀតកើត»។
បើតាមលោក សាវឿន កន្លងមកមានការដំឡើងថ្លៃលើផ្នែកសន្ដិសុខ និងអនាម័យ ហើយអាជីវករក៏បានយល់ព្រម ប៉ុន្ដែម្ចាស់ផ្សារនៅតែមិនទាន់ដោះស្រាយដោយលើកហេតុផលថាអ្នកមើលថែផ្សារ និងអ្នកធ្វើអនាម័យសម្រាក។
លោកថា៖ «អាជីវករគាត់យល់ព្រមបង់ថ្លៃតាមការកំណត់របស់ផ្សារហើយ ឥឡូវប្រធានគ្រប់គ្រងផ្សារបែរជាខឹងអាជីវករទៅជាបិទផ្សារថ្ងៃបុណ្យអ៊ីចឹងអត់ឲ្យលក់ដូរ។ ដោយគាត់យល់ថាជាថ្ងៃដែលកម្មករមើលថែផ្សារអ្នកអនាម័យត្រូវឈប់សម្រាកទៅវិញ ហើយផ្សារនេះលក់ដាច់តែជាមួយកម្មករទេពេលប្រធានផ្សារបិទថ្ងៃបុណ្យអ៊ីចឹងមានអ្នកណាមកទិញ»។
បើតាមលោក សាវឿន ករណីបិទផ្សារនេះប្រធានផ្សារធ្លាប់ធ្វើច្រើនដងហើយពេលកន្លងមកដោយខាងខណ្ឌ និងសង្កាត់បានសម្របសម្រួល ប៉ុន្ដែខាងប្រធានផ្សារមិនគោរពកិច្ចសន្យា ទើបមានការផ្ទុះការតវ៉ាបែបនេះ។
លោកថា៖ «តូបលក់ដូរនៅផ្សារឯករាជ្យ ២ នេះទើបតែលក់អស់ទេ អាជីវករមកទិញ មានលិខិតផ្ទេរត្រឹមត្រូវ។ អាជីវករចូលមកទិញ មើលឃើញថា មានទឹក មានភ្លើង មានស្ដង់ដារត្រឹមត្រូវ ទើបគាត់ទិញ ឥឡូវបែរជាដល់ថ្ងៃបុណ្យថ្ងៃទាននាំគ្នាបិទ មិនឲ្យលក់ដូរ អ៊ីចឹងឲ្យគាត់រកស៊ីម៉េចកើត»។
លោក សារវឿន បានបញ្ជាក់ថាកន្លងមកក្រុមអាជីវករធ្លាប់ប្ដឹងឲ្យខណ្ឌ និងសង្កាត់ជួយដោះស្រាយដែរ ប៉ុន្ដែខាងម្ចាស់ផ្សារគាត់មិនដែលចុះមកដោះស្រាយដោយខ្លួនឯងជាមួយអាជីវករទេ។
លោកថា៖ «ខ្ញុំគិតថាការតវ៉ារបស់អាជីវករនេះអត់ខុសទេ។ គាត់មិនខុស ដោយសារបានបង់ប្រាក់ទៅតាមការកំណត់របស់ផ្សាររួចហើយ។ ចុះហេតុអីផ្សារនៅតែបិទថ្ងៃបុណ្យបែបនេះ?»។
លោក ឧកញ៉ា ព្រំ សុធី មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក ស៊ាង តំណាងម្ចាស់ផ្សារបានថ្លែងថា ការតវ៉ានេះពីដំបូងខាងផ្សារបានដំឡើងថ្លៃសេវាសន្ដិសុខ និងអនាម័យ ៥ ដុល្លារ ប៉ុន្ដែក្រុមអាជីវករមិនព្រមលុះថ្ងៃផ្ទុះការតវ៉ានេះទើបអាជីវករយល់ព្រម ប៉ុន្ដែបែរជាថៅកែផ្សារឈប់ឯកភាពម្ដងវិញ។
លោកថា៖ «នេះដោយសាររឿងតិចគាត់អត់ចេះយល់ (អាជីវករ) មុនពេលមានបញ្ហានេះខ្ញុំក៏ព្យាយាមពន្យល់គាត់ដែរលើហេតុផលជាច្រើន។ រហូតដល់ឥឡូវពួកគាត់ថាយល់ហើយបញ្ហានេះរហូតសុខចិត្តឡើងថ្លៃឲ្យផ្សារវិញទៀត ប៉ុន្ដែឥឡូវថៅកែគាត់លែងព្រមវិញ»។
យ៉ាងណាក្ដីលោក ស៊ាង បានអះអាងថា៖ «ចំណាត់ការចុងក្រោយបន្ទាប់ពីមានប្រតិកម្មពីពួកគាត់គឺយើងប្រគល់ឲ្យអាជីវករគ្រប់គ្រងដោយខ្លួនឯងហើយផ្សារនឹងលែងគ្រប់គ្រងទៀតហើយពីដំណាច់ខែតុលានេះទៅ»៕