
ភ្ញៀវទេសចរទៅលេងឆ្នេរតាបារាំង កាលពីឆ្នាំ ២០១៩។ ហុង មិនា
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសជាសាធារណៈដល់ពលរដ្ឋដែលបានសាងសង់សំណង់ប្រកបអាជីវកម្មនៅលើឆ្នេរ ពយយាយម៉ី និងឆ្នេរតាបារាំង ដែលជាដីចំណីឆ្នេរសាធារណៈរបស់រដ្ឋក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដោយខុសច្បាប់ត្រូវរុះរើចេញនៅក្នុងអំឡុងខែនេះ ដោយបានដាក់ឱសានវាទត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ។
សេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចេញថ្ងៃទី ២ ខែកុម្ភៈ បានឱ្យដឹងថា៖ «ក្នុងករណីមិនរុះរើទេ រដ្ឋបាលខេត្តនឹងសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងហាវ ចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិឡើយ»។
សេចក្ដីជូនដំណឹងនេះបានឱ្យដឹងថា ពលរដ្ឋកំពុងរស់នៅ និងប្រកបអាជីវកម្មត្រង់ចំណុចពយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដោយបានសាងសង់អ្វីៗនៅទីនោះគឺស្ថិតនៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភណភាពឆ្នេរ។
លោក ឆាយ សុគន្ធដារ អភិបាលស្រុកស្ទឹងហាវប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អាជ្ញាធរស្រុកធ្លាប់ជូនដំណឹងដល់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មនៅតំបន់នោះ ម្តងរួចមកហើយ ប៉ុន្តែពួកគាត់មិនសហការរុះរើចេញទេ ទើបស្នើសុំគោលការណ៍ពីរដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងថ្មីមួយទៀត។
លោកថ្លែងថា៖ «ការមានវិធានការឱ្យប្រជាពលរដ្ឋរុះរើចេញពេលនេះ ដើម្បីអាជ្ញាធរអាចគ្រប់គ្រង និងការពារឆ្នេរឱ្យបានត្រឹមត្រូវ កុំឱ្យពលរដ្ឋមានការកាប់ទន្ទ្រានគ្មានសណ្តាប់ធ្នាប់ ដែលនាំឱ្យពិបាកក្នុងការអភិវឌ្ឍនៅពេលក្រោយ»។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលអង្គការអាដហុកថ្លែងថា អាជ្ញាធរគួរតែមានការកំណត់កន្លែងទេសចរណ៍ និងកន្លែងលក់ដូរឱ្យច្បាស់៕