ព្រះវិហារៈ អាជ្ញាធរខេត្ត​ព្រះវិហារ​កាត់​ដី​របស់​រដ្ឋ និង​ដី​ក្រុមហ៊ុន​មេត្រីភាព​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​ ៥៤៦ ​គ្រួសារ​ នៅ​ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ក្រោយពី​ទំនាស់​ដីធ្លី​នេះ​បាន​អូសបន្លាយ​ជាច្រើន​ឆ្នាំ​។ ពលរដ្ឋ​យល់ព្រម​ទទួល​យក​ដី​ដែល​អាជ្ញាធរ​បែងចែក​ជូន​ក្នុង​ ១ ​គ្រួសារ ​បាន​ចំនួន​ ២ ​ហិកតា ប៉ុន្ដែ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បែងចែក​មាន​តម្លាភាព និង​យុត្តិធម៌​។

លោក​ សំ សារឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​ព្រះវិហារ​ប្រាប់​ពី​ថ្ងៃ​ទី​ ១៧ ​មិថុនា​ ថា ប្រជាពលរដ្ឋ​ចំនួន​ ៥៤៦ ​គ្រួសារ​ បាន​យល់ព្រម​ទទួល​យក​ដីសម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​ហើយ​។ ពួកគាត់​បាន​យល់ព្រម​ទទួល​យក​ក្នុង​ ១ ​គ្រួសារ ​ចំនួន​ ២ ​ហិកតា​។ អាជ្ញាធរ​បានចាប់ផ្ដើម​វាស់វែង និង​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់​ចាប់ពី​ថ្ងៃទី​ ១៥ ខែមិថុនា ដល់​ថ្ងៃទី​ ១៥ ខែកក្កដា​ ខាងមុខនេះ​។

លោក​បន្តថា ពួកគាត់​ទាំងនេះ​ជា​ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​ឧត្តរមានជ័យ កំពង់ចាម ស្វាយរៀង ព្រៃវែង បន្ទាយមានជ័យ ក្រចេះ និង​ខេត្ត​មួយចំនួន​ទៀត​។ ពួកគាត់​បាន​នាំគ្នា​មក​រុករាន​ទន្ទ្រាន​យក​ដី ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយចំនួន និង​មួយចំណែក​ទៀត​ជា​ដី​របស់​ក្រុមហ៊ុន​មេត្រីភាព​។ ក្រោយមក​បាន​កើត​រឿងរ៉ាវ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​មេត្រីភាព​រយៈពេល​ជាច្រើន​ឆ្នាំ​។

លោក​ សារឿន បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៧ ខែមិថុនា​ នេះ យើង​បាន​វាស់វែង​ពុះ​ជា​ឡូត៍ៗ​ចែកជូន​ពលរដ្ឋ​បាន​ចំនួន​ ១៨ ​គ្រួសារ ហើយ​អ្នក​ដែល​ដាក់ពាក្យ​មក​បន្តបន្ទាប់​ទៀត យើង​នឹង​បន្ត​វាស់វែង​ពុះឡូត៍​ជូន​គាត់​ទៀត​រហូត​ដល់​ថ្ងៃទី​ ១៥ ខែ​កក្កដា នឹង​បិទ​បញ្ចប់​ទាំង​ការដាក់​ពាក្យសុំ​ដី និង​បញ្ចប់​ទាំង​ការវាស់វែង​ដី​ជូន​ពួកគាត់​។ បើ​ពួកគាត់​មិន​មក​ដាក់​ឲ្យ​បាន​មុន​ថ្ងៃទី​ ១៥ ​កក្កដា​ ទេ ពួកគាត់​នឹង​គ្មាន​ឱកាស​ទទួល​បាន​ដី​នេះ​ទេ​»​។

លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ភ្នំពេញ​តាម​ការ​អូសទាញ ឬ​ញុះញង់​ពី​មេខ្យល់​មួយចំនួន​តូច ប្រញាប់​ត្រឡប់​មក​ចុះ​ឈ្មោះ​ទទួល​យក​ដី​ ២ ​ហិកតា ដែល​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​បែងចែក​ជូន​ដើម្បី​បន្ត​ធ្វើ​ជា​ប្លង់រឹង​ជូន​ឲ្យ​ស្របច្បាប់​នាពេល​ដ៏ខ្លី​ខាងមុខនេះ​។

លោក​ ឈឺន ធីម អាយុ​ ៥០ ​ឆ្នាំ​ ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ ៥៤៦ ​គ្រួសារ ​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​និយាយថា លោក​បានទទួល​ដី​ ២ ​ហិកតា ​ពី​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត​។ លោក​ទទួល​យក​ដី​នេះ​ដោយ​មិន​មាន​ការតវ៉ា​អ្វី​បន្តទៀត​ទេ​។

លោក​ប្រាប់ថា​៖ «​ស្រុកកំណើត​ខ្ញុំ​នៅ​ខេត្ត​ឧត្តរមានជ័យ​ ប៉ុន្ដែ​គ្រួសារ​ខ្ញុំ​បាន​មក​រកស៊ី​នៅ​តំបន់​នេះ​ចាប់ពី​ឆ្នាំ​ ២០១០ ​មក​។ ក្រោយមក​ក្រុមហ៊ុន​មេត្រីភាព​បានមក​ឈូសឆាយដី​របស់​ពួកខ្ញុំ​ខំ​កាប់​រាន ព្រមទាំង​មាន​ផលដំណាំ​មួយចំនួន​ទៀត​។ ​បន្ទាប់មក​ពួកខ្ញុំ​ខំ​តវ៉ា​រហូត ហើយ​ទើប​តែ​អាជ្ញាធរ​សម្រេច​កាត់​ឆ្វៀល​ដី​នេះ​ឲ្យ​ពួកខ្ញុំ​វិញ​។ តែ​ពី​មុនដី​ខ្ញុំ​មាន​ជាង​ ២០ ​ហិកតា​ឯណោះ តែ​ក្រុមហ៊ុន​ឈូសឆាយ​យក​អស់​»​។

លោក​ ឡោ ចាន់ មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ (ADHOC) ខេត្តព្រះវិហារ​ថ្លែងថា លោក​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​ដែល​ពលរដ្ឋ​អាច​ទទួល​យក​ដោយ​សន្ដិវិធី និង​អហិង្សា​។ លោក​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ និង​កាត់​ដី​ចែកជូន​ពលរដ្ឋ​ដោយ​តម្លាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​ឯកភាព​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​សង្គម​ស៊ីវិល ខ្ញុំ​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី​នេះ​ជជែក​គ្នា​ ឬ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ ដើម្បី​បញ្ចប់ទំនាស់ ឬ​ការតវ៉ា​ទៀត​។ ព្រោះ​ខ្ញុំ​មើល​ទៅ​ជម្លោះ​ដីធ្លី​នេះ​បាន​អូសបន្លាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ហើយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​ពួកគាត់ ហើយ​អាជ្ញាធរ​ក៏​ពិបាក​ក្នុង​ការទប់ស្កាត់​ពេល​ពួកគាត់​តវ៉ា​ដែរ​។ អ៊ីចឹង​ភាគី​ទាំង​ ២ ​រក​ដំណោះស្រាយ​ល្អ​មួយ​បញ្ចប់រឿង​ទៅ វា​ល្អ​ហើយ​»​។

តំណាង​ក្រុមហ៊ុន​មេត្រីភាព​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការកាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ទាំង ៥៤៦ ​គ្រួសារ​នេះ​បានទេ​។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះវិហារ​ចុះ​ថ្ងៃទី​ ១២ ​មិថុនា ដែល​ផ្សព្វផ្សាយ​នា​សប្តាហ៍​នេះ​ប្រាប់​ពលរដ្ឋ​ទាំង​ ៥៤៦ ​គ្រួសារ ​ឲ្យ​មក​ទទួល​ពាក្យស្នើសុំ​ដី សម្បទាន​សង្គមកិច្ច និង​ទទួល​ការណែនាំ បន្ថែម​ពី​របៀប​បំពេញ​បែបបទ ព្រមទាំង​លិខិតបទដ្ឋាន​នានា​នៅ​ស្នាក់ការ​របស់​ក្រុមហ៊ុន​មេត្រីភាព ស្រែ​ក្រសាំង រយៈពេល ៣០ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥ ​មិថុនា​ ដល់​ថ្ងៃទី​ ១៥ ខែ កក្កដា ឆ្នាំ​ ២០២០ ​កុំបី​ខាន​៕