កែបៈ រដ្ឋបាលខេត្ត​កែប និង​ក្រសួងបរិស្ថាន​បានកំណត់​អត្តសញ្ញាណ​ក្បាលដី​ចំនួន​ ២៧៥ ​ក្បាលដី ស្មើនឹង​ ១៧៦ ​ហិកតា​​ ដើម្បី​រៀបចំ​កាត់​ឆ្វៀល​ចែកជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​លើដី​ជាក់ស្តែង​ក្នុង​ភូមិសាស្ត្រ ឧទ្យាន​ជាតិ​ខេត្ត​កែប ស្ថិត​ក្នុង​ក្រុងកែប ខេត្ត​កែប​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា លទ្ធផល​បឋម​​ដែល​រដ្ឋបាលខេត្ត និង​ក្រសួងបរិស្ថាន​បាន​ចុះទៅ​ពិនិត្យ​មើល​ពាក្យស្នើសុំ និង​កាន់កាប់​ដី​ជាក់ស្តែង​មាន​ទាំង​ដំណាំ និង​សំណង់​មាន​ចំនួន ១៧៦ ​ហិកតា ស្មើនឹង​ក្បាលដី​សរុប​ ២៧៥ ​ក្បាលដី​លើ​ពាក្យស្នើសុំ​ជាង​ ៤០០ ​ក្បាលដី​។

លោក សោម ពិសិដ្ឋ បន្តថា​ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​​បាន​សហការ​គ្នា​ចុះ​ធ្វើការងារ​នេះ​​យ៉ាង​លម្អិត ដោយ​បាន​ចុះទៅ​ពិនិត្យ​ផ្ទាល់ មិន​ក្រោម​ ១០ ​ដង​ទេ ហើយ​ធ្វើតាម​បទដ្ឋាន​គតិយុត្ត​ចាប់ពី​ខែ​កក្កដា ឆ្នាំមុន​​រហូត​មក​ទល់​បច្ចុប្បន្ន​។

លោក​ពន្យល់​ថា វិធីសាស្ត្រ​ដោះស្រាយ​គឺ​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រីខេត្ត និង​មន្ត្រី​បរិស្ថាន​ដើម្បី​ពិនិត្យ​ឯកសារ អត្តសញ្ញាណកម្ម​ក្បាលដី​ពី​អ្នក​ស្នើសុំ និង​ការកត់​ទិន្នន័យ​លើ​អត្តសញ្ញាណកម្ម​ដោយ​ប្រើប្រាស់ GPS និង Drone ថត​ពីលើ​អាកាស​។

ទោះជា​យ៉ាងណា​ក្នុង​ចំណោម​ក្បាលដី​ដែល​បាន​កំណត់​រួច​គឺ​​មិនត្រូវ​បាន​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​ទាំងអស់​ទេ ដោយសារ​ដី​ខ្លះ មាន​ចំណោត​ខ្លាំងពេក និង​ខ្លះ​​ប៉ះពាល់​ដល់​ឧទ្យាន​ខេត្ត​កែប​។

តាម​ការពិនិត្យ​ជាក់ស្តែង​មាន​កាត់​ឆ្វៀល​ទាំងស្រុង​មាន​កាត់ផ្នែក​ខ្លះ និង​ផ្តល់ជូន​ខ្លះ​។

លោក​បញ្ជាក់ថា​៖ «​មាន​ឱ្យ​ ១០០ ​ភាគរយ​មាន​ឱ្យ​ខ្លះ និង​មាន​ឱ្យ​តាម​ភាពជាក់ស្តែង​​ដែល​មាន​ដំណាំ​ចម្ការ សំណង់​តាំងពី​ឆ្នាំ​ ១៩៩៤-១៩៩៥ ដែល​គាត់​មាន​បណ្ណ​ស្លាបមាន់​ដែល​មាន​មុន​មានច្បាប់​ការពារ​កើតឡើង​»​។ បើតាម​លោក សោម ពិសិដ្ឋ របាយការណ៍​នេះ​នឹងត្រូវ​​ផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​បន្តទៀត​។

អ្នកសម្របសម្រួល​សមាគម​អាដហុក​ (Adhoc) ប្រចាំ​នៅ​ខេត្ត​កែបកំពត​លោក យន់ ផល្លី បាន​ឱ្យដឹង​ដែរ​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ពី​ការចុះ​ទៅ​ពិនិត្យ និង​កាត់​ឆ្វៀល​ដី​អាស្រ័យផល​ជាក់ស្តែង​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ខេត្ត​កែប​នេះ​ទេ​។ ប៉ុន្តែ​ជា​ធម្មតា ប្រសិន​បើ​ការវាស់វែង​ ឬ​ឆ្វៀល​ដី​ប៉ះពាល់​ដំណាំ​របស់​ពលរដ្ឋ​អាច​នឹងមាន​ការតវ៉ា​កើតឡើង​ហើយ​។

យ៉ាងណាក្ដី​លោក​ថ្លែងថា លោក​នឹង​ចុះ​ទៅ​ស្វែងរក​ព័ត៌មាន​លម្អិត​ជុំវិញ​ការកាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ដែល​អាស្រ័យផល​​ជាក់ស្តែង​នេះ ថា​តើ​មាន​ផលប៉ះពាល់​យ៉ាងណា ឬ​ក៏​មិនមាន​​ផលប៉ះពាល់​លើ​ការកាន់កាប់​ជាក់ស្តែង​របស់​ពលរដ្ឋ​។

ឧទ្យាន​ជាតិ​កែប​មាន​ផ្ទៃដី​ ៥ ០០០ ​ហិកតា ​ត្រូវ​បានសម្រេច​ និង​ប្រកាស​ដាក់​ឧទ្យាន​ជាតិ​កែប​ដោយ​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ​សម្តេចព្រះ​បរមរតនកោដ្ឋ ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ពីថ្ងៃ​ទី​ ១ ខែ ​វិច្ឆិកា ឆ្នាំ​ ១៩៩៣ ដែល​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​ ១៦ ​ខាងត្បូង​ជាប់​នឹង​ឆ្នេរសមុទ្រ​ខាង​កើត និង​ខាងលិច​ជាប់​នឹង​ផ្លូវជាតិ​លេខ​ ១៦២៕