កំពតៈ អាជ្ញាធរ​ខេត្តកំពត​បាន​កាយ​អាចម៍ដី​ដែល​ត្រូវបាន​គេ​ចាក់​រំលោភ​ចូលទៅ​ក្នុង​ដៃ​ព្រែក​ក្បាល​រមាស​ដោយ​ខុស​ច្បាប់​ក្នុង​ស្រុក​ទឹកឈូ ចេញ​វិញ​បាន​ប្រមាណ ៨៥ ភាគរយ​ហើយ ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ករណី​លួច​កាប់​រាន​ដី​ព្រៃកោងកាង​នៅក្នុង​ស្រុក​នេះ និង​បាន​ព្រមាន​ចាត់​វិធានការ​តាមច្បាប់​ចំពោះ​ជន​ប្រព្រឹត្តល្មើស​។

អាជ្ញាធរ​ខេត្ត​កំពត​កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ យក​គ្រឿងចក្រ​ទៅ​កាយ​យក​អាចម៍ដី​ដែល​បាន​ចាក់​រំលោភ​ចូល​ទៅក្នុង​ដៃ​ព្រែក​ក្បាល​រមាស​ជាប់​នឹង​ផ្លូវជាតិ​លេខ ៣៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំក្រៀល ស្រុក​ទឹកឈូ​នោះ​ចេញ​បន្ទាប់ពី​រកឃើញ​ថា​បាន​ចាក់​រំលោភ​ចូលទៅក្នុង​ព្រែក​នេះ​ដោយ​ខុសច្បាប់​។

លោក សូ ប៊ុនធឿន អធិការរង​ស្រុក​ទឹកឈូ​បាន​ថ្លែងថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​នេះ​អាជ្ញាធរ​ក៏​បាន​កាយ​ដី​ចេញពី​ព្រែក​នោះ​វិញ ដែល​រហូត​មក​ដល់ពេល​នេះ​នៅសល់​ប្រមាណ​តែ ១៥ ភាគរយ​ទៀត​ប៉ុណ្ណោះ​ ដោយ​បាន​ប្រើ​គ្រឿងចក្រ​កាយ​មួយគ្រឿង និង​ឡាន​ដឹក​អាចម៍ដី​ជាច្រើន​គ្រឿង​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​ដំណើរការ​កាយ​ចេញ​រាល់ថ្ងៃ បើ​គិត​មក​ដល់​ថ្ងៃនេះ គឺ​យើង​បាន​ចំណាយពេល​កាយ​ដី​ចេញ​រយៈពេល​ ៣ ​ថ្ងៃ​ហើយ​។ យើង​នឹង​ធ្វើ​ព្រែក​នេះ​ឲ្យ​ដូច​សភាព​ដើម​វិញ ព្រោះ​បើ​កាយ​ដី​អស់ ប្រឡាយ​សងខាង​ហើយ​ និង​ផ្លូវ​នេះ​វា​នឹង​នៅ​ដដែល​»​។

ជាមួយ​នឹង​ការចាក់ដី​លុប​ព្រែក​ក្បាល​រមាស​នេះ​ដែរ​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពត​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការចាក់ដី​ចូល​ព្រែក​នេះ ដោយសារ​តែ​ម្ចាស់​ដី​ចាក់​ច្រឡំ​ដី​របស់​ខ្លួន​ដែល​ទទួល​បាន ស.ជ.ណ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​មោឃភាព​ទៅហើយ​។ លោក​ ធា មិនបាន​បញ្ជាក់​ឲ្យ​ដឹង​នោះទេ​ថា តើ​បុគ្គល​ដែល​ចាក់ដី​លុប​ព្រែក​ក្បាល​រមាស​នោះ ជា​នរណា​ឡើយ​។

ចំណែក​ករណី​លួច​កាប់​ព្រៃ​កោងកាង​ជាច្រើន​ហិកតា​នៅ​តំបន់​ឆ្នេរ​ក្នុង​ភូមិ​ចង្ហោន ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ​នេះ​ដែរ​លោក ស៊ុយ ធា បាន​អះអាង​ថា ជំនាញ​កំពុង​បន្ត​ចុះ​ស៊ើបអង្កេត​ដោយ​មិនទាន់​ទទួល​បាន​របាយការណ៍​នៅឡើយ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​៖ «​បើសិន​ជា​រកឃើញ​ថា​មាន​ការកាប់បំផ្លាញ​ព្រៃកោងកាង​យើង​នឹង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ជាពិសេស​គឺ​យើង​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ជលផល​ដែល​ខាង​ជលផល​ជា​អ្នកទទួល​ខុសត្រូវ​លើ​បញ្ហា​នេះ​»​។

កាលពី​សប្តាហ៍​មុន ប្រជាសហគមន៍ និង​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​កំពត​បាន​រាយការណ៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មាន​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​ប្រមាណ​ពី ៥ ទៅ ១០ នាក់​តែងតែ​ចូល​លួច​ទៅ​កាប់ឆ្ការ​ព្រៃកោងកាង​ធម្មជាតិ នៅពេល​យប់​ដែល​មាន​សភាព​ស្ងប់ស្ងាត់​អស់​ជាច្រើន​ហិកតា​នៅ​តាម​បណ្ដោយ​មាត់សមុទ្រ ថែម​ទាំង​លួច​ធ្វើ​ព្រំដី​ដោយ​មិន​មាន​មន្ត្រី​ណា​ម្នាក់​ដឹងឮ​នោះឡើយ​។

យ៉ាងណាក្តី​លោក ជាវ តាយ អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចំពោះ​ករណី​កាប់ឆ្ការ​រាន​ព្រៃកោងកាង​នេះ អាជ្ញាធរ​កំពុង​មាន​វិធានការ និង​ធានា​មិន​ឲ្យ​បុគ្គល​ណា​ធ្វើ​អំពើ​រំលោភ​ដោយ​គ្មាន​វិធានការ​នោះទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ឲ្យ​ក្រុមការងារ​ដែល​ធ្វើការ​លើ​រឿង​ហ្នឹង​ធ្វើ​របាយការណ៍ ដើម្បី​ដាក់​ក្នុង​អង្គប្រជុំ​គណៈអភិបាល​ដើម្បី​រាយការណ៍​ក្នុងពេល​ខាងមុខ​។ យើង​មាន​ច្បាប់​របស់​យើង បើ​រកឃើញ​ថា​ខុសច្បាប់ យើង​ធ្វើ​តាម​ច្បាប់​»៕